NEWS

30
Sep
2025
ឯកឧត្តមឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន អនុញ្ញាតឱ្យនិស្សិតជាមន្ត្រីរាជការជ័យលាភីអាហារូបករណ៍ជប៉ុនសម្រាប់ការអភិវឌ្ឍធនធានមនុស្ស(JDS) ឆ្នាំសិក្សា២០២៣-២០២៥ ថ្នាក់អនុបណ្ឌិតចំនួន ២៤ រូប និងថ្នាក់បណ្ឌិតចំនួន ២ រូប ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យ ចូលជួបសម្តែងការគួរសម នៅស្ថានឯកអគ្គរាជទូតកម្ពុជា មុននឹងវិលត្រលប់ទៅមាតុប្រទេសវិញ

នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានអនុញ្ញាតឱ្យនិស្សិតជាមន្ត្រីរាជការជ័យលាភីអាហារូបករណ៍ជប៉ុន JDS ឆ្នាំសិក្សា២០២៣-២០២៥ ថ្នាក់អនុបណ្ឌិតចំនួន ២៤រូប និងថ្នាក់បណ្ឌិតចំនួន ២ រូប ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យ ចូលជួបសម្តែងការគួរសមនៅស្ថានឯកអគ្គរាជទូតកម្ពុជា មុននឹងវិលត្រលប់ទៅមាតុប្រទេសវិញ។ 

ឯកឧត្តមឯកអគ្គរាជទូត បានចូលរួមអបអរសាទរនិងកោតសរសើរចំពោះនិស្សិតទាំងអស់ ដែលបានតស៊ូខិតខំព្យាយាមសិក្សារៀនសូត្ររហូតទទួលបានជោគជ័យ។ ទន្ទឹមនឹងនេះ ឯកឧត្តមឯកអគ្គរាជទូត ក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាលជប៉ុន តាមរយៈមជ្ឈមណ្ឌល JICE ដែលបានរៀបចំកម្មវិធី JDS ដើម្បីផ្តល់ឱកាសដល់មន្ត្រីរាជការវ័យក្មេង សិក្សាតាមមុខជំនាញផ្សេងៗតាមសកលវិទ្យាល័យល្បីៗក្នុងប្រទេសជប៉ុន។ 

ក្នុងឱកាសនោះ តំណាងនិស្សិតកម្ពុជាដែលបានបញ្ចប់ការសិក្សាដោយជោគជ័យ បានឡើងថ្លែងអំណរគុណ ជូនចំពោះ ឯកឧត្តមឯកអគ្គរាជទូត និងបានបង្ហាញអំពីចំណាប់អារម្មណ៍និងបទពិសោធន៍សិក្សារបស់ខ្លួននៅក្នុងប្រទេសជប៉ុនរយៈពេល២ឆ្នាំកន្លងមកនេះ  ព្រមទាំងបានប្តេជ្ញាថានឹងនាំយកនូវជំនាញ បទពិសោធន៍ និងគំនិតច្នៃប្រឌិតថ្មីៗ ដែលបានពីការសិក្សារៀនសូត្រ និងការស្រាវជ្រាវនៅប្រទេសជប៉ុន ទៅអនុវត្ត និងចែករំលែកនៅតាមក្រសួងស្ថាប័នរៀងៗខ្លួន។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមឯកអគ្គរាជទូត បានលើកឡើងផងដែរអំពីប្រសាសន៍របស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស នៅក្នុងសម័យប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិ កាលពីថ្ងៃទី២៧ ខែកញ្ញា នាពេលថ្មីៗនេះថា «សន្តិភាពគឺជាទ្រព្យដ៏មានតម្លៃបំផុតរបស់ប្រជាជាតិយើង។ […] កម្ពុជាជាប្រទេសតូចមួយ ដែលផ្តោតជាចម្បងលើការកសាងឡើងិវិញនូវសេដ្ឋកិច្ច និងលើកកម្ពស់សុខុមាលភាពប្រជាជនរបស់ខ្លួន។ យើងមិនបង្កការគំរាមកំហែងដល់អធិបតេយ្យរបស់ប្រទេសណាមួយឡើយ។» ព្រមទាំងបានផ្តាំផ្ញើឱ្យក្មួយៗឱ្យរួមគ្នាប្រឆាំងនឹងព័ត៌មានបំភ្លៃពីសំណាក់បរទេស និងបន្តផ្សព្វផ្សាយនូវព័ត៌មានដែលពិតនិងត្រឹមត្រូវ។

ជាចុងបញ្ចប់ ឯកឧត្តមឯកអគ្គរាជទូត បានផ្តាំផ្ញើដល់និស្សិតទាំងអស់ឱ្យយកចំណេះដឹងទាំងនោះទៅអនុវត្តនៅតាមក្រសួង-ស្ថាប័ននិងមុខជំនាញរៀងៗខ្លួន ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមជាតិយើង ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ដែលនឹងប្រែក្លាយកម្ពុជាឆ្ពោះទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ ឯកឧត្តមឯកអគ្គរាជូត ក៏បានជូនពរឱ្យនិស្សិតទាំងអស់ដែលនឹងវិលត្រឡប់ទៅមាតុប្រទេសវិញ សូមប្រកបដោយសុខសុវត្ថិភាពតាមផ្លូវធ្វើដំណើរ៕