នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំជប៉ុន បានទទួលជួបលោក Kazumasa Sanui ប្រធានការិយាល័យ JICA ប្រចាំប្រទេសកម្ពុជា និងសហការី ដើម្បីសំដែងការគួរសម និងពិភាក្សាការងារ។
ក្នុងជំនួបខាងលើ លោក Kazumasa Sanui បានលើកឡើងអំពីវឌ្ឍនភាពការងារសំខាន់ៗ ដែលកំពុងដំណើរការនៅកម្ពុជា តាមរយៈគម្រោងសំខាន់ៗនៃជំនួយអភិវឌ្ឍផ្លូវការរបស់ប្រទេសជប៉ុន នៅកម្ពុជា រួមមាន គម្រោងកំពង់ផែទឹកជ្រៅនៅខេត្តព្រះសីហនុ គម្រោងជួសជុលផ្លូវជាតិលេខ៥ គម្រោងប្រព័ន្ធទឹកស្អាតនៅរាជធានីភ្នំពេញ និងខេត្តសៀមរាប ព្រមទាំងអំពីសមិទ្ធផលនានារបស់ JICA មានជាអាទិ៍ មន្ទីរពេទ្យខេត្តសៀមរាប ខេត្តបាត់ដំបង ខេត្តស្វាយរៀង ខេត្តព្រះសីហនុ និងមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម ការជួសជុលផ្លូវជាតិលេខ១ និងការសាងសង់ស្ពានTsubasa នៅអ្នកលឿង ជាដើម។
ជាការឆ្លើយតប ឯកឧត្តម ឯកអគ្គរាជទូត បានសម្ដែងការអរគុណដល់ រដ្ឋាភិបាល និងប្រជាជនជប៉ុន តាមរយៈ JICA ចំពោះកិច្ចសហប្រតិបត្តិការ និងការអនុវត្តសកម្មភាពនានានៅកម្ពុជា សម្រាប់ជាប្រយោជន៍ដល់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម នៅក្នុងប្រទេសកម្ពុជា ស្របពេលដែលចំណងមិត្តភាពរវាងប្រទេសកម្ពុជា និងជប៉ុន កាន់តែប្រសើរជាលំដាប់ ក្នុងការពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ លើគម្រោងកិច្ចសហប្រតិបត្តិការក្នុងវិស័យជាច្រើន៕