NEWS

5
Jul
2025
ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជា និងជប៉ុន ត្រូវបានពង្រឹង និងពង្រីកបន្ថែមទៀត

កាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា  បានអញ្ជើញជាអធិបតី ក្នុងកម្មវិធីទិវាជាតិកម្ពុជា (Cambodia National Day)” ដែលត្រូវបានរៀបចំឡើងដោយក្រសួងពាណិជ្ជកម្ម ក្នុងនាមជាគណៈកម្មការអន្តរក្រសួង ដើម្បីរៀបចំពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិ នៅទីតាំងពិព័រណ៍ពិភពលោក ២០២៥ អូសាកា។ ក្នុងកម្មវិធីនោះ មានការអញ្ជើញចូលរួមក្រោមអធិបតីភាពរបស់ឯកឧត្តម FUJII Hisayuki រដ្ឋលេខាធិការ​ក្រសួងការបរទេសជប៉ុនជាប្រទេសម្ចាស់ផ្ទះ ដោយមានមានការ​អញ្ជើញចូលរួមពីភ្ញៀវជាតិ-អន្តរជាតិយ៉ាងច្រើនកុះករផងដែរ។ 

នាឱកាសកម្មវិធីពិសារអាហារថ្ងៃត្រង់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានសំដែងនូវការ​អបអរសាទរ​ដល់ម្ចាស់ផ្ទះជប៉ុន ក្នុងការរៀបចំពិព័រណ៌ខាងលើប្រកបដោយជោគជ័យនៃពិព័រណ៍ពិភពលោក ២០២៥។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីក៏បានគូសបញ្ជាក់អំពីការពង្រឹង និងពង្រីកទំនាក់ទំនងជាមិត្តភាពនិង​កិច្ចសហប្រតិបត្តិការរវាង កម្ពុជា និង ជប៉ុន កាន់តែស៊ីជម្រៅថែមទៀត ក្នុងឱកាសទស្សនកិច្ច្កការងារផ្លូវការរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅប្រទេសជប៉ុន ពីថ្ងៃទី ២៨ ដល់ ៣១ ខែឧសភា ឆ្នាំ២០២៥ ប្រកបដោយជោគជ័យ និងផ្លែផ្កា។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែក ដល់ដំណើរការស្វែងរកសន្តិភាពនៅកម្ពុជា ក៏ដូចជាការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។ 

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និង ឯកឧត្តមរដ្ឋលេខាធិការក្រសួងការបរទេសជប៉ុន ក៏បានពិភាក្សាគ្នា​ផងដែរលើកិច្ចសហប្រតិបត្តិការមួយចំនួន រួមមាន វិស័យសេដ្ឋកិច្ច ការវិនិយោគ ទេសចរណ៍ អាកាសចរណ៍ ប្រព័ន្ធទឹកស្អាត ការតភ្ជាប់រវាងប្រជាជន និងប្រជាជន ការបោសសម្អាតមីនមនុស្សធម៌ កងរក្សាសន្តិ​ភាព​អង្គការសហប្រជាជាតិ ជាដើម ដើម្បី​រិះរកមធ្យោបាយនានា ក្នុងការពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ច​សហប្រតិបត្តិការជប៉ុន-កម្ពុជា ឱ្យកាន់តែរីកចម្រើន និងរឹងមាំបន្ថែមទៀត ក្រោម “ភាពជាដៃគូយុទ្ធ​សាស្ត្រ​គ្រប់ជ្រុងជ្រោយ” ស្របតាមស្មារតីនៃជំនួបកំពូលរវាងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និង ឯកឧត្តម ISHIBA Shigeru នាយករដ្ឋមន្ត្រីជប៉ុន កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ ក្នុងឱកាសនៃដំណើរទស្សន​កិច្ច​ការងារ​​ផ្លូវការ​របស់សម្តេចធិបតី នៅថ្ងៃទី២៨-៣១ ខែឧសភា ឆ្នាំ២០២៥ នៅទីក្រុងតូក្យូ។