នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន អមដោយអនុព័ន្ធពាណិជ្ជកម្ម បានអនុញ្ញាតជូន លោកស្រី ហ៊ាង អូមួយ ស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុន ADITI (Asia Digital Technology Innovation) និងលោក Noriaki Koyanagi នាយកប្រតិបត្តិក្រុមហ៊ុន Advanced Soft Co., Ltd. ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារអំពី សេវាកម្មអភិវឌ្ឍន៍សូហ្វវែរ និងសេវាកម្មផ្គត់ផ្គង់វិស្វកររបស់ក្រុមហ៊ុនបច្ចេកវិទ្យា ADITI និងក្រុមហ៊ុនដៃគូជប៉ុន Advanced Soft ដែលមានក្រុមហ៊ុនកំពុងប្រតិបត្តិនូវសេវាកម្មរបស់ខ្លួនផងដែរ នៅប្រទេសកម្ពុជា ឈ្មោះ ADSOFT (Cambodia) Co., Ltd. ។
ក្នុងជំនួបពិភាក្សានេះ លោកស្រី ហ៊ាង អូមួយ បានជម្រាបជូនថា ក្រុមហ៊ុនបច្ចេកវិទ្យា ADITI បាននិងកំពុងផ្ដល់ជូនសេវាកម្មអភិវឌ្ឍន៍សូហ្វវែរ និងសេវាកម្មផ្គត់ផ្គង់វិស្វករ (Engineering Outsourcing) នៅទូទាំងបណ្តាប្រទេសក្នុងតំបន់អាស៊ី ដូចជា ជប៉ុន សិង្ហបុរី និងបណ្តាប្រទេសមួយចំនួននៅអឺរ៉ុប ដូចជា បារាំង ស្វីស ហូឡង់ បែលហ្ស៊ិក និងលុចសំបួរ។ គោលបំណងនៃដំណើរទស្សនកិច្ចរបស់ក្រុមហ៊ុន ADITI មកកាន់ប្រទេសជប៉ុននេះ គឺដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការ និងភាពជាដៃគូក្នុងវិស័យបច្ចេកវិទ្យា និងការអភិវឌ្ឍសូហ្វវែរ រវាងប្រទេសកម្ពុជា និងជប៉ុន។
លោកស្រី ហ៊ាង អូមួយ និងលោក Noriaki Koyanagi ក៏បានជម្រាបផងដែរ អំពីលទ្ធផលសំខាន់ៗ នៃកិច្ចប្រជុំជាមួយមជ្ឈមណ្ឌលអាស៊ាន-ជប៉ុន (ASEAN-Japan Centre) ដែលបានប្រព្រឹត្តទៅមុនជំនួបសម្ដែងការគួរសមជាមួយ ឯកឧត្តមឯកអគ្គរាជទូត។ តាមការគ្រោងទុក ក្រុមហ៊ុន ADITI មានគោលដៅពង្រឹង និងពង្រីកទំនាក់ទំនងអាជីវកម្ម តាមរយៈកិច្ចសហការជាមួយមជ្ឈមណ្ឌលអាស៊ាន-ជប៉ុន និងសន្និសីទជាមួយសហគ្រិនជប៉ុន ដោយផ្តោតលើឱកាសសម្រាប់សេវាកម្មផ្គត់ផ្គង់សូហ្វវែរ (Software Outsourcing) និងការផ្តល់ឱកាសដល់វិស្វករ IT កម្ពុជា ដែលមានជំនាញទៅធ្វើការនៅប្រទេសជប៉ុន។ ក្រុមហ៊ុន ADITI និង Advanced Soft ក៏នឹងរៀបចំសន្និសីទស្តីពីវិស្វករ IT និងសូហ្វវែរ ជាមួយសហគ្រិនជប៉ុនជាច្រើន ដែលមានចំណាប់អារម្មណ៍លើទេពកោសល្យរបស់វិស្វករសូហ្វវែរខ្មែរ។
ជាកិច្ចឆ្លើយតប ឯកឧត្តមឯកអគ្គរាជទូត បានកោតសរសើរចំពោះវឌ្ឍនភាពនៃដំណើរប្រតិបត្តិការផ្ដល់សេវាកម្មរបស់ក្រុមហ៊ុនបច្ចេកវិទ្យា ADITI និងគាំទ្រចំពោះគោលដៅពង្រឹង និងពង្រីកទំនាក់ទំនងអាជីវកម្ម តាមរយៈមជ្ឈមណ្ឌលអាស៊ាន-ជប៉ុន ក្រោមកិច្ចសម្របសម្រួលពីអនុព័ន្ធពាណិជ្ជកម្ម។ គំនិតផ្តួចផ្តើមនេះ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន ADITI ក្នុងការជំរុញសេដ្ឋកិច្ចឌីជីថលរបស់កម្ពុជា ការលើកកម្ពស់នវានុវត្តន៍ និងការកសាងភាពជាដៃគូប្រកបដោយនិរន្តរភាព ដែលផ្តល់អត្ថប្រយោជន៍ដល់ប្រទេសទាំងពីរ។ ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តមឯកអគ្គរាជទូត ក៏បានជូនពរឱ្យក្រុមហ៊ុន ADITI និងក្រុមហ៊ុន Advanced Soft ទទួលបានការគាំទ្រ និងទំនុកចិត្តពីអតិថិជនជាតិ និងអន្តរជាតិកាន់តែច្រើនឡើង ជាពិសេសសម្រេចទទួលបានក្រុមហ៊ុនដៃគូជប៉ុនមួយចំនួនទៀត ឆាប់ៗខាងមុខនេះ ដើម្បីផ្តល់ឱកាសដល់វិស្វករ IT កម្ពុជា បានមកធ្វើការជំនាញអភិវឌ្ឍន៍សូហ្វវែរ និងផ្គត់ផ្គង់វិស្វករ នៅប្រទេសជប៉ុន៕