NEWS

4
Jun
2025
ឯកឧត្ដម ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន អញ្ជើញជាអធិបតីនិងថ្លែងសុន្ទរកថាបើកនៅក្នុងកម្មវិធីសិក្ខាសាលា “International Service Seminar” នៅសាកលវិទ្យាល័យណាហ្គាណុ(Nagano)

នៅរសៀលថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥ តបតាមការអញ្ជើញរបស់លោកស្រី Miyuki INUI ប្រធាន International Service Committee ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានអញ្ជើញជាអធិបតីនិងថ្លែងសុន្ទរកថាបើកនៅក្នុងកម្មវិធីសិក្ខាសាលា “International Service Seminar” នៅសាកលវិទ្យាល័យណាហ្គាណុ(Nagano) ខេត្តណាហ្គាណុ រៀបចំដោយ Rotary International District (RID) 2600 ដោយមានការចូលរួមពីសំណាក់ លោក Norihiko Shiratori អភិបាលនៃ RID 2600 នៃខេត្តណាហ្គាណុ, លោកស្រី Miyuki INUI ប្រធាន International Service Committee, លោក Junichi Kobayashi នាយកសាកលវិទ្យាល័យណាហ្គាណុ, លោក Fumio TSUZUKU អតីតអភិបាល និងបច្ចុប្បន្នជាទីប្រឹក្សានៃ International Service Committee, លោក Yit Virasy នាយកអង្គការ Future Light Organization (FLO) មកពីប្រទេសកម្ពុជា ព្រមទាំងអតីតអភិបាល RID 2600 ប្រធានក្រុមហ៊ុនជប៉ុន ពាណិជ្ជករជប៉ុន និងសិស្សនិស្សិតសាកលវិទ្យាល័យណាហ្គាណុ សរុបប្រមាណ ៣០០ នាក់។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តមឯកអគ្គរាជទូត បានសម្តែងការគាំទ្រចំពោះការរៀបចំសិក្ខាសាលានេះឡើង ក្នុងគោលបំណងលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងខេត្តណាហ្គាណុនិងប្រទេសកម្ពុជា និងបង្កើនការផ្សារភ្ជាប់ទំនាក់ទំនងរវាងប្រជាជននិប្រជាជន។
ទន្ទឹមនឹងនេះ ឯកឧត្តម ក៏បានជម្រាបជូនអង្គសិក្ខាសាលាអំពី៖ ១) យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជដ្ឋាភិបាលកម្ពុជា ដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលកំពុងត្រូវបានអនុវត្ត ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ព្រមទាំងជម្រុញសន្ទុះកំណើនសេដ្ឋកិច្ច និងកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ជាប្រទេសមាន ចំណូលខ្ពស់។ ២)ការបន្តរក្សាសន្តិភាពនិងស្ថិរភាពនយោបាយ ដែលធ្វើឱ្យកម្ពុជា បានបន្តរីកចម្រើនគួរឱ្យកត់សម្គាល់លើគ្រប់វិស័យ និងមានកំណើនសេដ្ឋកិច្ចក្នុងរង្វង់ ៦% នៅឆ្នាំ២០២៤ និងត្រូវបានគេរំពឹងថានឹងបន្តកើនឡើងក្នុងអត្រា ៦.២% នៅឆ្នាំ២០២៦ ៣) ទំហំពាណិជ្ជកម្មសរុបរវាងកម្ពុជានិងជប៉ុនមានជាង ២.២ ប៊ីលានដុល្លារ នៅឆ្នាំ២០២៤ ៤) ទស្សនកិច្ចផ្លូវការរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មកកាន់ប្រទេសជប៉ុន នាពេលកន្លងទៅថ្មីៗនេះ បានឆ្លុះបញ្ចាំងអំពីទំនាក់ទំនងកាន់តែជិតស្និទ្ធរវាងប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរ និងការប្តេជ្ញាចិត្តក្នុងការពង្រឹងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរបស់ប្រទេសទាំងពីរ។
ក្នុងឱកាសនោះផងដែរ លោកស្រី អ៊ុន ពិសី លេខាធិការទី២ ក៏ត្រូវបានអញ្ជើញចូលរួមធ្វើបទបង្ហាញ និងផ្សព្វផ្សាយដល់និស្សិតជប៉ុន ព្រមទាំងអ្នកវិនិយោគជប៉ុន អំពីសក្តានុពលនៃវិស័យទេសចរណ៍កម្ពុជា និងការអភិវឌ្ឍផ្នែកហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់កម្ពុជា ដើម្បីបង្កើនការយល់ដឹង ព្រមទាំងចូលរួមផ្សព្វផ្សាយនិងជំរុញកំណើនភ្ញៀវទេសចរជប៉ុននិងអ្នកវិនិយោគិនជប៉ុន ទៅកាន់ប្រទេសកម្ពុជាឱ្យកាន់តែច្រើនឡើងថែមទៀត។
ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តមឯកអគ្គរាជទូត ក៏បានអញ្ជើញមិត្តជប៉ុន និងអ្នកចូលរួមទាំងអស់ ចូលរួមគាំទ្រនិងទស្សនាពន្លាជាតិកម្ពុជា នៅក្នុងព្រឹត្តការណ៍ពិព័រណ៍ពិភពលោក២០២៥ អូសាកា ជាពិសេសថ្ងៃប្រារព្ធពិធីអបអរ «ទិវាជាតិកម្ពុជា» នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៥ ដែលនឹងមានរៀបចំកម្មវិធីសម្ដែងសិល្បៈ វប្បធម៌ខ្មែរ ការដើរព្យុហយាត្រាវប្បធម៌ ការតាំងបង្ហាញផលិតផលខ្មែរនិងម្ហូបអាហារខ្មែរ វេទិកាវិនិយោគ និងសកម្មភាពជំរុញពាណិជ្ជកម្មមួយចំនួនទៀត។
ជាចុងក្រោយ ឯកឧត្តមឯកអគ្គរាជទូត បានលើកទឹកចិត្ត និងជំរុញពាណិជ្ជករនិងអ្នកវិនិយោគជប៉ុនទាំងអស់ ឱ្យមកបណ្តាក់ទុនកាន់តែច្រើនឡើងនៅកម្ពុជា ដើម្បីឆ្លុះបញ្ចាំងពីភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរបស់ប្រទេសទាំងពីរ៕