នៅព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥ តបតាមសំណើរបស់មជ្ឈមណ្ឌលសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICE) ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន អមដោយមន្ត្រីស្ថានទូត បានអនុញ្ញាតឱ្យនិស្សិតជាមន្ត្រីរាជការជ័យលាភីអាហារូបករណ៍ជប៉ុន សម្រាប់ការអភិវឌ្ឍធនធានមនុស្ស(JDS) ចំនួន ២៣រូប ដែលក្នុងនោះ បន្តការសិក្សាថ្នាក់បណ្ឌិតចំនួន ១រូប និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន ២២រូប នៅក្នុងប្រទេសជប៉ុន ចូលជួបសម្តែងការគួរសម នៅស្ថានឯកអគ្គរាជទូតកម្ពុជា។ និស្សិតអាហារូបករណ៍ JDS ខាងលើនេះ មកពីក្រសួង ស្ថាប័នរបស់រាជរដ្ឋាភិបាលកម្ពុជាចំនួន ១១ រួមមាន ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងសុខាភិបាល ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រសួងអធិការកិច្ច ធនាគារជាតិកម្ពុជា អគ្គិសនីកម្ពុជា និងរដ្ឋាករទឹកស្វ័យតក្រុងភ្នំពេញ សម្រាប់ឆ្នាំសិក្សា ២០២៥-២០២៧។
ឯកឧត្តមឯកអគ្គរាជទូត បានថ្លែងអំណរគុណដល់រដ្ឋាភិបាលជប៉ុន តាមរយៈមជ្ឈមណ្ឌល JICE ដែលបានរៀបចំកម្មវិធី JDS ដើម្បីផ្តល់ឱកាសដល់មន្ត្រីរាជការវ័យក្មេង តាមមុខជំនាញផ្សេងៗតាមសកលវិទ្យាល័យល្បីៗក្នុងប្រទេសជប៉ុន។
ឯកឧត្តមឯកអគ្គរាជទូត បានចូលរួមអបអរសាទរ និងកោតសរសើរចំពោះនិស្សិតជ័យលាភីទាំងអស់ និងបានណែនាំនិស្សិតទាំងអស់ឱ្យខិតខំប្រឹងប្រែងរៀនសូត្រ ដើម្បីក្លាយជាធនធានមនុស្សមានចំណេះដឹង និងបទពិសោធន៍ល្អៗ ដែលអាចរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមជាតិកម្ពុជា ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ជាងនេះទៀត ឯកឧត្តមឯកអគ្គរាជទូតក៏បានផ្តាំផ្ញើនិស្សិតទាំងអស់ឱ្យគោរពវិន័យសាលា និងច្បាប់នានាក្នុងប្រទេសជប៉ុនឱ្យបានខ្ជាប់ខ្ជួន ចេះជួយគ្នាទៅវិញទៅមក និងមានសាមគ្គីភាព។
ជាមួយគ្នានោះ ឯកឧត្តមឯកអគ្គរាជទូត បានលើកទឹកចិត្តដល់និស្សិតទាំងអស់ ឱ្យចូលរួមផ្សព្វផ្សាយពីវប្បធម៌ និងទំនៀមទំលាប់ប្រពៃណីរបស់ខ្មែរដ៏ល្អផូរផង់ អត្តសញ្ញាណជាតិខ្មែរ ព្រមទាំងវិស័យទេសចរណ៍ ក៏ដូចជាការរីកចម្រើនលើគ្រប់វិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ដល់មិត្តជប៉ុន និងមិត្តបរទេសនានា ដើម្បីទាក់ទាញឱ្យពួកគាត់បានស្គាល់ និងមានបំណងចង់ទៅទស្សនាប្រទេសកម្ពុជា។ ជាងនេះទៀត ឯកឧត្តមឯកអគ្គរាជទូតក៏បានលើកទឹកចិត្តដល់និស្សិតទាំងអស់បន្តតាមដាន និងផ្សព្វផ្សាយពីជំហរផ្លូវការរបស់រាជរដ្ឋាភិបាលកម្ពុជា ពាក់ព័ន្ធនឹងស្ថានការណ៍នៅតាមព្រំដែនរបស់កម្ពុជា-ថៃ ដល់មិត្តបរទេសនានាផងដែរ។
ក្នុងឱកាសនោះ តំណាងនិស្សិតកម្ពុជាដែលទទួលអាហារូបករណ៍ JDS បានថ្លែងអំណរគុណ ជូនចំពោះ ឯកឧត្តមឯកអគ្គរាជទូត ព្រមទាំងបានប្តេជ្ញាថានឹងខិតខំរៀនសូត្រ ក្រេបជញ្ជក់ចំណេះដឹង និងបន្តខិតខំរក្សាទំនាក់ទំនងមិត្តភាពយូរអង្វែងជាមួយប្រទេសជប៉ុននិងបណ្តាប្រទេសនានា ដោយប្រកាន់ខ្ជាប់នូវអត្តសញ្ញាណជាតិខ្មែរ។
ជាចុងបញ្ចប់ ឯកឧត្តមឯកអគ្គរាជូតក៏បានជូនពរឱ្យនិស្សិតទាំងអស់ទទួលជោគជ័យនៅក្នុងការសិក្សាលើមុខជំនាញរៀងៗខ្លួន ព្រមទាំងពាំនាំនូវចំណេះជំនាញទាំងនោះយកទៅជួយអភិវឌ្ឍសង្គមសេដ្ឋកិច្ចកម្ពុជា៕