NEWS

22
Jan
2025
ឯកអគ្គរាជទូតកម្ពុជា ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម អំពីការត្រៀមលក្ខណៈរបស់កម្ពុជា ក្នុងការចូលរួមពិព័រណ៍ពិភពលោក ២០២៥ នៅទីក្រុងអូសាកា

នាព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន អមដោយ លោក ស៊ីន សារ៉ាយ អនុព័ន្ធពាណិជ្ជកម្ម បានទទួលជួបពិភាក្សាជាមួយ ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ដើម្បីត្រៀមសហការគ្នា ក្នុងការរៀបចំ និងចូលរួមពិព័រណ៍ពិភពលោក ២០២៥ នៅទីក្រុងអូសាកា ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣ ខែមេសា ដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ ខាងមុខនេះ។

ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមរដ្ឋលេខាធិការ បានជម្រាបអំពី វឌ្ឍនភាពការងារនៃការរៀបចំពន្លាជាតិកម្ពុជា ការគ្រោងរៀបចំកម្មវិធីសំខាន់ៗក្នុងអំឡុងពេលពិព័រណ៍ ជាពិសេសទិវាជាតិកម្ពុជា នៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៥ និងបានស្នើស្ថានទូតកម្ពុជា ចូលរួមសហការ និងជួយគាំទ្រដល់ដំណើរការរៀបចំនេះ។

ជាកិច្ចឆ្លើយតប ឯកឧត្តមឯកអគ្គរាជទូត បានកត់សម្គាល់ដោយមោទកភាពអំពីវឌ្ឍនភាពការងារនៃដំណើរការរៀបចំពន្លាជាតិកម្ពុជា និងវាយតម្លៃខ្ពស់ចំពោះកិច្ចប្រឹងប្រែងរបស់ក្រសួងពាណិជ្ជកម្ម ដែលទទួលភារកិច្ចការងារ ក្នុងការដឹកនាំ រៀបចំ និងចូលរួមពិព័រណ៍ពិភពលោក ២០២៥ អូសាកា។ ឯកឧត្តមឯកអគ្គរាជទូត បានគូសបញ្ជាក់ថា ស្ថានទូត បានត្រៀមខ្លួនជាស្រេចក្នុងការសហការជាមួយក្រសួងពាណិជ្ជកម្ម ក៏ដូចជាចូលរួមសម្របសម្រួលជាមួយសហគមន៍ខ្មែរ និងភាគីជប៉ុនពាក់ព័ន្ធ ដើម្បីឱ្យការរៀបចំ និងការចូលរួមរបស់កម្ពុជា ក្នុងពិព័រណ៍ពិភពលោក ២០២៥ នេះ ប្រព្រឹត្តទៅដោយរលូន និងទទួលជោគជ័យ សម្រាប់មុខមាត់កម្ពុជា លើឆាកអន្តរជាតិ និងពិភពលោក៕