NEWS

12
Oct
2025
សូមអបអរសាទរ !! ពន្លាជាតិកម្ពុជា ទទួលបាន “ពានរង្វាន់សំរឹទ្ធ” លំដាប់ពិភពលោកផ្នែករចនាការតាំងបង្ហាញ ក្នុងព្រឹត្តិការណ៍ពិព័រណ៍ពិភពលោក ២០២៥ អូសាកា កាន់សៃ ប្រទេសជប៉ុន

នាល្ងាចថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៥ នៅក្នុងកម្មវិធីប្រគល់ពានរង្វាន់ ក្នុងព្រឹត្តិការណ៍ពិព័រណ៍ពិភពលោក ២០២៥ អូសាកា កាន់សៃ ពន្លាជាតិកម្ពុជា ទទួលបានកិត្តិយសលើឆាកអន្តរជាតិ ដោយទទួលបាន “ពានរង្វាន់សំរឹទ្ធ” លំដាប់ពិភពលោកផ្នែករចនាការតាំងបង្ហាញ ក្នុងក្រុមប្រភេទពន្លាជាតិប្រភេទ B និង X ។

កម្មវិធីប្រគល់ពានរង្វាន់នេះ ត្រូវបានរៀបចំឡើងដោយការិយាល័យពិព័រណ៍អន្តរជាតិ ក្នុងគោលបំណង ដើម្បីប្រកាស និងផ្តល់ពានរង្វាន់ដល់បណ្តាប្រទេស និងអង្គការអន្តរជាតិ ដែលបានចូលរួមក្នុងពិព័រណ៍ពិភពលោក ២០២៥ អូសាកា ដែលក្នុងនោះ មានពានរង្វាន់សរុប ចំនួន ៤៩ (ពានរង្វាន់មាស ប្រាក់ និងសំរិទ្ធ ចំនួន ៤៥  និងពានរង្វាន់និរន្តរភាព ចំនួន ៤)។

ព្រឹត្តិការណ៍ពិព័រណ៍ពិភពលោកនេះ មានការចូលរួមពីបណ្តាប្រទេស និងអង្គការអន្តរជាតិផ្សេងៗ សរុបចំនួន ១៦៥ ហើយការវាយតម្លៃពានរង្វាន់នេះ ត្រូវបានធ្វើឡើងដោយការិយាល័យពិព័រណ៍អន្តរជាតិ ប្រកបដោយភាពសុក្រិត និងតម្លាភាព ដែលក្នុងនោះប្រទេសចូលរួមផ្លូវការត្រូវផ្តល់ជូននូវ ឯកសារពាក់ព័ន្ធនឹងការវាយតម្លៃដូចជា៖ សេចក្ដីថ្លែងការណ៍ប្រធានបទ, គំនិតរចនា, ស្ថាបត្យកម្ម, ការរចនាខាងក្រៅ, ខ្លឹមសារ និងការអភិវឌ្ឍមូលបទ។ ក្នុងពេលវិនិច្ឆ័យមានពីរវគ្គ លើកទី១ កំណត់ចុះវាយតម្លៃនៅពន្លាជាតិកម្ពុជា ដែលមានគណៈវិនិច្ឆ័យចំនួន ៩រូប និងលើកទី២ គណៈវិនិច្ឆ័យ បានអញ្ជើញចុះមកពិនិត្យពន្លាជាតិ ដោយមិនជូនដំណឹង។

សូមបញ្ជាក់ផងដែរ នៅក្នុងព្រឹត្តិការណ៍ពិព័រណ៍រយៈពេល ៦ខែនេះ កម្ពុជា បានជ្រើសរើស “ប្រាសាទកោះកេរ” ជាស្នូលក្នុងការសាងសង់ “ពន្លាជាតិ” ដែលឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់កម្ពុជា ក្នុងការអភិរក្សបេតិភណ្ឌវប្បធម៌ ស្នាដៃស្ថាបត្យកម្ម និងសិល្បៈបុរាណខ្មែរ ដ៏សម្បូរបែប។

ព្រឹត្តិការណ៍ពិភពលោកនេះ ត្រូវបានបិទបញ្ចប់នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ ក្រោមព្រះរាជាធិបតី ព្រះអង្គម្ចាស់ Akishino។ នាកម្មវិធីបិទនេះ ក៏មានការប្រគល់ទង់ BIE និងទង់ពិព័រណ៍ ជូនព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត ក្នុងការរៀបចំពិព័រណ៍ពិភពលោក ឆ្នាំ២០៣០ “Expo 2030 Riyadh”, ប្រទេសស៊ែបី ក្នុងការរៀបចំពិព័រណ៍អន្តរជាតិ “Specialized Expo 2027 Belgrade“ និងប្រទេសជប៉ុន ក្នុងការរៀបចំពិព័រណ៍អន្តរជាតិ “International Horticultural Expo 2027 Yokohama (GREEN X EXPO 2027 Yokohama)” ផងដែរ ៕