NEWS

23
Apr
2025
ឯកអគ្គរាជទូតកម្ពុជា អញ្ជើញចូលរួមជាភ្ញៀវកិត្តិយសនៅក្នុងកម្មវិធីពិព័រណ៍ The Asia-Pacific Festival & Charity Bazaar 2025 រៀបចំដោយសមាគមស្រ្តី The Asia-Pacific Ladies Friendship Society Inc. (ALFS)

នាថ្ងៃពុធ ទី២៣ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសជប៉ុន បានអញ្ជើញចូលរួមជាភ្ញៀវកិត្តិយសនៅក្នុងកម្មវិធីពិព័រណ៍ប្រចាំឆ្នាំ The Asia-Pacific Festival & Charity Bazaar 2025  នៅសាល Meiji Kinenkan នៃទីក្រុងតូក្យូ ដែលរៀបចំឡើងដោយសមាគមស្រ្តី The Asia-Pacific Ladies Friendship Society Inc. (ALFS) ក្រោមអធិបតីភាព ព្រះអង្គម្ចាស់ក្សត្រី ហ៊ីតាឈី (Hanako, Princess Hitachi) នៃប្រទេសជប៉ុន ដោយមានស្ថានទូតសរុបចំនួន ២៣ បានចូលរួមតាំងបង្ហាញនិងផ្សព្វផ្សាយអំពីផលិតផលជាតិនានា រួមទាំងស្ថានទូតកម្ពុជាផងដែរ។

ក្នុងឱកាសនោះ ស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជា បានរៀបចំដាក់តាំងបង្ហាញនូវសម្ភារៈសិល្បៈវប្បធម៌ ផលិតផលសិប្បកម្មខ្មែរធ្វើដោយដៃ ក្រមា និងវត្ថុអនុស្សាវរីយ៍នានា ព្រមទាំងសៀវភៅធ្វើម្ហូប “The Taste of Angkor” ដើម្បីជំរុញនិងផ្សព្វផ្សាយអំពីវប្បធម៌ និងទាក់ទាញភ្ញៀវទេសចរឱ្យមកប្រទេសកម្ពុជាកាន់តែច្រើនឡើងថែមទៀត។

ពិព័រណ៍ប្រចាំឆ្នាំខាងលើ ជាកម្មវិធីសប្បុរសធម៌ ដែលត្រូវបានរៀបចំឡើងក្នុងគោលបំណងរៃអង្គាសថវិកាដើម្បីជួយដល់បណ្តាប្រទេសជាសមាជិកដែលជួបប្រទះនឹងគ្រោះធម្មជាតិនានា ឬក្នុងការទ្រទ្រង់និងលើកកម្ពស់ផ្នែកសុខុមាលភាព ការអប់រំ តាមរយៈការលក់សំបុត្រចូលរួមទស្សនាស្តង់របស់បណ្តាប្រទេសសមាជិកនីមួយៗ ដោយភ្ជាប់ជាមួយនូវឆ្នោតផ្សងសំណាងសម្រាប់អ្នកចូលរួមគ្រប់ៗគ្នា។ នៅឆ្នាំ២០២៥នេះ ថវិកាដែលទទួលបានពីកម្មវិធីខាងលើ សមាគម ALFS នឹងយកទៅជួយដល់ប្រទេសមីយ៉ាន់ម៉ា ដែលបានទទួលរងគ្រោះដោយសារគ្រោះរញ្ជួយដីដ៏កម្រនិងដ៏ធំកាលពីពេលកន្លងទៅថ្មីៗនេះ៕

https://www.facebook.com/cambodianembassyinjapan/posts/1110578854439347