នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ តបតាមការអញ្ជើញរបស់មជ្ឈមណ្ឌលសហប្រតិបត្តិការអន្តរជាតិសម្រាប់កំព្យូទ័រ (Center of the International Cooperation for Computerization - CICC) លោក សុខ ធា អគ្គទីប្រឹក្សា និងលោក ស៊ីន សារ៉ាយ អនុព័ន្ធពាណិជ្ជកម្មរបស់ស្ថានទូត បានចូលរួមសន្និសីទស្តីពី យុទ្ធសាស្ត្រឌីជីថលនៅបណ្តាប្រទេសអាស៊ី (Conference on Digital Strategies in Asian Countries) នៅទីក្រុងតូក្យូ ដែលសហការគាំទ្រដោយក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន មជ្ឈមណ្ឌលអាស៊ាន-ជប៉ុន និងសាកលវិទ្យាល័យ Waseda។ សន្និសីទនេះ មានគោលបំណងដើម្បីផ្តល់ឱកាសក្នុងការចែករំលែកព័ត៌មាន និងកសាងនូវបណ្តាញក្រុមការងារពាក់ព័ន្ធនឹងវិស័យឌីជីថលក្នុងចំណោមបណ្តាប្រទេសអាស៊ី។
សន្និសីទខាងលើ មានការចូលរួមពីវាគ្មិនមកពី ៧ប្រទេស រួមទាំង កម្ពុជា តំណាងក្រសួងពាក់ព័ន្ធរបស់ជប៉ុន ក្រុមហ៊ុនឯកជន ស្ថានទូតរបស់បណ្តាប្រទេសមួយចំនួនប្រចាំប្រទេសជប៉ុន ផងដែរ។ ក្នុងឱកាសនោះ ឯកឧត្តម ស៊ុន រ៉ាពីដ អនុរដ្ឋលេខាធិការ នៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍របស់កម្ពុជា បានអញ្ជើញធ្វើបទបង្ហាញអំពី ការផ្លាស់ប្តូរឌីជីថលក្នុងប្រទេសកម្ពុជា ព្រមទាំងបានរំលេចនូវសមិទ្ធផលលេចធ្លោមួយចំនួនក្នុងវិស័យឌីជីថល និងផែនការនាពេលអនាគត ដែលស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា៕