នៅរសៀលថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសជប៉ុនបានរៀបចំពិធីជប់លៀងអបអរសាទររំលឹកខួបអនុស្សាវរីយ៍លើកទី៧២ ទិវាបុណ្យឯករាជ្យជាតិ ០៩ វិច្ឆិកា ក្រោមអធិបតីភាពរបស់ ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសជប៉ុន ដែលមានការចូលរួមពីបងប្អូនប្រជាពលរដ្ឋខ្មែរ ដែលកំពុងរស់នៅ ធ្វើការ និងសិក្សានៅប្រទេសជប៉ុន និងភ្ញៀវជប៉ុន ប្រមាណជា ២០០នាក់ នៅស្ថានឯកអគ្គរាជទូត។
ក្នុងឱកាសនោះ ឯកឧត្តម ឯកអគ្គរាជទូត បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខដល់បងប្អូនប្រជាពលរដ្ឋខ្មែរពីសំណាក់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា និងបានគូសបញ្ជាក់ថា កម្មវិធីនៅនេះ បានផ្តល់ឱកាសជូនបងប្អូនប្រជាពលរដ្ឋខ្មែរបានជួបសំណេះសំណាលគ្នានិងបង្កើនភាពសប្បាយរីករាយ មិត្តភាព និងសាមគ្គីភាពបន្ថែមទៀត ក្នុងនាមជាគ្រួសារខ្មែរតែមួយទោះបីនៅក្រៅប្រទេសក្តី។
ឯកឧត្តម ឯកអគ្គរាជទូតបានសង្កត់ធ្ងន់ពីព្រះរាជបូជនីយកិច្ចដឹកនាំដ៏ក្លៀវក្លាដែលមិនអាចបំភ្លេចបានរបស់ ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រខ្មែរ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ “ព្រះបរមរតនកោដ្ឋ” ដែលបានរំដោះប្រទេសកម្ពុជាទាំងស្រុងចេញពីអាណានិគមបារាំង នៅថ្ងៃទី០៩ វិច្ឆិកា ១៩៥៣ ដែលជាគ្រឹះលដ៏រឹងមាំនាំឱ្យមកនូវសិទ្ធិសេរីភាព សន្តិភាព សាមគ្គីភាព និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ហើយបានដក់ជាប់ក្នុងដួងចិត្តរបស់ប្រជាពលរដ្ឋខ្មែរគ្រប់រូប។ ជាងនេះទៀត ឯកឧត្តម ឯកអគ្គរាជទូតក៏បានរំលឹកឡើងវិញពីអតីតកាលរបស់ប្រទេកម្ពុជា រួមមាន ១) ការទទួលបានសន្តិភាពតែក្នុងរយៈពេល ១៧ឆ្នាំប៉ុណ្ណោះ ចាប់តាំងពីឆ្នាំ១៩៥៣ ដល់ ១៩៧០, ២) ការបំផ្លិចបំផ្លាញទាំងស្រុងដល់ឫសគល់នៃហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច និងសង្គមជាតិដោយរបបប្រល័យពូជសាសន៍ ប៉ុល ពត, ៣) ថ្ងៃជ័យជំនះដ៏អស្ចារ្យរបស់ប្រជាជនកម្ពុជានៃការបញ្ចប់របបប៉ុល ពត នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ និង៤) ការដាក់ចេញនូវ “នយោបាយឈ្នះ-ឈ្នះ” ដោយសម្តេចតេជោ ហ៊ុន សែន ដែលបាននាំមកកម្ពុជា ជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ នូវការបញ្ចប់ជាស្ថាពរសង្គ្រាមនៅកម្ពុជាទាំងស្រុង និងសម្រេចបាននូវការបង្រួបបង្រួមជាតិ ឯកភាពជាតិ និងសុខសន្តិភាពពេញផ្ទៃប្រទេស នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨។
បន្ថែមពីនេះ ឯកឧត្តម ឯកអគ្គរាជទូត ក៏បានជម្រាបជូនពីព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តសំខាន់ថ្មីៗនេះ គឺការចុះកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ នៅ ទីក្រុងកូឡាឡាំពួរ រវាងសម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងឯកឧត្តម អនុធីន ឆានវីរគុល នាយករដ្ឋមន្ត្រីថៃ ដោយមានលោកប្រធានាធិបតី សហរដ្ឋអាមេរិក ដូណាល់ ត្រាំ និងលោក អ៊ីប្រាហ៊ីម អាន់វ៉ា នាយករដ្ឋមន្រ្តីនៃប្រទេសម៉ាឡេស៊ី ចូលរួមចុះហត្ថលេខាធ្វើជាសាក្សីដឹងឮ។ កិច្ចព្រមព្រៀងសន្តិភាពនេះ បង្ហាញលទ្ធផលប្រកបដោយសក្ដានុពល ដើម្បីផ្សារភ្ជាប់ពាក្យសន្តិភាពទៅនឹងការអភិវឌ្ឍនៅក្នុងប្រទេសកម្ពុជា ជាពិសេសការបង្កើន ទំនាក់ទំនងសេដ្ឋកិច្ចកាន់តែល្អរវាងអាស៊ាន និងសហរដ្ឋអាមេរិក។
ជាងនេះទៀត ឯកឧត្តម ឯកអគ្គរាជទូត ក៏បានគូសបញ្ជាក់អំពីភាពរីកចម្រើនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការគ្រប់វិស័យរវាងប្រទេសកម្ពុជា និងជប៉ុន ក្នុងរយៈពេល ៧២ឆ្នាំកន្លងមក និងការប្តេជ្ញាចិត្តរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ដើម្បីធ្វើឱ្យកាន់តែស៊ីជម្រៅនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ សម្រាប់ផលប្រយោជន៍ទៅវិញទៅមករបស់ ប្រទេសទាំងពីរ។
នៅចុងបញ្ចប់ ឯកឧត្តម ឯកអគ្គរាជទូត បានលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋខ្មែរនៅប្រទេសជប៉ុនទាំងអស់ រួមចំណែកជួយផ្សព្វផ្សាយនូវវប្បធម៌ ប្រពៃណី ការអភិវឌ្ឍរបស់ប្រទេសកម្ពុជាឱ្យបានផុសផុលដើម្បីឱ្យអ្នកទេសចរបរទេសក្នុងពិភពលោក កាន់តែស្គាល់ច្បាស់កម្ពុជាព្រះរាជាណាចក្រអច្ឆរិយៈ ។ នៅចុងកម្មវិធី អ្នកចូលរួមទាំងអស់បានរួមគ្នាច្រៀងជាពួកនូវចម្រៀងស្នេហាជាតិចំនួន បីបទ និងបញ្ចប់ដោយការទទួលទានអាហារសាមគ្គី ប្រកបដោយបរិយាកាសរីករាយ និងស្និទ្ធស្នាលជាទីបំផុត៕