នៅរសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ តបតាមការស្នើសុំរបស់លោក Masahiro Kishi ប្រធានសមាគម Fujioka UNESCO Association ឯកឧត្តមឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានអនុញ្ញាតឱ្យលោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងបុគ្គលិកនៃសមាគម Fujioka UNESCO Association សរុបចំនួន ៤១ រូប មកធ្វើទស្សនកិច្ចសិក្សា និងស្វែងយល់អំពីទំនាក់ទំនងកម្ពុជា-ជប៉ុន ព្រមទាំងស្តាប់បទបង្ហាញស្តីអំពីកម្ពុជា នៅស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុន។
នៅក្នុងសុន្ទរកថាស្វាគមន៍ ឯកឧត្តមឯកអគ្គរាជទូត បានគូសបញ្ជាក់អំពីប្រវត្តិទំនាក់ទំនងការទូតរវាងកម្ពុជានិងជប៉ុន ដែលមានរយៈពេលជាង ៧០ឆ្នាំ មកហើយ គឺចាប់តាំងពីខែមករា ឆ្នាំ១៩៥៣មក និងដែលថ្មីៗនេះ កម្ពុជា-ជប៉ុនបានក្លាយជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនៅឆ្នាំ២០២៣។ ឯកឧត្តមឯកអគ្គរាជទូត ក៏បានលើកឡើងផងដែរថា ឆ្នាំ២០២៥នេះ គឺជាខួបលើកទី៧២ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសកម្ពុជា និងប្រទេសជប៉ុន។ ទំនាក់ទំនងជាមិត្តភាព និងកិច្ចសហប្រតិបត្តិការកាន់តែពង្រឹង និងពង្រីកបន្ថែមទៀត ជាពិសេស តាមរយៈដំណើរទស្សនកិច្ចរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មកកាន់ប្រទេសជប៉ុនកាលពីថ្ងៃទី២៨ ដល់៣១ ខែឧសភា ឆ្នាំ២០២៥ ប្រកបដោយជោគជ័យ និងផ្លែផ្កា។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមឯកអគ្គរាជទូត បានលើកឡើងអំពីប្រាសាទព្រះវិហារ ដែលជាបេតិកភណ្ឌពិភពលោកនៃអង្គការ UNESCO និងដែលបានរងការបំផ្លិចបំផ្លាញនាពេលថ្មីៗនេះ ដោយសារការទំលាក់គ្រាប់បែកដោយយោធាថៃ។ ឯកឧត្តមឯកអគ្គរាជទូត ក៏បានពាំនាំនូវសេចក្តីអំពាវនាវរបស់ក្រសួងវប្បធ៌មនិងវិចិត្រសិល្បៈកម្ពុជា ដែលស្នើឱ្យអន្តរជាតិពីគ្រប់មជ្ឃដ្ឋានជួយគាំទ្រនិងមានវិធានការរួមគ្នា ដើម្បីថែរក្សាសន្តិភាពនៅកម្ពុជា ព្រមទាំងការពារនិងអភិរក្សបេតិកភណ្ឌវប្បធ៌មពិភពលោកគឺ«ប្រាសាទព្រះវិហារ» ដែលមានអាយុកាលចំណាស់ជាង ១០០០ ឆ្នាំនេះ។
ជាចុងក្រោយ ឯកឧត្តមឯកអគ្គរាជទូត ក៏បានកោតសរសើរដល់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងបុគ្គលិកនៃសមាគម Fujioka UNESCO Association ទាំងអស់ដែលមានចំណាប់អារម្មណ៍ចង់សិក្សាស្វែងយល់អំពីប្រទេសកម្ពុជា ទំនាក់ទំនងកម្ពុជា-ជប៉ុន និងការងាររបស់ស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុន និងបានអំពាវនាវឱ្យពួកគេជួយបន្តផ្សព្វផ្សាយនូវអ្វីដែលបានដឹងនៅថ្ងៃនេះជូនដល់ប្រជាជនជប៉ុនផ្សេងៗទៀត និងប្រសិនមានឱកាសសូមទៅអញ្ជើញទៅទស្សនាប្រទេសកម្ពុជាដោយផ្ទាល់។
កម្មវិធីខាងលើ គឺជាផ្នែកមួយនៃការចូលរួមផ្សព្វផ្សាយអំពីវប្បធម៌ ប្រពៃណី និងតំបន់ទេសចរណ៍របស់កម្ពុជា ដែលទាំងនេះនឹងជួយជម្រុញដល់វិស័យទេសចរណ៍នៅកម្ពុជានាពេលអនាគត៕