Media Album
collections
នៅ​ថ្ងៃទី២៤​ ខែកុម្ភៈ ឆ្នាំ​២០២៤ ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជា​ប្រចាំ​ប្រទេស​ជប៉ុន បាន​ដឹក​នាំ​កិច្ចប្រជុំ​គណៈកម្មាធិការ​រៀបចំ​ពិព័រណ៍កម្ពុជា លើកទី៨ ឆ្នាំ​២០២៤ (8th Cambodia Festival 2024) និងមាន​ការ​ចូល​រួម​ពី​មន្រ្តី​ស្ថានទូត តំណាង​សហគមន៍ខ្មែរ តំណាង​សមាគមនិស្សិតខ្មែរ​ និង​មិត្តជប៉ុន​ដែល​ស្រលាញ់​វប្បធម៌ខ្មែរ។ សូម​គូស​បញ្ជាក់ជូន​ថា ស្ថានឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេសជប៉ុន​ នឹង​រៀបចំ​កម្មវិធី​ពិព័រណ៍កម្ពុជា លើកទី៨ នៅ​ថ្ងៃទី ៣-៤ ខែឧសភា ឆ្នាំ​២០២៤ នៅ​ឧទ្យាន​យ៉ូៗគិ (Yoyogi Park) ក្នុងទីក្រុងតូក្យូ។ សម្រាប់​ព័ត៌មាន​បន្ថែម​ស្ថានទូត​នឹង​ជម្រាប​ជូន​នៅ​ពេល​ក្រោយ៕
collections
នៅរសៀលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តមឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន​ បានទទួលជួបជាមួយលោក​ Ueno Kohei ប្រធានក្រុមហ៊ុន​YUIME និង​សហការី​ ដែលជា​ក្រុមហ៊ុន​គ្រប់គ្រង​ពលករ​ជំនាញ​ផ្នែក​កសិកម្ម​ដ៏ធំមួយ​ក្នុងប្រទេសជប៉ុន​ ដេីម្បី​ពិភាក្សា​លេី​គម្រោងជ្រេីសរេីស​ពលករ​ជំនាញ​កម្ពុជា​ផ្នែក​កសិកម្ម​បន្ថែមទៀត។ ​ក្រុមហ៊ុន​មាន​ចក្ខុវិស័យ​ខ្ពស់ផ្តោតទៅលេី​ការ​វិលត្រឡប់​ទៅ​មាតុ​ប្រទេស​វិញ​របស់ពលករជំនាញកម្ពុជា​ ក្រោម​ការ​ជ្រោមជ្រែង​របស់​ក្រុមហ៊ុនអាច​បង្កបង្កេីន​ផលដេីម្បីផ្គត់ផ្គង់​ក្នុង​ទីផ្សារ​ក្រោមស្លាក​ Made by Japan។ ឯកឧត្តមឯកអគ្គរាជទូតកម្ពុជាបានសំដែងនូវការគាំទ្រលេី​គម្រោងរបស់​ក្រុមហ៊ុន​ និងថ្លែង​អំណរគុណ​ដល់​ក្រុមហ៊ុន​ដែលតែងតែ​យកចិត្តទុកដាក់​មេីលថែទាំ​ពលករ​ជំនាញ​កម្ពុជា​ និងបានផ្តល់​ និងបង្កេីនឱកាស​ការងារ​ជូនដល់​ពលករ​ជំនាញ​កម្ពុជា​ផងដែរ។
collections
នាល្ងាចថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានទទួលជួប ឯកឧត្តម TSUGE Yoshifumi រដ្ឋលេខាធិការនៃក្រសួងការបរទេសជប៉ុន ដេីម្បីពិភាក្សាការងារអំពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកម្ពុជា-ជប៉ុន។ ក្រោយពីបានសម្តែងការគួរសមទៅវិញទៅមករួចមក ឯកឧត្តម TSUGE Yoshifumi បានមានប្រសាសន៍ដូចខាងក្រោម៖ -បានថ្លែងអំណរគុណដល់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្ញើសារលិខិតរំលែកទុក្ខ និងសមានចិត្ត ដល់រដ្ឋាភិបាល និងប្រជាជនជប៉ុន