សូមអបអរសាទរ និងសូមអញ្ជើញបងប្អូនខ្មែរយើងដែលកំពុងរស់នៅ ធ្វើការ និងសិក្សានៅប្រទេសជប៉ុន ព្រមទាំងមិត្តជប៉ុនទាំងអស់ ចូលរួមគាំទ្រ និងទស្សនាឱ្យបានច្រើនកុះករ។ ពន្លាជាតិកម្ពុជា ស្ថិតនៅទីតាំងលេខ BS3 (Type B) ក្នុងតំបន់ “Saving Lives” ជាប់ប្រទេសទុយនេស៊ី។
សូមជម្រាបជូនផងដែរថា ពិព័រណ៍ពិភពលោក ២០២៥ អូសាកា កាន់សៃ មានរយៈពេល៦ខែ ពីថ្ងៃទី១៣ ខែមេសា ដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥នេះ ដោយក្នុងនោះកម្ពុជាបានជ្រើសរើស “ប្រាសាទកោះកេរ” ជាស្នូលក្នុងការសាងសង់ “ពន្លាជាតិ” ដែលឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់កម្ពុជា ក្នុងការអភិរក្សបេតិកភណ្ឌវប្បធម៌ ស្នាដៃស្ថាបត្យកម្ម និងសិល្បៈបុរាណខ្មែរ ដ៏សម្បូរបែប។
បន្ថែមលើនេះ ពន្លាជាតិកម្ពុជាក៏មានរំលេចនូវរូបសំណាកសត្វគោព្រៃដែលជាសត្វតំណាងជាតិ និងជីវចម្រុះដែលជានិមិត្តរូបនៃឧត្ដមភាពដ៏សម្បូរបែបនៃធនធានធម្មជាតិរបស់កម្ពុជា អមដោយការសាងសង់ថែវប្រាសាទអង្គរវត្ត ដោយបានរំលេចផ្ទាំងទស្សនីយភាពកូរសមុទ្រទឹកដោះនៅលើជញ្ជាំងថែវខាងកើតនៃប្រាសាទ ម៉ាកែតប្រាសាទអង្គរវត្ត សំណង់ផ្ទះខ្មែរធ្វើអំពីឫស្សី ទិដ្ឋភាពវាលស្រែដែលបង្ហាញអំពីសក្តានុពលកសិកម្ម និងវិស័យស្រូវ-អង្ករកម្ពុជា។
ទន្ទឹមនឹងនោះ កម្ពុជាក៏បាននាំយកផលិតផលសក្តានុពល រួមមានផលិតផលសម្គាល់ភូមិសាស្រ្តទំនិញ ស្វាយចន្ទី អង្ករ គ្រឿងចម្លាក់ប្រាក់ស្ពាន់ វត្ថុអនុស្សាវរីយ៍ គ្រឿងចម្លាក់ សម្លៀកបំពាក់ សូត្រមាស និងស្នាដៃសិល្បៈជាដើម។ល។ ក៏ដូចជាចាក់បញ្ចាំងវីដេអូតំបន់ទេសចរណ៍ប្រវត្តិសាស្រ្ត ជូនអ្នកទស្សនា និងថ្នាក់ដឹកនាំដែលនឹងអញ្ជើញចូលរួមពិព័រណ៍នេះផងដែរ បានជ្រាបអំពីសក្តានុពលសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍របស់កម្ពុជា។https://www.facebook.com/moc.gov.kh/posts/1069520935205728