NEWS

13
Nov
2025
ឯកឧត្តម ទុយ​ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន អញ្ជើញទទួលទានអាហារថ្ងៃត្រង់ ដើម្បីជម្រាបលា លោកជំទាវ អូប៊ូជី យូកុ ប្រធានសម្ព័ន្ធមិត្តភាពសភា ជប៉ុន-កម្ពុជា

នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសជប៉ុន បានអញ្ជើញ​ទទួល​ទានអាហារថ្ងៃត្រង់ ដើម្បីជម្រាបលា លោកជំទាវ អូប៊ូជិ យូកុ (Obuchi Yoko) សមាជិកសភា និងជាប្រធាន​សម្ព័ន្ធមិត្តភាពសភា ជប៉ុន​-កម្ពុជា ព្រមទាំង ឯកឧត្តម គីអូជិ មីណូរឹ (KIUCHI Minoru) អនុរដ្ឋមន្ត្រីទទួលបន្ទុកគោលនយោបាយ​សារពើព័ន្ធ​ និងសេដ្ឋកិច្ច នៃការិយាល័យគណៈរដ្ឋមន្ត្រី និងជាអគ្គលេខាធិការសម្ព័ន្ធមិត្តភាពសភាជប៉ុន-កម្ពុជា តាមការអញ្ជើញរបស់លោកជំទាវ។ 

ក្នុងឱកាសនោះ ឯកឧត្តម ឯកអគ្គរាជទូត បានសំដែងអំណរគុណដ៏ជ្រាលជ្រៅជូនចំពោះលោកជំទាវ Obuchi Yoko និង ឯកឧត្តម KIUCHI Minoru ដែលបានទទួលអាហារថ្ងៃត្រង់លាគ្នា ជូនជាកិត្តិយសដល់ការចប់អាណត្តិបេសកកម្មការទូតរបស់ ឯកឧត្តមឯកអគ្គរាជទូត នៅ​ប្រទេស​ជប៉ុន និងបានសំដែងនូវការសសើរ និងដឹងគុណចំពោះ លោកជំទាវប្រធានសម្ព័ន្ធមិត្តភាពសភាជប៉ុន-កម្ពុជា និង ឯកឧត្តមអគ្គលេ​ខា​ធិការនៃសម្ព័ន្ធនេះ ដែលបានរួមវិភាគទាន​ក្នុងការគាំទ្រ និងលើកតំកើងមិត្តភាពដ៏ស្ថិតស្ថេរ រឹងមាំ និងកិច្ចសហប្រតិបត្តិការដ៏​ល្អប្រសើរ​លើច្រើនវិស័យរវាងប្រទេសកម្ពុជា និងប្រទេសជប៉ុន។ ឯកឧត្តម ឯកអគ្គរាជទូត បានគូសបញ្ជាក់បន្ថែមថា ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អនេះ ត្រូវបានពង្រឹង និងពង្រីក​ថែមទៀត តាមរយៈការផ្លាស់ប្តូរទស្សនកិច្ច និងការប្រាស្រ័យទាក់ទង​ញឹកញាប់រវាង​ថ្នាក់ដឹកនាំកំពូល និងជាន់ខ្ពស់​នៃប្រទេសទាំងពីរ ជាពិសេស ​ការអញ្ជើញមកបំពេញទស្សនកិច្ចការងារផ្លូវការនៅប្រទេសជប៉ុន កាលពីថ្ងៃទី២៨ ដល់ ៣១ ខែឧសភា ឆ្នាំ ២០២៥ របស់ សម្តេចធិបតី ហ៊ុន​ ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។ ហើយក្នុងជំនួបកំពូលនាថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ សម្តេចធិបតី និង ឯកឧត្តម ISHIBA Shigeru អតីតនាយករដ្ឋមន្ត្រីជប៉ុន បានបញ្ជាក់អំពីសារៈសំខាន់នៃការពង្រឹង និងពង្រីកភាព​ជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុង​ជ្រោយរវាងប្រទេសទាំងពីរ ដែលបានឯកភាពគ្នានៅ ឆ្នាំ២០២៣ រួមមាន សហបង្កើតគុណតម្លៃសេដ្ឋកិច្ច និងសង្គម​​ និងកិច្ចសហប្រតិបត្តិការសន្តិសុខផ្អែកលើទំនុកចិត្ត និង​មិត្ត​ភាព ការរក្សា និងពង្រឹងសណ្តាប់ធ្នាប់អន្តរជាតិផ្អែកលើនិតិរដ្ឋ ប្រព័ន្ធពាណិជ្ជកម្ម​សេរីពហុបក្ស​ជាដើម។

លោកជំទាវ Obuchi និង ឯកឧត្តម Kiuchi បានសំដែងនូវក្តីរីករាយ ជាមួយនឹងការពេញចិត្ត ក្នុងការធ្វើការដ៏ជិតស្និទ្ធជាមួយ ឯកឧត្តម ឯកអគ្គរាជទូតកម្ពុជា ក្នុងរយៈកាលកន្លងមកនេះ និងបានវាយតម្លៃល្អពីសកម្មភាពការងាររបស់ ឯកឧត្តម ឯកអគ្គរាជទូត នៅប្រទេសជប៉ុន ប្រកបដោយសមិទ្ធផលផ្លែផ្កាជាច្រើន។ ទន្ទឹមនេះ លោកទាំងពីរបានគូសបញ្ជាក់ពីការប្តេជ្ញាដ៏មុតមាំ ក្នុងនាមសម្ព័ន្ធមិត្តភាពសភាជប៉ុន -កម្ពុជា ក្នុងការបន្តគាំទ្រ និងជួយជម្រុញ ពង្រឹង និងពង្រីកចំណងមិត្តភាពដ៏យូរលង់ និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរ ឱ្យកាន់តែស៊ី​ជម្រៅថែមទៀត នាពេលខាងមុខ៕