NEWS

8
Apr
2025
ឯកឧត្ដម ឯកអគ្គរាជទូតកម្ពុជា ចូលរួមមហាពិធីអបអរសាទរទិវាព្រះពុទ្ធ សាសនាអន្តរជាតិ ៨ មេសា ឆ្នាំ២០២៥ នៅមហាសាលនៃព្រះពុទ្ធសាសនា Nenbutsushu Sampozan Muryojuji

តាមការអញ្ជើញរបស់ព្រះតេជគុណបណ្ឌិត Kori Shinkai ជាប្រធាននៃកិច្ចប្រជុំកំពូលពុទ្ធសាសនិកពិភពលោក និងសន្និសីទកំពូលនៃពុទ្ធសាសនិកពិភពលោកនៃមហាសាលនៃព្រះពុទ្ធសាសនា Nenbutsushu Sampozan Muryojuji នៅទីក្រុងកាតុ (Kato) នៃខេត្តហ្យូហ្គុ (Hyogo) នាថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥ ឯកឧត្ដម ឯកអគ្គរាជទូត ទុយ រី អមដោយសហការី បានអញ្ជើញចូលរួមក្នុងមហាពិធីអបអរសាទរទិវាព្រះពុទ្ធសាសនាអន្តរជាតិ ៨ មេសា ឆ្នាំ២០២៥ (International Buddhist Day 2025)។ កម្មវិធីនេះ ត្រូវបានរៀបចំដោយគណៈកម្មការព្រះពុទ្ធសាសនានៃព្រះវិហារ Nenbutsushu និងមានការនិមន្តចូលរួមដោយព្រះមហាសង្ឃជាប្រធានដឹកនាំព្រះពុទ្ធសាសនានៃប្រទេសស្រីលង្ការ ការយាងចូលរួមពីសំណាក់ម្ចាស់ក្សត្រី Ashi Dechan Wangmo Wangchuck ពីប្រទេសប៊ូតានទទួលបន្ទុកលើកស្ទួយពុទ្ធសាសនាពិភពលោក ម្ចាស់ក្សត្រី នរោត្តម ម៉ារី ទីប្រឹក្សាកិត្តិយសនៃសមាគមនារីនៃព្រះវិហារ Nenbutsushu ម្ចាស់ក្សត្រី នរោត្តម រតនាទេវី ទីប្រឹក្សាកិត្តិយសនៃសមាគមយុវជននៃព្រះវិហារ Nenbutsushu និងលោកបណ្ឌិត Doudou Diene ជំនាញការរបស់ឯកឧត្តមអគ្គលេខាធិការអង្គការសហប្រជាជាតិ ក៏ដូចជាពីសំណាក់ ឯកអគ្គរាជ/រដ្ឋទូត ភារធារីស្តីទី និងកុងស៊ុល សរុបចំនួន ១២ប្រទេស និងពុទ្ធសាសនិកជប៉ុនរាប់ពាន់នាក់បានចូលរួមអបអរ និងគាំទ្រដ៏ច្រើនកុះករ។ 

កម្មវិធីខាងលើនេះ ត្រូវបានប្រារព្ធឡើងក្នុងគោលបំណងបង្កើនការរួបរួមគ្នានិងធ្វើការជាមួយគ្នាក្នុងចំណោមអ្នកកាន់សាសនាព្រះពុទ្ធក្នុងពិភពលោក  ដើម្បីពង្រីកការផ្សព្វផ្សាយសាសនាព្រះពុទ្ធ ក្នុងគោលដៅដើម្បីសន្តិភាពនិងលើកតម្កើងសុភមង្គល ក៏ដូចជា វិបុលភាពមនុស្សជាតិទូទាំងពិភពលោក។ ក្នុងឱកាសប្រារព្ធមហាពិធីខាងលើ 

ព្រះករុណា ព្រះបាទសម្តេចនរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានសព្វព្រះរាជហប្ញទ័យផ្ញើព្រះរាជសារអបអរសាទរការប្រារព្ធមហាពិធីអបអរសាទរទិវាពុទ្ធសាសនាអន្តរជាតិ ដែលត្រូវបានបកប្រែជាភាសាប៉ុន និងអានដោយភាគីរៀបចំផងដែរ។