NEWS

13
Jun
2025
ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុនរៀបចំកម្មវិធី « Get-together reception » ថ្លែងអំណរគុណ ដល់ក្រុមហ៊ុនដៃគូឧបត្ថម្ភក្នុងកម្មវិធីពិព័រណ៍កម្ពុជា លេីកទី៩ ឆ្នាំ២០២៥

នៅរសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥​ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានរៀបចំកម្មវិធី « Get-together reception » ដើម្បីថ្លែងអំណរគុណ ដល់ក្រុមហ៊ុនដៃគូទាំងអស់សរុបចំនួន ២៣ ដែលបានចូលរួមឧបត្ថម្ភក្នុងកម្មវិធីពិព័រណ៍កម្ពុជា លេីកទី៩ កាលពីថ្ងៃទី០៣-០៤ ខែឧសភា ឆ្នាំ២០២៥​ កន្លងទៅ ប្រកបដោយជោគជ័យគួរជាទីមោទនៈ ។ 

ក្នុងឱកាសនោះ ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានប្រគល់ប័ណ្ណថ្លែងអំណរគុណ ដល់តំណាងក្រុមហ៊ុនទាំងអស់ខាងលើ ដែលបានរួមចំណែកធ្វើឲ្យពិព័រណ៌កម្ពុជានាដើមខែឧសភា កន្លងទៅ ប្រព្រឹត្តទៅប្រកបដោយជោគជ័យគួរជាទីមោទនៈ។

សូមអនុញ្ញាតជម្រាបជូនផងដែរថា កម្មវិធីពិព័រណ៍កម្ពុជា មានការសម្តែងសិល្បៈខ្មែរ​ បុរាណនិងសម័យ​ ការលក់ម្ហូបអាហារខ្មែរ ការតាំង និងលក់ផលិតផលនានារបស់កម្ពុជាជាដើម។​ កម្មវិធីពិព័រណ៍រយៈពេលពីរថ្ងៃកន្លងទៅនេះ ត្រូវបានចូលរួមដោយផ្ទាល់ជាភ្ញៀវកិត្តិយសដោយ ឯកឧត្តម រដ្ឋលេខាធិការនៃក្រសួងការបរទេសជប៉ុន និង ឯកឧត្តម លោកជំទាវ ឯកអគ្គរដ្ឋទូត និងភារធារីស្តីទី នៃបណ្តាប្រទេសអាស៊ាន  ភ្ញៀវជាតិ និងអន្តរជាតិ ព្រមទាំងមិត្តជប៉ុន និងបងប្អូនខ្មែរ ដ៏ច្រើនកុះករ សរុប ប្រមាណជិត ១០ម៉ឺននាក់ ដែលជាការឆ្លុះបញ្ចាំង ឱ្យឃើញនូវការគាំទ្រ និងលើកស្ទួយវិស័យវប្បធម៌ ទេសចរណ៍ ពាណិជ្ជកម្ម និងសេដ្ឋកិច្ចកម្ពុជាផងដែរ៕