ជាពិសេសចំពោះអ្នកដែលទទួលរងគ្រោះធម្មជាតិរញ្ជួយដីនៅខេត្ត Ishikawa កាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ និងបានគូសបញ្ជាក់ផងដែរថា រដ្ឋាភិបាលជប៉ុន ត្រៀមនឹងជួយសម្រួល ក្នុងករណីបងប្អូនពលករ សិស្សនិស្សិតកម្ពុជា ដែលកំពុងស្នាក់នៅ ធ្វើការ និងសិក្សានៅខេត្ត Ishikawa ជួបបញ្ហានានា ពេលមានគ្រោះរញ្ជួយដីនៅតំបន់នោះ -បានរំលឹកពីលទ្ធផលជោគជ័យប្រកបដោយផ្លែផ្កា នៃជំនួបកំពូលទ្វេភាគីរវាង ឯកឧត្តមនាយករដ្ឋមន្ត្រី Fumio Kishida និងសម្តេច មហាបវរធិបតី នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ ក្នុងឱកាសនៃកិច្ចប្រជុំកំពូលរំលឹកខួប ៥០ឆ្នាំ នៃកិច្ច សហប្រតិបត្តិការ និងមិត្តភាពអាស៊ាន-ជប៉ុន និងខួបលើកទី៧០ នៃទំនាក់ទំនងការទូតរវាងកម្ពុជា និងជប៉ុន ដោយក្នុងឱកាសនោះមានការចុះហត្ថលេខាលើឯកសារចំនួន ៤ ផងដែរ ពាក់ព័ន្ធនឹងការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមឌីជីថលនៅកម្ពុជា និងបានរំលឹកអំពីការទទួលស្គាល់ដោយនាយករដ្ឋមន្ត្រីទាំងពីរប្រទេស លើសារៈសំខាន់នៃការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន រួមទាំងវិស័យសន្តិសុខ និងសន្តិសុខតាមប្រព័ន្ធអ៊ីនធើណែត -ជប៉ុន នឹងបន្តកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា បន្តទៀតឱ្យស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជានាពេលខាងមុខ។ ជាការឆ្លើយតប ឯកឧត្ដម ឯកអគ្គរាជទូត បានសម្តែងនូវអំណរគុណចំពោះរដ្ឋាភិបាលជប៉ុន ដែលបានកំពុងយកចិត្តទុកដាក់ដល់កម្មសិក្សាការី-ពលករជំនាញកម្ពុជា ដែលស្នាក់នៅធ្វើការនៅតំបន់ដែលបានទទួលរងគ្រោះដោយគ្រោះធម្មជាតិរញ្ជួយដី និងនៅតាមតំបន់នានាក្នុងប្រទេសជប៉ុន។ ឯកឧត្តម ឯកអគ្គរាជទូត ក៏បានរំលឹកផងដែរអំពីការដំឡើងទំនាក់ទំនងកម្ពុជា-ជប៉ុន ទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ តាមរយៈគម្រោងកិច្ចសហប្រតិបត្តិការជាក់ស្តែងលើគ្រប់វិស័យ ដែលត្រូវបានឯកភាពដោយនាយករដ្ឋមន្ត្រីទាំងពីរប្រទេស កាលពីឆ្នាំ២០២៣ ដែលជាឆ្នាំពិសេសនៃខួប៧០ឆ្នាំនៃទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងប្រទេសជប៉ុន ព្រមទាំងបានថ្លែងអំណរគុណក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ដល់រដ្ឋាភិបាលជប៉ុន ចំពោះការរួមចំណែកក្នុងដំណើរការសន្តិភាពនៅកម្ពុជា តាំងពីឆ្នាំ១៩៩០ និងការបន្តជួយអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅកម្ពុជារហូតដល់បច្ចុប្បន្ននេះ ។ នៅចុងបញ្ចប់ ឯកឧត្តម ឯកអគ្គរាជទូត បានប្តេជ្ញានឹងបន្តពង្រឹង និងពង្រីកមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាង ព្រះរាជាណាចក្រកម្ពុជានិងជប៉ុន ឱ្យកាន់តែរឹងមាំ និងជិតស្និទ្ធិថែមទៀត ក្នុងឱកាសកំពុងបំពេញបេសកកម្មការទូតនៅប្រទេសជប៉ុន៕
collections
សាលាក្រុងអូសាកាបានផ្តល់រថយន្តដឹកសំរាមធុនតូច ១០គ្រឿងជូនប្រជាជនកម្ពុជា ក្រុងអូសាកា, នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ ឯកឧត្ដម ទុយ រី ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសជប៉ុន និងសហការី បានចូលរួមក្នុងពិធីប្រគល់រថយន្តដឹកសំរាមធុនតូច (ប្រេីប្រាស់រួច) ចំនួន ១០គ្រឿង ប្រគល់ដោយអគ្គនាយកបរិស្ថាន លោក Horii Hisashi នៃសាលាក្រុងអូសាកា ជូនដល់ក្រសួងបរិស្ថានតាមរយៈសមាគមជប៉ុនកម្ពុជា (JCA) និងស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុន។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្ដមក៏បានជួបពិភាក្សាជាមួយលោក Kaneko Masatoshi នាយកគ្រប់គ្រង និងលោក Sumikawa Kazunori អ្នកគ្រប់គ្រងរោងចក្រ និងបានអញ្ជេីញទស្សនៈកិច្ចអំពីដំណេីរការនៃការ ដុតសំរាម នៅក្នុងរោងចក្រ Nishidoyo នៃខេត្តអូសាកាដែលអាចដុតសំរាម បាន ៦០០តោន ក្នុង១ថ្ងៃ។ ឯកឧត្ដម មានចំណាប់អារម្មណ៍ខ្ពស់ទៅលេីបច្ចេកវិទ្យាដុតសំរាម និងការទាញយកប្រយោជន៍ពីការដុតសំរាមដូចជា ៖ ទាញយកអគ្គិសនីដែលអាចផ្តត់ផ្គង់ដល់ប្រជាជនប្រមាណ ១៥,០០០ ខ្នងផ្ទះ និងច្នៃកាកសំណល់ជាផេះសម្រាប់ចាក់លុបបំពេញដីជាដេីម។ បន្ទាប់មកឯកឧត្តមក៏បានស្តាប់បទបង្ហាញរបស់លោក Honda Shunichi មកពីអង្គការ UNEP អំពីការកែច្នែសំរាមប្លាស្ទិកឱ្យក្លាយទៅជាអាវ និងគម្រោងកែច្នៃសំរាមប្លាស្ទិកដែលនឹងអញ្ជើញទៅជួបពិភាក្សាការងារជាមួយស្ថាប័នពាក់ព័ន្ធនៅប្រទេសកម្ពុជានៅខែមីនាខាងមុខនេះ។ ជាចុងក្រោយ ឯកឧត្ដមបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតដល់រដ្ឋាភិបាលជប៉ុន និងប្រជាជនជប៉ុនដែលបានតែងតែយកចិត្តទុកដាក់ និងចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសកម្ពុជា ជាពិសេសផ្តោតទៅលេីការធ្វើឱ្យប្រសើរឡើងនូវបរិស្ថានល្អនៅក្នុងប្រទេសកម្ពុជា ជាហេតុធ្វើឱ្យប្រជាជនជប៉ុន និងប្រជាជនកម្ពុជាអាចផ្សារភ្ជាប់ទំនាក់ទំនងល្អរវាងគ្នានឹងគ្នាយ៉ាងជិតស្អិតបន្តទៅមុខទៀត៕