ឯកឧត្តម ឯកអគ្គរាជទូត គាំទ្រ និងងផ្តល់អំណោយជាវត្ថុអនុស្សាវរីយ៍ជាច្រើន ដល់សិស្សានុសិស្សនៃវិទ្យាល័យ Kaichi Nihonbashi Gakuen Junior and Senior High School ដើម្បីចូលរួមនៅក្នុងកម្មវិធីពិព័រណ៌អន្តរជាតិរបស់សាលា
នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ តបតាមការស្នើសុំ ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំជប៉ុន បានគាំទ្រ និងផ្តល់អំណោយជាវត្ថុអនុស្សាវរីយ៍ជាច្រើន រួមមាន ទង់ជាតិកម្ពុជា-ជប៉ុន ក្រមាខ្មែរ សៀវភៅ The Taste of Angkor បន្តោងសោរ និងកន្លាស់កម្ពុជា ដល់សិស្សានុសិស្សនៃវិទ្យាល័យ Kaichi Nihonbashi Gakuen Junior and Senior High School ដើម្បីចូលរួមនៅក្នុងកម្មវិធីពិព័រណ៌អន្តរជាតិរបស់សាលា នៅខែមីនាខាងមុខនេះ។ គម្រោងពិព័រណ៌អន្តរជាតិនេះ ត្រូវបានផ្តួចផ្តើមឡើងក្នុងចំណោមសិស្សានុសិស្ស ដើម្បីស្វែងយល់អំពីវប្បធម៌ប្រពៃណីរបស់ប្រទេសនានានៅជុំវិញពិភពលោក។
ឯកឧត្តម ឯកអគ្គរាជទូត បានសម្តែងនូវក្តីសប្បាយរីករាយនិងគាំទ្រយ៉ាងខ្លាំងចំពោះគំនិតផ្តួចផ្តើមខាងលើ ព្រោះវាជាការចូលរួមផ្សព្វផ្សាយអំពីវប្បធម៌ ប្រពៃណីរបស់កម្ពុជា ដល់បណ្តាសិស្សានុសិស្សជប៉ុន។ ជាមួយគ្នានេះ អ្នកគ្រូ និងតំណាងសិស្សានុសិស្សជប៉ុន បានសម្តែងនូវក្តីរីករាយនិងអំណរគុណយ៉ាងខ្លាំងជូនចំពោះ ឯកឧត្តម ឯកអគ្គរាជទូត ដែលបានគាំទ្រដល់គម្រោងរបស់ពួកគេ៕