NEWS

2
Oct
2025
ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន អញ្ជើញចូលរួមជាភ្ញៀវកិត្តិយស និងថ្លែងសុន្ទរកថា នៅក្នុងកម្មវិធីសិក្ខាសាលា “JCA Annual Cambodia Business Seminar” រៀបចំដោយសមាគមជប៉ុន-កម្ពុជា (Japan-Cambodia Association)

នៅរសៀលថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានអញ្ជើញចូលរួមជាភ្ញៀវកិត្តិយស និងថ្លែងសុន្ទរកថា នៅក្នុងកម្មវិធីសិក្ខាសាលា “JCA Annual Cambodia Business Seminar” ដែលរៀបចំឡើងដោយ សមាគមជប៉ុន-កម្ពុជា (Japan-Cambodia Association) នៅអគារទីស្នាក់ការតំណាងរាស្រ្ដជប៉ុន ដោយមានការចូលរួមពី សមាជិកសមាគមជប៉ុន-កម្ពុជា និងក្រុមហ៊ុនឯកជនជប៉ុនផ្សេងទៀត ប្រមាណជាង ១០០នាក់។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ឯកអគ្គរាជទូតកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សមាគមជប៉ុន-កម្ពុជា (JCA) ដែលតែងតែដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជា និងជប៉ុន តាមរយៈការបន្តរៀបចំសិក្ខាសាលាវិនិយោគ កម្មវិធីផ្គូផ្គងពាណិជ្ជកម្ម និងជាពិសេសការបន្តបញ្ជូនគណៈប្រតិភូជំរុញការវិនិយោគជប៉ុន ទៅកាន់ប្រទេសកម្ពុជា ដែលសកម្មភាពនេះពិតជាបានជួយជំរុញទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា និងជប៉ុន កាន់តែល្អប្រសើរឡើងថែមទៀត។

ជាមួយនឹងការប្តេជ្ញាចិត្តដ៏មុតមាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ISHIBA Shigeru នាយករដ្ឋមន្ត្រីជប៉ុន ក្នុងការពង្រឹង និងពង្រីកឱ្យកាន់តែស៊ីជម្រៅនូវទំនាក់ទំនងជា ដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរបស់ប្រទេសទាំងពីរ លើគ្រប់វិស័យ ឯកឧត្តមឯកអគ្គរាជទូត បានលើកឡើងអំពីលទ្ធផលសំខាន់ៗ នៃដំណើរបេសកកម្មការងាររបស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា មកកាន់ប្រទេសជប៉ុន នាពេលថ្មីៗនេះ ដូចជា៖ ១-កិច្ចប្រជុំរវាង លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា ជាមួយវិស័យឯកជនជប៉ុន កាលពីដើមខែកញ្ញា នៅទីក្រុងអូសាកា ២- ជំនួបពិភាក្សាការងាររវាង ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា ជាមួយអភិបាលខេត្ត Aichi និងអភិបាលក្រុង Nagoya ព្រមទាំងការចូលរួមក្នុងពិព័រណ៍ទេសចរណ៍ជប៉ុន និងកិច្ចប្រជុំតុមូលថ្នាក់រដ្ឋមន្ត្រី នៅទីក្រុងណាហ្កូយ៉ា កាលពីថ្ងៃទី២៤-២៦ ខែកញ្ញា និង ៣- “កិច្ចប្រជុំពិភាក្សាស្តីពីវិស័យឯកជនរបស់ជប៉ុន” ដែលរៀបចំកាលពីថ្ងៃទី២៥ ខែកញ្ញា នៅស្ថានទូត ដឹកនាំដោយ ឯកឧត្តមសាស្រ្តាចារ្យបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា ទេសរដ្ឋមន្រ្តីទទួលបន្ទុកលើវិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ច ប្រធានគណៈកម្មាធិការផ្តល់យោបល់លើគោលនយោបាយពាណិជ្ជកម្ម (គ.ផ.គ.ព.) និងជាប្រធានក្រុមការងារសិក្សាអំពីកិច្ចព្រមព្រៀងទូលំទូលាយនិងរីកចម្រើនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CP-TPP)។

ឯកឧត្តម ឯកអគ្គរាជទូត បានគូសបញ្ជាក់ថា ដំណើរបេសកកម្មការងាររបស់ថ្នាកដឹកនាំរាជរដ្ឋាភិបាលកម្ពុជា មកកាន់ប្រទេសជប៉ុនថ្មីៗនេះ បានបង្ហាញពីការ​យកចិត្ត​ទុកដាក់​យ៉ាង​ខ្លាំងបំផុតរបស់រាជរដ្ឋាភិបាលកម្ពុជា​ ចំពោះ​វិស័យ​ឯកជន​ជប៉ុន ​ដែលកំពុង​ធ្វើ​អាជីវកម្ម​នៅ​កម្ពុជាផង និងបានពង្រីកបន្ថែមនូវកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ រវាងប្រទេសទាំងពីរ ផងដែរ។

ជាចុងក្រោយ ឯកឧត្តម បានជូនពរដល់​សមាជិក​គណៈប្រតិភូ​ធុរកិច្ច JCA ទាំងអស់ ដែលនឹងចូលរួមកម្មវិធីទស្សនកិច្ចធុរកិច្ចនិងវិនិយោគ លើកទី៥ ទៅកាន់​ប្រទេស​កម្ពុជា នៅថ្ងៃទី១០-១២ ខែវិច្ឆិកា ឆ្នាំ២០២៥ រៀបចំដោយសមាគម JCA ខាងមុខនេះ ​ឱ្យ​ទទួល​បាន​ជោគជ័យ និង​លទ្ធផលជាទី​គាប់ប្រសើរតាមការគ្រោងទុក។ ឯកឧត្តម ក៏បានជំរុញឱ្យសមាជិកសមាគម JCA ដែលមិនទាន់បានធ្វើដំណើរទៅកម្ពុជា សូមឆ្លៀតឱកាសទៅទស្សនាប្រទេសកម្ពុជា ក្នុងគោលបំណងធុរកិច្ច ឬក្នុងនាមជាអ្នកទេសចរក៏បាន ដោយកម្ពុជា រង់ចាំទទួលស្វាគមន៍ជាមួយនឹងស្នាមញញឹម និងដោយក្តីរីករាយរាក់ទាក់ជាទីបំផុត៕