NEWS

21
Sep
2025
ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសជប៉ុន ចូលរួមពិធីបុណ្យភ្ជុំបិណ្ឌ នៅវត្តបារមីគិរីខេមរាភ្នំបិតាធំ នៃខេត្តកាណាហ្កាវ៉ា ប្រទេសជប៉ុន

នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសជប៉ុន អមដោយមន្រ្តីស្ថានទូត បានអញ្ជើញចូលរួមពិធីបុណ្យភ្ជុំបិណ្ឌ នៅវត្តបារមីគិរីខេមរាភ្នំបិតាធំ នៅខេត្តកាណាហ្កាវ៉ា ប្រទេសជប៉ុន ដែលមានការចូលរួមយ៉ាងអធឹកអធមពីសំណាក់បងប្អូនពុទ្ធបរិស័ទខ្មែរ។ ក្នុងពិធីបុណ្យភ្ជុំបិណ្ឌនេះ ឯកឧត្តម ឯកអគ្គរាជទូត និងមន្ត្រីនៃស្ថានទូត បាននាំយកនូវទេយ្យទាន គ្រឿងឧបភោគ បរិភោគ និងបច្ច័យមួយចំនួន ទៅវេរប្រគេនព្រះសង្ឃ ដែលគង់ចាំព្រះវស្សា នៅវត្តបារមីគិរីខេមរាភ្នំបិតាធំ ដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់ដួងវិញ្ញាណក្ខន្ធជីដូនជីតា បុព្វការីជន និងញាតិការទាំង៧សន្តាន ដែលបានចែកឋានទៅកាន់លោកខាងមុខ ព្រមទាំងបានបួងសួងសូមឱ្យប្រទេសកម្ពុជា ជួបតែសុខសន្តិភាព ផងដែរ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមឯកអគ្គរាជទូត បានមានប្រសាសន៍សំណេះសំណាលសួរសុខទុក្ខបងប្អូនខ្មែរទាំងអស់យ៉ាងស្និទ្ធស្នាល និងបានជម្រាបជូនអំពីបច្ចុប្បន្នភាពស្តីពីស្ថានការណ៍ជុំវិញជម្លោះព្រំដែនកម្ពុជា-ថៃ នាពេលថ្មីៗនេះ​ រួមមាន ១) សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានស្នើ ឯកឧត្តម អានវ៉ា អ៊ីប្រាហ៊ីម ធ្វើអន្តរាគមន៍ជាបន្ទាន់ ដើម្បីបន្ធូរភាពតានតឹងរវាងកងកម្លាំងប្រដាប់អារុធថៃ និងប្រជាពលរដ្ឋស៊ីវិលកម្ពុជា ដើម្បីថែរក្សាស្ថេរភាពបច្ចុប្បន្ន ការពារកុំអោយមានការដាក់របាំងបន្លាលួសបន្ថែម និង២) សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា​តវ៉ា និងជំទាស់យ៉ាងខ្លាំងចំពោះចេតនារបស់ថៃ ក្នុងការអនុវត្តច្បាប់ក្នុងស្រុករបស់ខ្លួនទៅលើពលរដ្ឋកម្ពុជា នៅភូមិជោគជ័យ និងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ 

ឯកឧត្តម ឯកអគ្គរាជទូត បានលើកទឹកចិត្តដល់បងប្អូនខ្មែរទាំងអស់គាំទ្រជំហររបស់រាជរដ្ឋាភិបាល ប្រកាន់នូវភាពអត់ធ្មត់ជាទីបំផុត ដែលគោរពយ៉ាងម៉ឺងម៉ាត់តាមបទឈប់បាញ់ និងប្តេជ្ញាចិត្តក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី តាមផ្លូវការទូត និងស្របតាមច្បាប់អន្តរជាតិ។ ឯកឧត្តមឯកអគ្គរាជទូត ក៏បានជូនពរបងប្អូនខ្មែរ​ទាំងអស់នៅប្រទេសជប៉ុន ជួបតែសេក្តីសុខគ្រប់ប្រការក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ៕