collections
សាលាក្រុងអូសាកាបានផ្តល់រថយន្តដឹកសំរាមធុនតូច ១០គ្រឿងជូនប្រជាជនកម្ពុជា ក្រុងអូសាកា, នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ ឯកឧត្ដម ទុយ រី ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសជប៉ុន និងសហការី បានចូលរួមក្នុងពិធីប្រគល់រថយន្តដឹកសំរាមធុនតូច (ប្រេីប្រាស់រួច) ចំនួន ១០គ្រឿង ប្រគល់ដោយអគ្គនាយកបរិស្ថាន លោក Horii Hisashi នៃសាលាក្រុងអូសាកា ជូនដល់ក្រសួងបរិស្ថានតាមរយៈសមាគមជប៉ុនកម្ពុជា (JCA) និងស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុន។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្ដមក៏បានជួបពិភាក្សាជាមួយលោក Kaneko Masatoshi នាយកគ្រប់គ្រង និងលោក Sumikawa Kazunori អ្នកគ្រប់គ្រងរោងចក្រ និងបានអញ្ជេីញទស្សនៈកិច្ចអំពីដំណេីរការនៃការ ដុតសំរាម នៅក្នុងរោងចក្រ Nishidoyo នៃខេត្តអូសាកាដែលអាចដុតសំរាម បាន ៦០០តោន ក្នុង១ថ្ងៃ។ ឯកឧត្ដម មានចំណាប់អារម្មណ៍ខ្ពស់ទៅលេីបច្ចេកវិទ្យាដុតសំរាម និងការទាញយកប្រយោជន៍ពីការដុតសំរាមដូចជា ៖ ទាញយកអគ្គិសនីដែលអាចផ្តត់ផ្គង់ដល់ប្រជាជនប្រមាណ ១៥,០០០ ខ្នងផ្ទះ និងច្នៃកាកសំណល់ជាផេះសម្រាប់ចាក់លុបបំពេញដីជាដេីម។ បន្ទាប់មកឯកឧត្តមក៏បានស្តាប់បទបង្ហាញរបស់លោក Honda Shunichi មកពីអង្គការ UNEP អំពីការកែច្នែសំរាមប្លាស្ទិកឱ្យក្លាយទៅជាអាវ និងគម្រោងកែច្នៃសំរាមប្លាស្ទិកដែលនឹងអញ្ជើញទៅជួបពិភាក្សាការងារជាមួយស្ថាប័នពាក់ព័ន្ធនៅប្រទេសកម្ពុជានៅខែមីនាខាងមុខនេះ។ ជាចុងក្រោយ ឯកឧត្ដមបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតដល់រដ្ឋាភិបាលជប៉ុន និងប្រជាជនជប៉ុនដែលបានតែងតែយកចិត្តទុកដាក់ និងចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសកម្ពុជា ជាពិសេសផ្តោតទៅលេីការធ្វើឱ្យប្រសើរឡើងនូវបរិស្ថានល្អនៅក្នុងប្រទេសកម្ពុជា ជាហេតុធ្វើឱ្យប្រជាជនជប៉ុន និងប្រជាជនកម្ពុជាអាចផ្សារភ្ជាប់ទំនាក់ទំនងល្អរវាងគ្នានឹងគ្នាយ៉ាងជិតស្អិតបន្តទៅមុខទៀត៕