នៅព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសជប៉ុន អមដោយមន្រ្តី និងបុគ្គលិកស្ថានទូត រួមជាមួយ លោក ឌឹម ឌី និងក្រុមគ្រួសារ ដែលជាពុទ្ធបរិស័ទចំណុះជើងវត្ត បានអញ្ជើញចូលរួមពិធីបុណ្យកាន់បិណ្ឌ១ នៅវត្តបារមីគិរីខេមរាភ្នំបិតាធំ នៅខេត្តកាណាហ្កាវ៉ា ប្រទេសជប៉ុន។
ក្នុងពិធីបុណ្យកាន់បិណ្ឌ១ នេះ ឯកឧត្តម ឯកអគ្គរាជទូត និងមន្ត្រីនៃស្ថានទូត បាននាំយកនូវទេយ្យទាន គ្រឿងឧបភោគបរិភោគ និងបច្ច័យមួយចំនួន ទៅវេរប្រគេនព្រះសង្ឃ ដែលគង់ចាំព្រះវស្សា នៅវត្តបារមីគិរីខេមរាភ្នំបិតាធំ ដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់ដួងវិញ្ញាណក្ខន្ធជីដូនជីតា បុព្វការីជន និងញាតិការ៧សន្តាន ដែលបានចែកឋានទៅកាន់លោកខាងមុខ។
សូមជម្រាបជូនថា តាមកម្មវិធីរបស់គណៈកម្មាធិការវត្តភ្នំបិតាធំ បានកំណត់យកថ្ងៃអាទិត្យ ទី៧ ខែកញ្ញា ឆ្នាំ២០២៥ ជាថ្ងៃវេនបិណ្ឌ១ ដើម្បីឱ្យពុទ្ធបរិស័ទចំណុះជើងវត្ត បានចូលរួមឱ្យបានច្រើន៕