នៅថ្ងៃសៅរ៍ ទី១៩ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន អមដោយលោក ស៊ីន សារ៉ាយ អនុព័ន្ធពាណិជ្ជកម្ម បានអញ្ជើញចូលរួមជាអធិបតី នៅក្នុងកម្មវិធីវប្បធម៌មិត្តភាពកម្ពុជា-ជប៉ុនភូមិខ្មែរ ដែលរៀបចំឡើងដោយក្រុមហ៊ុនកូជីម៉ា (Kojima Holdings Group) សហការជាមួយគណៈកម្មាធិការផ្លាស់ប្តូរអន្តរជាតិទីក្រុងអ៊ីសិហារ៉ា (International Exchange Committee Isehara) នៅភូមិខ្មែរ ទីក្រុងអ៊ីសិហារ៉ា ខេត្តកាណាហ្គាវ៉ា ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម ហាហ្គិវ៉ារ៉ា (Tetsuya Hagiwara) អភិបាលក្រុងអ៊ីសិហារ៉ា, លោក កូជីម៉ា ម៉ាសាណូបុ (Kojima Masanobu) ម្ចាស់ក្រុមហ៊ុន Kojima Holdings Group, លោក អូកាមិ (Ken Okami) នាយកក្រុមហ៊ុន Kojima Holdings Co., Ltd. លោកស្រី ម៉ាជីកូ (Machiko Kosugi) ប្រធានមជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជាទីក្រុងអាតស៊ូគិ, លោកជំទាវ ខាមេអ៊ិ អេកូ ភរិយារបស់អតីតរដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទជប៉ុន ព្រមទាំងបុគ្គលិកក្រុមហ៊ុនកូជីម៉ា បងប្អូនសហគមន៍ខ្មែរ និងនិស្សិតខ្មែរ ដែលកំពុងរស់នៅ ធ្វើការ និងសិក្សានៅប្រទេសជប៉ុន និងមិត្តជប៉ុន សរុបប្រមាណជាង ១០០នាក់។
កម្មវិធីវប្បធម៌មិត្តភាពកម្ពុជា-ជប៉ុននេះ រៀបចំឡើងក្នុងគោលបំណងដើម្បីពង្រឹងមិត្តភាពប្រជាជននិងប្រជាជនខ្មែរ-ជប៉ុន លើកស្ទួយវិស័យវប្បធម៌ និងព្រះពុទ្ធសាសនាខ្មែរ ក្នុងទិសដៅជំរុញវិស័យទេសចរណ៍ ព្រមទាំងផ្សព្វផ្សាយជំរុញទីផ្សារផលិតផលខ្មែរផងដែរ ដែលក្នុងនោះមានកម្មវិធីសំខាន់ៗដូចជា ពិធីសូត្រមន្ត ចម្រើនព្រះបរិត្ត ប្រសិទ្ធពរជ័យ សិរីសួស្តីជូនដល់អ្នកចូលរួម ការសម្តែងរបាំបុរាណខ្មែរដោយក្រុមកុមារាកុមារីខ្មែរ-ជប៉ុន ការសម្តែងវាយស្គរពីក្រុមយុវជនជប៉ុននៃទីក្រុងអ៊ីសិហារ៉ា “Rakuko” និងការតាំងបង្ហាញផលិតផលខ្មែរ និងម្ហូបអាហារខ្មែរជាដើម។
ក្នុងឱកាសនោះ ឯកឧត្តមឯកអគ្គរាជទូត បានវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុនកូជីម៉ា ក៏ដូចជាមជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជា ដែលតែងតែរៀបចំនូវសកម្មភាពជំរុញពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍ ជាពិសេសកម្មវិធីវប្បធម៌មិត្តភាពកម្ពុជា-ជប៉ុនក្នុងថ្ងៃនេះ ដែលបានកំពុងរួមចំណែកយ៉ាងខ្លាំងក្នុងការពង្រឹងមិត្តភាពល្អយូរអង្វែងរវាងកម្ពុជា-ជប៉ុនផង ថែរក្សាបាននូវប្រពៃណីវប្បធម៌ខ្មែរផង និងជំរុញវិស័យពាណិជ្ជកម្ម និងទេសចរណ៍រវាងប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត តាមរយៈកម្មវិធីសម្ដែងសិល្បៈវប្បធម៌ និងការតាំងបង្ហាញផលិតផលខ្មែរ។ ទន្ទឹមនឹងការរំលឹកអំពីទំនាក់ទំនងការទូតល្អរវាងកម្ពុជា-ជប៉ុន រហូតឈានទៅដល់កម្រិតភាពជាដៃគូយុទ្ធសាស្ដ្រគ្រប់ជ្រុងជ្រោយ ឯកឧត្តមឯកអគ្គរាជទូត បានកោតសរសើរដល់កូនខ្មែរតូចៗដែលរស់នៅក្នុងប្រទេសជប៉ុន ដែលចេះស្រឡាញ់វិស័យសិល្បៈ និងបានរៀនចេះរាំសិល្បៈបុរាណខ្មែរផងដែរ។ លើសពីនេះទៀត ឯកឧត្តមឯកអគ្គរាជទូត ក៏បានស្នើ និងលើកទឹកចិត្តដល់ក្រុមហ៊ុនកូជីម៉ា និងគណៈកម្មាធិការផ្លាស់ប្តូរអន្តរជាតិទីក្រុងអ៊ីសិហារ៉ា ឱ្យបន្តរៀបចំកម្មវិធីនេះតទៀត ដើម្បីបង្កើនឱកាសដល់កុមារាកុមារីខ្មែរដែលជាទំពាំងស្នងឬស្សី បានចូលរួមលើកស្ទួយដល់វិស័យសិល្បៈវប្បធម៌ខ្មែរ ក៏ដូចជាជំរុញវិស័យពាណិជ្ជកម្ម និងទេសចរណ៍រវាងកម្ពុជា-ជប៉ុន ឱ្យកាន់តែរីកចម្រើនខ្លាំងឡើងថែមទៀត។
កម្មវិធីវប្បធម៌មិត្តភាពកម្ពុជា-ជប៉ុននេះ បានបញ្ចប់ទៅជាមួយនឹងការចូលរួមពិសាអាហារសាមគ្គី និងការច្រៀងរាំលេងកម្សាន្តជុំគ្នា រវាងបងប្អូនខ្មែរយើង និងមិត្តជប៉ុនដែលបានចូលរួមទាំងអស់ ប្រកបដោយបរិយាកាសរីករាយ សាមគ្គីភាព មិត្តភាព និងស្និទ្ធស្នាលជាទីបំផុត។
https://www.facebook.com/cambodianembassyinjapan/posts/1107154184781814