Media

11
Jul
2024
នាល្ងាចថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានទទួលជួប ឯកឧត្តម TSUGE Yoshifumi រដ្ឋលេខាធិការនៃក្រសួងការបរទេសជប៉ុន ដេីម្បីពិភាក្សាការងារអំពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកម្ពុជា-ជប៉ុន។ ក្រោយពីបានសម្តែងការគួរសមទៅវិញទៅមករួចមក ឯកឧត្តម TSUGE Yoshifumi បានមានប្រសាសន៍ដូចខាងក្រោម៖ -បានថ្លែងអំណរគុណដល់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្ញើសារលិខិតរំលែកទុក្ខ និងសមានចិត្ត ដល់រដ្ឋាភិបាល និងប្រជាជនជប៉ុន ជាពិសេសចំពោះអ្នកដែលទទួលរងគ្រោះធម្មជាតិរញ្ជួយដីនៅខេត្ត Ishikawa កាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ និងបានគូសបញ្ជាក់ផងដែរថា រដ្ឋាភិបាលជប៉ុន ត្រៀមនឹងជួយសម្រួល ក្នុងករណីបងប្អូនពលករ សិស្សនិស្សិតកម្ពុជា ដែលកំពុងស្នាក់នៅ ធ្វើការ និងសិក្សានៅខេត្ត Ishikawa ជួបបញ្ហានានា ពេលមានគ្រោះរញ្ជួយដីនៅតំបន់នោះ -បានរំលឹកពីលទ្ធផលជោគជ័យប្រកបដោយផ្លែផ្កា នៃជំនួបកំពូលទ្វេភាគីរវាង ឯកឧត្តមនាយករដ្ឋមន្ត្រី Fumio Kishida និងសម្តេច មហាបវរធិបតី នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ ក្នុងឱកាសនៃកិច្ចប្រជុំកំពូលរំលឹកខួប ៥០ឆ្នាំ នៃកិច្ច សហប្រតិបត្តិការ និងមិត្តភាពអាស៊ាន-ជប៉ុន និងខួបលើកទី៧០ នៃទំនាក់ទំនងការទូតរវាងកម្ពុជា និងជប៉ុន ដោយក្នុងឱកាសនោះមានការចុះហត្ថលេខាលើឯកសារចំនួន ៤ ផងដែរ ពាក់ព័ន្ធនឹងការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមឌីជីថលនៅកម្ពុជា និងបានរំលឹកអំពីការទទួលស្គាល់ដោយនាយករដ្ឋមន្ត្រីទាំងពីរប្រទេស លើសារៈសំខាន់នៃការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន រួមទាំងវិស័យសន្តិសុខ និងសន្តិសុខតាមប្រព័ន្ធអ៊ីនធើណែត -ជប៉ុន នឹងបន្តកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា បន្តទៀតឱ្យស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជានាពេលខាងមុខ។ ជាការឆ្លើយតប ឯកឧត្ដម ឯកអគ្គរាជទូត បានសម្តែងនូវអំណរគុណចំពោះរដ្ឋាភិបាលជប៉ុន ដែលបានកំពុងយកចិត្តទុកដាក់ដល់កម្មសិក្សាការី-ពលករជំនាញកម្ពុជា ដែលស្នាក់នៅធ្វើការនៅតំបន់ដែលបានទទួលរងគ្រោះដោយគ្រោះធម្មជាតិរញ្ជួយដី និងនៅតាមតំបន់នានាក្នុងប្រទេសជប៉ុន។ ឯកឧត្តម ឯកអគ្គរាជទូត ក៏បានរំលឹកផងដែរអំពីការដំឡើងទំនាក់ទំនងកម្ពុជា-ជប៉ុន ទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ តាមរយៈគម្រោងកិច្ចសហប្រតិបត្តិការជាក់ស្តែងលើគ្រប់វិស័យ ដែលត្រូវបានឯកភាពដោយនាយករដ្ឋមន្ត្រីទាំងពីរប្រទេស កាលពីឆ្នាំ២០២៣ ដែលជាឆ្នាំពិសេសនៃខួប៧០ឆ្នាំនៃទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងប្រទេសជប៉ុន ព្រមទាំងបានថ្លែងអំណរគុណក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ដល់រដ្ឋាភិបាលជប៉ុន ចំពោះការរួមចំណែកក្នុងដំណើរការសន្តិភាពនៅកម្ពុជា តាំងពីឆ្នាំ១៩៩០ និងការបន្តជួយអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅកម្ពុជារហូតដល់បច្ចុប្បន្ននេះ ។ នៅចុងបញ្ចប់ ឯកឧត្តម ឯកអគ្គរាជទូត បានប្តេជ្ញានឹងបន្តពង្រឹង និងពង្រីកមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាង ព្រះរាជាណាចក្រកម្ពុជានិងជប៉ុន ឱ្យកាន់តែរឹងមាំ និងជិតស្និទ្ធិថែមទៀត ក្នុងឱកាសកំពុងបំពេញបេសកកម្មការទូតនៅប្រទេសជប៉ុន៕