តបតាមការអញ្ជើញរបស់ ឯកឧត្តម DATO’ SHAHRIL EFFENDI ABD GHANY ឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំប្រទេសជប៉ុន នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសជប៉ុន អមដោយលោក អៀង សេងហេង លេខាធិការទី២នៃស្ថានទូត បានចូលរួមកិច្ចប្រជុំលើកទី៣២៥ នៃ ACT ក្រោមភាពជាប្រធានប្តូរវេនរបស់ស្ថានទូតម៉ាឡេស៊ី ប្រចាំប្រទេសជប៉ុន និងមានការចូលរួមពីឯកអគ្គរាជ/រដ្ឋទូត ភារៈធារីស្តីទី និងអនុប្រធានស្ថានទូតនៃបណ្តាប្រទេសសមាជិកអាស៊ានផ្សេងទៀត។ កិច្ចប្រជុំនេះបានផ្តោតការពិភាក្សា និងផ្លាស់ប្តូរមតិយោបល់លើប្រធានបទមួយចំនួន ១) ការវិវត្តនយោបាយក្នុងប្រទេសជប៉ុន រួមទាំងស្ថានភាពរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី Ishiba មុនការបោះឆ្នោតសភាជាន់ខ្ពស់ក្នុងខែកក្តដា ឆ្នាំ២០២៥ ខាងមុខនេះ និង ២) ការវិវត្តក្នុងតំបន់ រួមទាំងផលប៉ះពាល់ពីគោលនយោបាយពាណិជ្ជកម្មថ្មីរបស់សហរដ្ឋអាមេរីកមកលើសេដ្ឋកិច្ចជប៉ុន និងទំនាក់ទំនងសេដ្ឋកិច្ចអាស៊ាន-ជប៉ុន។
ស្របពេលជាមួយគ្នានេះ ស្ថានទូតម៉ាឡេស៊ីក៏បានអញ្ជើញឯកឧត្តម Shingo Miyamoto អគ្គនាយកទទួលបន្ទុកកិច្ចការអាស៊ីអាគ្នេយ៍ និងអាស៊ីនិរតី នៃក្រសួងការបរទេសជប៉ុន ជាវាគ្មិនកិត្តិយសចូលរួមធ្វើបទបង្ហាញ និងពិភាក្សាស្តីពី ការពង្រឹងទំនាក់ទំនងរវាងអាស៊ាន-ជប៉ុន ជាពិសេសក្រោយពេលសហរដ្ឋអាមេរីកដាក់ចេញនូវគោលនយោបាយពាណិជ្ជកម្ម នាពេលថ្មីៗនេះ៕