NEWS

23
Jul
2025
ឯកឧត្ដមឯកអគ្គរាជទូត អញ្ជើញចូលរួមជាភ្ញៀវកិត្តិយសក្នុងឱកាសដែល ឯកឧត្តម Fumio Kishida អតីតនាយករដ្ឋមន្ត្រីជប៉ុន និងបច្ចុប្បន្នជាសមាជិកសភាជប៉ុន អនុញ្ញាតដល់សិស្សានុសិស្សមកពីកម្ពុជាចំនួន ១០រូប ចូលជួបសម្តែងការគួរសម

នៅល្ងាចថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ តបតាមការអញ្ជើញរបស់អង្គការ Cambodia International Education Support Foundation (CIESF) ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានអញ្ជើញចូលរួមជាភ្ញៀវកិត្តិយសក្នុងឱកាសដែល ឯកឧត្តម Fumio Kishida អតីតនាយករដ្ឋមន្ត្រីជប៉ុន និងបច្ចុប្បន្នជាសមាជិកសភាជប៉ុន បានអនុញ្ញាតដល់សិស្សានុសិស្សថ្នាក់បឋមសិក្សានៃអង្គការ CIESF Leaders Academy (CLA) មកពីប្រទេសកម្ពុជាចំនួន ១០រូប ចូលជួបសម្តែងការគួរសម នៅសាលប្រជុំនៃអគារសភាជប៉ុន។ កម្មវិធីជំនួបខាងលើ ក៏មានការចូលរួមពីតំណាងសមាជិកសភា អភិបាលក្រុង Uda នៃខេត្ត Nara អភិបាលក្រុង Nachikatsuura នៃខេត្ត Wakayama ប្រធានអង្គការ CIESF តំណាងសមាគមប្រឹក្សាសម្រាប់លើកកម្ពស់ភាពជាដៃគូសាធារណៈនិងឯកជន (C+G) និងបុគ្គលិកអង្គការ CLA។

កម្មវិធីជំនួបនេះ គឺជាផ្នែកមួយនៃកម្មវិធីផ្លាស់ប្តូរទស្សនកិច្ចសិក្សារយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់ ២៥ ខែកក្កដា ឆ្នាំ២០២៥ ដែលត្រូវបានផ្តួចផ្តើមរៀបចំដោយអង្គការ CIESF ក្នុងគោលបំណងដើម្បីផ្តល់ឱកាសដល់សិស្សានុសិស្សមកពីកម្ពុជាបានសិក្សាស្វែងយល់ និងទទួលបានបទពិសោធន៍ក្រៅប្រទេសផ្ទាល់លើកដំបូង តាមរយៈការផ្លាស់ប្តូរវប្បធម៌ជាមួយសិស្សជប៉ុននៅទីក្រុង Uda និងទីក្រុង Nachikatsuura នៅប្រទេសជប៉ុន។ 

ឯកឧត្តម Fumio Kishida បានលេីកឡេីង​នូវចំណុចមួយចំនួន៖​ ១)​ បានបង្ហាញអារម្មណ៍សប្បាយរីករាយដែលបានជួបជាមួយសិស្សានុសិស្សកម្ពុជា,​ ២) បានរំលឹកឡើងវិញពីដំណេីរទស្សនកិច្ចផ្លូវការកន្លងមករបស់​ ឯកឧត្តម​ ទៅកាន់ប្រទេសកម្ពុជាក្នុងឆ្នាំ២០២២ ​ នៅពេលកម្ពុជាជាប្រធានអាស៊ាន, ៣) បានគូសបញ្ជាក់អំពីទំនាក់ទំនងកាន់តែរីកចម្រីនរវាងប្រទេសកម្ពុជា និងជប៉ុន ខណៈដែលប្រទេសទាំងពីរបានតម្លើងទំនាក់ទំនងទៅជា "ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ" នៅឆ្នាំ២០២៣ ស្របនឹងខួបទី៧០ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ, និង​ ៤) បង្ហាញចំណាប់អារម្មណ៍ខ្លាំងលើចំណេះដឹងភាសាជប៉ុនរបស់សិស្សានុសិស្សកម្ពុជា និងលើកទឹកចិត្តឱ្យពួកគាត់ប្រឹងប្រែងរៀនសូត្របន្ថែមទៀត ដើម្បីក្លាយជាធនធានមនុស្សដ៏សំខាន់ដែលជាស្ពានក្នុងការបង្កើនទំនាក់ទំនងរវាងប្រទេសទាំងពីរនាពេលអនាគត។

ក្នុងឱកាសនោះ ឯកឧត្តមឯកអគ្គរាជទូតបានលើកឡើងនូវចំណុចសំខាន់ៗមួយចំនួន រួមមាន ១) បានថ្លែងអំណរគុណជូនចំពោះឯកឧត្តម Fumio Kishida ដែលបានផ្តល់កិត្តិយសទទួលសិស្សានុសិស្សមកពីកម្ពុជា ទោះបីជាឯកឧត្តមមានកម្មវិធីមមាញឹកក៏ដោយ, និង ២) បានគូសបញ្ជាក់ពីសារៈសំខាន់នៃការពង្រឹង និងពង្រីកបន្ថែមទៀតនូវទំនាក់ទំនងដ៏រីកចម្រើន និងកិច្ចសហប្រតិបត្តិការដ៏រឹងមាំ ក្រោម “ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ” រវាងប្រទេសទាំងពីរ ដែលត្រូវបានតម្លើងក្នុងឆ្នាំ២០២៣ ក្នុងពេលដែល ឯកឧត្តម Fumio Kishida នៅបំពេញការងារជានាយករដ្ឋមន្ត្រីជប៉ុន និង ក្នុងឱកាសដំណើរទស្សនកិច្ចរការងារផ្លូវការបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាមកកាន់ប្រទេសជប៉ុនកាលពីថ្ងៃទី២៨ ដល់៣១ ខែឧសភា ឆ្នាំ២០២៥ ប្រកបដោយជោគជ័យ និងផ្លែផ្កា។ 

នៅល្ងាចថ្ងៃដដែល ស្ថានឯកអគ្គរាជទូតកម្ពុជាបានសហការរៀបចំកម្មវិធីស្វាគមន៍ សិស្សានុសិស្សកម្ពុជាចំនួន ១០រូប ខាងលើនិងពិសារអាហារពេលល្ងាចប្រកបដោយភាពស្និទ្ធស្នាល និងសប្បាយរីករាយ។ កម្មវិធីនេះ ក៏មានវត្តមានភ្ញៀវកិត្តិយសខាងលើ អញ្ជើញចូលរួមសរុបប្រមាណ ៣០នាក់។

សូមជម្រាបជូនថា អង្គការ CIESF គឺជាអង្គការជប៉ុនដែលមិនស្វែងរកប្រាក់ចំណេញ និងត្រូវបានបង្កើតឡើងនៅឆ្នាំ២០០៨ ដែលផ្តល់ការគាំទ្រផ្នែកអប់រំដែលមានគុណភាព និងពង្រឹងធនធានមនុស្សដល់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍។ អង្គការនេះមានទីស្នាក់ការធំនៅទីក្រុងតូក្យូ និងមានការិយាល័យ CLA មួយនៅភ្នំពេញ ដែលកំពុងបង្រៀនតាមបែបជប៉ុន៕