NEWS

26
Apr
2025
ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន រៀបចំកម្មវិធីប្រឡងនិយាយភាសាខ្មែរជាលើកទី៨ ឆ្នាំ២០២៥

នៅថ្ងៃសៅរ៍ ទី២៦ ខែមេសា ឆ្នាំ២០២៥ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានរៀបចំកម្មវិធីប្រឡងនិយាយភាសាខ្មែរ នៅក្នុងបិរវេណស្ថានទូតកម្ពុជា នាទីក្រុងតូក្យូ។ កម្មវិធីនេះ មានបេក្ខជនប្រឡងសរុបចំនួន ១៦ នាក់ (ស្រី ១៤ នាក់) ដែលជាសិស្សនិស្សិតនិងអ្នកធ្វើការជនជាតិជប៉ុន និងដែលកំពុងសិក្សាភាសាខ្មែរ។ នេះជាលើកទី៨ ដែលស្ថានទូតកម្ពុជាបានរៀបចំការប្រឡងនិយាយភាសាខ្មែរនេះឡើង ដែលជាកម្មវិធីប្រចាំឆ្នាំ ក្នុងគោលបំណងលើកទឹកចិត្តដល់ប្រជាពលរដ្ឋជប៉ុនដែលកំពុងរៀនភាសាខ្មែរអាចចូលរួមដកបទពិសោធន៍ពីសមត្ថភាពនិយាយភាសាខ្មែររបស់ពួកគេ ព្រមទាំង លើកកម្ពស់ការសិក្សាស្រាវជ្រាវពីទំនាក់ទំនងកម្ពុជា-ជប៉ុន និងជំរុញការស្វែងយល់កាន់តែច្បាស់ពីប្រទេសកម្ពុជា ក៏ដូចជាជម្រុញទំនាក់ទំនងឱ្យកាន់តែប្រសើររវាងប្រជាជនទាំងពីរប្រទេសផងដែរ។ បេក្ខជនជ័យលាភីលេខ ១ និងបេក្ខនារីជ័យលាភីលេខ ២ និងលេខ៣ ក្នុងកម្មវិធីខាងលើ ទទួលបានរង្វាន់ធ្វើដំណើរកំសាន្តនៅប្រទេសកម្ពុជា នាអំឡុងខែសីហា ឬខែកញ្ញាឆ្នាំ២០២៥ រីឯបេក្ខជន-បេក្ខនារីផ្សេងទៀតដែលពុំទទួលជ័យលោភី ក៏ទទួលបានរង្វាន់លើកទឹកចិត្តផងដែរ។

សូមបញ្ជាក់ជូនថា កម្មវិធីការប្រឡងនិយាយភាសាខ្មែរ ត្រូវបានចាប់ផ្តើមប្រារព្ធឡើងជាលើកដំបូងនៅឆ្នាំ២០១៣ ដើម្បីអបអរសាទរខួប៦០ឆ្នាំនៃទំនាក់ទំនងការទូតកម្ពុជា-ជប៉ុន បន្ទាប់មកត្រូវបានអាក់ខានដោយសារវិបត្តិជំងឺកូវីដ-១៩ និងក្រោយមកបានចាប់ផ្តើមធ្វើឡើងវិញនៅឆ្នាំ២០២៣ ដែលជាខួប៧០ឆ្នាំនៃទំនាក់ទំនងការទូតកម្ពុជា-ជប៉ុន និងក្រោយមកទៀតត្រូវបានប្រារព្ធឡើងជាបន្តបន្ទាប់ជារៀងរាល់ឆ្នាំ។ 

នៅក្នុងឱកាសនោះ បន្ទាប់ពីកម្មវិធីប្រឡងបានបញ្ចប់ ស្ថានឯកអគ្គរាជទូតកម្ពុជាក៏មានរៀបចំផងដែរនូវកម្មវិធីសំណេះសំណាល និងពិសាម្ហូបអាហារខ្មែរ ដើម្បីបង្កើតបណ្តាញទំនាក់ទំនងរវាងអ្នកចូលរួម និងផ្សព្វផ្សាយអំពីមុខម្ហូបខ្មែរ។ កម្មវិធីខាងលើ បានចូលរួមចំណែកមួយយ៉ាងសំខាន់ផងដែរ ក្នុងការពង្រឹងទំនាក់ទំនងរវាងកម្ពុជា-ជប៉ុន ព្រមទាំងជាផ្នែកមួយនៃការជំរុញសេដ្ឋកិច្ចការទូតផងដែរ៕

https://www.facebook.com/cambodianembassyinjapan/posts/1113654684131764