NEWS

22
Sep
2025
ឯកឧត្ដម ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន អញ្ជើញចូលរួមជាវាគ្មិនកិត្តិយស នៅក្នុងកម្មវិធី “ប្រទេសនិយាយភាសាបារាំង ក្នុងគ្រប់ទម្រង់របស់ខ្លូន (La Francophonie dans tous ses états)”

នៅរសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៥ តបតាមការអញ្ជើញរបស់លោក PEJO Philippe អគ្គលេខាធិការនៃគណកម្មាធិការហ្វ្រង់កូហ្វូនី នៃឯកអគ្គរដ្ឋទូតវ័យក្មេងដែលនិយាយភាសាបារាំង (Comité francophone des Jeunes ambassadeurs francophones) ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានអញ្ជើញចូលរួមជាវាគ្មិនកិត្តិយសនៅក្នុងកម្មវិធី “ប្រទេសនិយាយភាសាបារាំងក្នុងគ្រប់ទម្រង់របស់ខ្លួន (La Francophonie dans tous ses états)” ដែលជាកិច្ចពិភាក្សាតុមូលលើ៥ប្រធានបទផ្សេងៗគ្នា ពាក់ព័ន្ធនឹងហ្វ្រង់កូហ្វូនី នៅពន្លាជាតិនៃប្រទេសបារាំង នាទីក្រុងអូសាកា។ 

នាឱកាសនោះ ឯកឧត្តមឯកអគ្គរាជទូត បានចូលរួមជាវាគ្មិនលើប្រធានបទទី១ ស្តីពី «ហ្វ្រង់កូហ្វូនីក្នុងលក្ខណៈនយោបាយ និងស្ថាប័ន ឆ្ពោះទៅរកកិច្ចប្រជុំកំពូលនៅទីក្រុងសៀមរាប នៅឆ្នាំ២០២៦ «La Francophonie politique et institutionnelle sur le chemin du Sommet de Siem Reap en 2026» ដោយគូសបញ្ជាក់ថា៖ ១) ហ្វ្រង់កូហ្វូនី មិនគ្រាន់តែផ្តោតលើផ្នែកវប្បធម៌ប៉ុណ្ណោះទេ តែហ្វ្រង់កូហ្វូនីក៏ជាលំហនយោបាយមួយដែលផ្តោតលើកិច្ចសន្ទនា សាមគ្គីភាព និងអភិបាលកិច្ចផ្នែកប្រជាធិបតេយ្យផងដែរ ២) អង្គការអន្តរជាតិហ្វ្រង់កូហ្វូនី ដើរតួនាទីកណ្តាលក្នុងការសម្រុះសម្រួល ការការពារជម្លោះ និងការពង្រឹងស្ថាប័ន ៣) កម្ពុជាមានបំណងពង្រឹងវត្តមានរបស់ខ្លួនលើវេទិកាពហុភាគីហ្វ្រង់កូហ្វូន ដូចជា តាមរយៈការបង្កើតការិយាល័យកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចហ្វ្រង់កូនហ្វូន នៅទីក្រុងភ្នំពេញ។ ហ្វ្រង់កូហ្វូនីផ្តល់ក្របខ័ណ្ឌតែមួយសម្រាប់សម្របសម្រួលកិច្ចប្រឹងប្រែងក្នុងវិស័យសន្តិភាព អប់រំ និងការអភិវឌ្ឍន៍ ៤) ប្រធានបទនៃកិច្ចប្រជុំកំពូលសង្កត់ធ្ងន់លើយុវជនៈ វាចាំបាច់ណាស់ក្នុងការចូលរួមរបស់យុវជនក្នុងគោលនយោបាយនិយាយភាសាបារាំង តាមរយៈការអប់រំ ភាពជាសហគ្រិន និងការចល័ត ៥) អំពាវនាវដល់បណ្តារដ្ឋជាសមាជិក និងប្រតិបត្តិករនៃពិភពលោកនិយាយភាសាបារាំង ឲ្យគាំទ្រកិច្ចប្រជុំកំពូលទីក្រុងសៀមរាប ទាំងបច្ចេកទេស និងនយោបាយ ៦) ការអញ្ជើញ ដើម្បីធ្វើឲ្យកិច្ចប្រជុំកំពូលទីក្រុងសៀមរាប ជាពេលវេលានៃកិច្ចចាប់ផ្តើមឡើងវិញ ជាយុទ្ធសាស្ត្រសម្រាប់ពិភពលោកនិយាយភាសាបារាំងនៅក្នុងពិភពលោកមួយផ្លាស់ប្តូរ។

ឆ្លៀតក្នុងឱកាសនោះផងដែរ ឯកឧត្តមឯកអគ្គរាជទូត ក៏បានជម្រាបជូនដល់បណ្តាយុវជនហ្វ្រង់កូហ្វូន អំពីបច្ចុប្បន្នភាពនៃការត្រៀមធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅកម្ពុជា នៅឆ្នាំ២០២៦៕