តបតាមការអញ្ជើញរបស់ ឯកឧត្តម Soe Han ឯកអគ្គរដ្ឋទូតមីយ៉ាន់ម៉ាប្រចាំប្រទេសជប៉ុន នៅល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសជប៉ុន អមដោយលោក អៀង សេងហេង លេខាធិការទី២នៃស្ថានទូត បានចូលរួមកិច្ចប្រជុំលើកទី៣២៦ នៃ ACT ក្រោមភាពជាប្រធានប្តូរវេនរបស់ស្ថានទូតមីយ៉ាន់ម៉ា ប្រចាំប្រទេសជប៉ុន និងមានការចូលរួមពីឯកអគ្គរាជ/រដ្ឋទូត ភារៈធារីស្តីទី និងអនុប្រធានស្ថានទូតនៃបណ្តាប្រទេសសមាជិកអាស៊ានផ្សេងទៀត។ កិច្ចប្រជុំនេះបានផ្តោតការពិភាក្សា និងផ្លាស់ប្តូរមតិយោបល់លើប្រធានបទមួយចំនួន ១) ការវិវត្តនយោបាយក្នុងប្រទេសជប៉ុន រួមទាំងស្ថានភាពរដ្ឋបាលរបស់លោកនាយករដ្ឋមន្ត្រី Ishiba ក្រោយការបោះឆ្នោតសភាជាន់ខ្ពស់កាលពីថ្ងៃទី២០ ខែកក្តដា ឆ្នាំ២០២៥ និង ២) ការវិវត្តក្នុងតំបន់ រួមទាំងលទ្ធផលនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៨ ដែលបានរៀបចំឡើងនៅថ្ងៃទៅ០៩ ខែកក្តដា ឆ្នាំ២០២៥ ក្នុងប្រទេសម៉ាឡេស៊ី។
ស្របពេលជាមួយគ្នានេះ ស្ថានទូតមីយ៉ាន់ម៉ាក៏បានអញ្ជើញលោក Takashi Arikawa នាយកប្រតិបត្តិនៃ The Nippon Foundation ដែលជាអង្គការធំមួយរបស់ជប៉ុន ជាវាគ្មិនកិត្តិយសចូលរួមធ្វើបទបង្ហាញ និងពិភាក្សាស្តីពីគោលដៅ សកម្មភាព និងការរួមចំណែករបស់ The Nippon Foundation នៅក្នុងប្រទេសសមាជិកអាស៊ាន៕