NEWS

23
Jan
2025
អគ្គទីប្រឹក្សានៃស្ថានឯកអគ្គរាជទូតកម្ពុជា ចូលរួមថ្លែងសុន្ទរកថាក្នុងកិច្ចប្រជុំថ្នាក់ឯកអគ្គរាជ/រដ្ឋទូតនៅខេត្តមីយ៉ាហ្គិ នៅទីក្រុងសេនដៃ ខេត្តមីយ៉ាហ្គិ

នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ តបតាមការអញ្ជើញរបស់ឯកឧត្តម Yoshihiro Murai អភិបាលខេត្តមីយ៉ាហ្គិ ក្នុងនាមឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន លោក សុខ ធា អគ្គទីប្រឹក្សា និងលោក ស៊ីន សារ៉ាយ អនុព័ន្ធពាណិជ្ជកម្ម បានចូលរួមកិច្ចប្រជុំថ្នាក់ឯកអគ្គរាជ/រដ្ឋទូតនៅខេត្តមីយ៉ាហ្គិ ដែលប្រព្រឹត្តទៅរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៣-២៥ ខែមករា ឆ្នាំ២០២៥ នៅទីក្រុងសេនដៃ ខេត្តមីយ៉ាហ្គិ។ ពិធីបើកនៃកិច្ចប្រជុំនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម Yoshihiro Murai អភិបាលខេត្តមីយ៉ាហ្គិ និងតាមរយៈប្រព័ន្ធវីដេអូមាន ឯកឧត្តម Masao Uchibori អភិបាលខេត្តហ៊្វូគូស៊ីម៉ា និងឯកឧត្តម Takuya Tasso អភិបាលខេត្តអ៊ីវ៉ាតិ ព្រមទាំងចូលរួមពីបណ្តាឯកអគ្គរាជ/រដ្ឋទូត ភារធារីស្តីទី និងតំណាងមន្ត្រីស្ថានទូតបរទេសនានាប្រចាំប្រទេសជប៉ុន តំណាងមន្ត្រីពីបណ្តាខេត្តមីយ៉ាហ្គិ ខេត្តហ៊្វូគូស៊ីម៉ា និងខេត្តអ៊ីវ៉ាតិ ក្រុមហ៊ុនឯកជនជប៉ុន និងអ្នកសារព័ត៌មាន ផងដែរ។ 

កិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលបំណងបង្ហាញពីការដឹងគុណដល់បណ្តាប្រទេសជុំវិញពិភពលោក រួមទាំងប្រទេសកម្ពុជា ចំពោះការជួយគាំទ្រដល់ខេត្តមីយ៉ាហ្គិ និងបណ្តាខេត្តជុំវិញក្នុងការស្តារឡើងនៅពេលមានការរញ្ជួយដីដ៏ធំនៅភាគខាងកើតប្រទេសជប៉ុន (Great East Japan Earthquake) និងដើម្បីផ្សព្វផ្សាយនិងជំរុញវិស័យទេសចរណ៍ ពាណិជ្ជកម្ម វិនិយោគ ការអភិវឌ្ឍធនធានមនុស្ស និងការផ្លាស់ប្តូរវប្បធម៌ ព្រមទាំងពង្រីកកិច្ចសហប្រតិបត្តិការរវាងខេត្តបី (មីយ៉ាហ្គិ-ហ៊្វូគូស៊ីម៉ា-អ៊ីវ៉ាតិ) ជាមួយបណ្តាប្រទេសអ្នកចូលរួមចំនួន ១២ប្រទេស រួមទាំង ប្រទេសកម្ពុជាផងដែរ។

ក្នុងឱកាសនោះ លោកអគ្គទីប្រឹក្សា បានចូលរួមថ្លែងសុន្ទរកថា ជាមួយ ឯកអគ្គរាជ/រដ្ឋទូត ភារធារីស្តីទី និងតំណាងមន្ត្រីស្ថានបរទេសប្រចាំប្រទេសជប៉ុន ចំនួន ១២ប្រទេស ដោយបានលើកអំពីទំនាក់ទំនងការទូតយូរអង្វែង និងដ៏ល្អប្រពៃរវាងកម្ពុជា និងជប៉ុន និងបច្ចុប្បន្នភាពសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍កម្ពុជា ក្នុងទិសដៅជំរុញវិស័យទេសចរណ៍ និងកំណើនវិនិយោគរវាងកម្ពុជា-ជប៉ុន។ ជាងនេះទៀត លោកអគ្គទីប្រឹក្សាបានសំដែងនូវការអបអរសាទរជូន ឯកឧត្តម Yoshihiro Murai ចំពោះការបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជាប្រកបដោយជោគជ័យ និងផ្លែផ្កា កាលពីខែធ្នូ ឆ្នាំ២០២៤ និងការសម្រេចបាននូវការចុះអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការ រវាងខេត្តមីយ៉ាហ្គិ និងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៃព្រះរាជាណាចក្រកម្ពុជា ដែលនឹងជួយជំរុញដល់ការបញ្ជូន និងទទួលកម្មសិក្សាការី និងពលករជំនាញរបស់កម្ពុជា ទៅកាន់ខេត្តមីយ៉ាហ្គិ  ក៏ដូចជាការឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារទាំងនៅកម្ពុជា និងនៅជប៉ុន តាមរយៈការផ្ទេរជំនាញបច្ចេកទេស។  

កម្មវិធីនៃកិច្ចប្រជុំថ្ងៃទីមួយ ក៏មានការទៅទស្សនាវត្តបុរាណជប៉ុន Zuiganji Temple និងការទទួលស្វាគមន៍ពិសារអាហារពេលល្ងាច យ៉ាងកក់ក្តៅពីឯកឧត្តម Yoshihiro Murai អភិបាលខេត្តមីយ៉ាហ្គិ និងឯកឧត្តម Takahashi Shinji ប្រធានសភាខេត្តមីយ៉ាហ្គិ។