នៅព្រឹកថ្ងៃសៅរិ៍ ទី២០ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសជប៉ុន អមដោយមន្រ្តី និងបុគ្គលិកស្ថានទូត បានអញ្ចើញចូលរួមពិធីបុណ្យកាន់បិណ្ឌទី១៣ នៅវត្តខ្មែរអង្គររតនរង្សី និងវត្តខ្មែរសាមគ្គី នៅខេត្តកាណាហ្កាវ៉ា ប្រទេសជប៉ុនដោយបាននាំយកចង្ហាន់ ភេសជ្ជៈ និងបច្ច័យប្រគេនព្រះសង្ឃ ដើម្បីបង្សុកូលឧទ្ទិសកុសលផលបុណ្យជូនដល់ដួងវិញ្ញាណក្ខន្ធជីដូនជីតា បុព្វការីជន យុទ្ធជនពលីក្នុងសមរភូមិជួរមុខ និងញាត្តិការទាំង៧សន្តាន ដែលបានចែកឋានទៅកាន់លោកខាងមុខ ព្រមទាំងបានបួងសួងសូមឲ្យប្រទេសកម្ពុជា ជួបតែសុខសន្តិភាព ។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមឯកអគ្គរាជទូត បានមានប្រសាសន៍សំណេះសំណាលជាមួយបងប្អូនខ្មែរទាំងអស់ ដោយបានថ្លែងអំណរគុណចំពោះការចូលរួមយ៉ាងច្រើនកុះករក្នុងពិធីបុណ្យភ្ជុំបិណ្ឌទី១៣ និងបានជម្រាបជូនអំពីការវិវត្តចុងក្រោយនៃស្ថានការណ៍ជុំវិញជម្លោះព្រំដែនកម្ពុជា-ថៃ នាពេលថ្មីៗនេះ និងបានសម្តែងនូវការគាំទ្រ និងជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលបន្តរក្សានូវភាពអត់ធ្មត់ជាទីបំផុត ដើម្បីគោរពយ៉ាងម៉ឺងម៉ាត់តាមបទឈប់បាញ់ ព្រមទាំង ប្តេជ្ជាចិត្តក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី តាមផ្លូវការទូត និងស្របតាមច្បាប់អន្តរជាតិ ។ ឯកឧត្តមឯកអគ្គរាជទូត ក៏បានជូនពរបងប្អូនខ្មែរទាំងអស់នៅប្រទេសជប៉ុន ជួបតែសេក្តីសុខគ្រប់ប្រការក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ៕