NEWS
...

07 January 2025

ឯកអគ្គរាជទូតកម្ពុជា ជួបសម្ដែងការគួរសមជាមួយ ឯកឧត្តម MUTO Yoji រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន ក្នុងឱកាសអញ្ជើញចូលរួមកម្មវិធី JFTC New Year’s Reception នៅទីក្រុងតូក្យូ

នាល្ងាចថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៥ តបតាមការអញ្ជើញរបស់លោក YASUNAGA Tatsuo ប្រធានក្រុមប្រឹក្សាពាណិជ្ជកម្មបរទេសជប៉ុន Japan Foreign Trade Council, Inc. (JFTC) និងជាប្រធានក្រុមហ៊ុន Mitsui Co., Ltd. ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន អមដោយលោក ស៊ីន សារ៉ាយ អនុព័ន្ធពាណិជ្ជកម្ម បានអញ្ជើញចូលរួមកម្មវិធី JFTC New Year’s Reception ដែលប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម MUTO Yoji រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន (METI) នៅសណ្ឋាគារ New Otani ទីក្រុងតូក្យូ។

ក្នុងឱកាសនោះ ឯកឧត្តមឯកអគ្គរាជទូត បានជួបសម្តែងការគួរសមជាមួយឯកឧត្តម MUTO Yoji រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន លោក YASUNAGA Tatsuo ប្រធានក្រុមប្រឹក្សាពាណិជ្ជកម្មបរទេសជប៉ុន JFTC និងលោក ISHIGURO Norihiko ប្រធានអង្គការ JETRO ព្រមទាំងជួបពិភាក្សាការងារជាមួយប្រធានក្រុមហ៊ុនវិនិយោគជប៉ុនធំៗមួយចំនួនទៀត ក្នុងគោលបំណងពង្រឹងទំនាក់ទំនងធុរកិច្ច និងជំរុញអ្នកវិនិយោគជប៉ុន ឱ្យទៅធ្វើធុរកិច្ចពាណិជ្ជកម្ម និងវិនិយោគនៅប្រទេសកម្ពុជា កាន់តែច្រើនឡើងថែមទៀត។

...

05 January 2025

ស្ថានឯកអគ្គរាជទូតកម្ពុជា រៀបចំកម្មវិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៦ ទិវាជ័យជម្នះ ៧មករា (១៩៧៩ -២០២៥)

នៅព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០២៥ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសជប៉ុនបានរៀបចំកម្មវិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៦ ទិវាជ័យជម្នះ ៧មករា (១៩៧៩ -២០២៥) ក្រោមអធិបតីភាពរបស់ ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជា ដែលមានការចូលរួមពីសហគមន៍ខ្មែរ សិស្ស និស្សិត កម្មសិក្សាការី-ពលករជំនាញខ្មែរដែលកំពុងរស់នៅ ធ្វើការ និងសិក្សានៅប្រទេសជប៉ុនប្រមាណជា ១០០នាក់ នៅសណ្ឋាគារ Asia Center of Japan នៃទីក្រុងតូក្យូ និងតាមប្រព័ន្ធអនឡាញ Zoom។ ក្នុងកម្មវិធីនេះ ក៏មានការចាក់បង្ហាញជូននូវវីដេអូស្តីពី ដំណើរកម្ពុជា ៧មករា ផ្តើមពីសូន្យមកដល់ពេលនេះ និងសមិទ្ធផលសំខាន់ៗនៃការអភិវឌ្ឍរបស់ប្រទេសកម្ពុជា ព្រមទាំងការអញ្ជើញពិសារអាហាសាមគ្គីរួមគ្នា។

ក្នុងឱកាសនោះ ឯកឧត្តម ឯកអគ្គរាជទូត បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខដល់បងប្អូនប្រជាពលរដ្ឋខ្មែរពីសំណាក់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា និង ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

ឯកឧត្តម ឯកអគ្គរាជទូត បានសង្កត់ធ្ងន់អំពីថ្ងៃ៧មករា ដែលប្រជាជនកម្ពុជា ចាត់ទុកជាថ្ងៃកំណើតទី២របស់ប្រជាពលរដ្ឋខ្មែរ និងជាថ្ងៃដ៏វិសេសវិសាល និងត្រចះត្រចង់ដែលប្រជាជនកម្ពុជាទាំងក្នុង និងក្រៅប្រទេសប្រារព្ធទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ ប៉ុល ពត នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ដែលបានបំផ្លិចបំផ្លាញទាំងស្រុងដល់ឫសគល់នៃហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច និងសង្គមជាតិរបស់ប្រទេសកម្ពុជា  ហើយមានថ្ងៃ៧មករានេះហើយ ដែលអាចធ្វើឱ្យប្រជាជនខ្មែរទាំងអស់រស់នៅក្នុងជីវិតដែលមានសេរីភាពធម្មតាឡើងវិញ។ ជាងនេះទៀត ឯកឧត្តម ក៏បានរំលឹកឡើងវិញពីប្រវត្តិអតីតកាលរបស់ប្រទេសកម្ពុជារហូតដល់ពេលបច្ចុប្បន្ន រួមទាំងការដាក់ចេញនូវ “នយោបាយឈ្នះ-ឈ្នះ” ដោយសម្តេចតេជោ ហ៊ុន សែន ដែលបាននាំមកកម្ពុជា ជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ នូវការបញ្ចប់ជាស្ថាពរសង្គ្រាមនៅកម្ពុជាទាំងស្រុង និងសម្រេចបាននូវការបង្រួបបង្រួមជាតិ ឯកភាពជាតិ និងសុខសន្តិភាពពេញផ្ទៃប្រទេស នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨។

ឯកឧត្តម ឯកអគ្គរាជទូតបានលើកឡើងពីការសម្រេចបាននូវសមិទ្ធផលដ៏លេចធ្លោជាច្រើននៃការអភិវឌ្ឍរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត រួមមាន ១) ការថែរក្សាបាននូវសុខសន្តិភាព និងស្ថិរភាពនយោបាយ-សង្គម ២) ការការពារអធិបតេយ្យភាព និងបូរណភាពទឹកដី ៣) កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍលើគ្រប់វិស័យ រួមទាំងសកម្មភាពសំខាន់ៗ ដែលប្រទេសកម្ពុជាបានររៀបចំ និងធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ធំៗជាច្រើន ទាំងកម្រិតជាតិ និងអន្តរជាតិក្នុងឆ្នាំ២០២៤ រួមទាំងព្រឹត្តិការណ៍ “សាទរកម្ពុជា” កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤។ 

នៅចុងបញ្ចប់ ឯកឧត្តម ឯកអគ្គរាជទូត បានលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋខ្មែរនៅប្រទេសជប៉ុនទាំងអស់ រួមចំណែកជួយផ្សព្វផ្សាយនូវវប្បធម៌ ប្រពៃណី ការអភិវឌ្ឍ និងភាពវិជ្ជមានពីកម្ពុជាឱ្យបានផុសផុល ដើម្បីឱ្យភ្ញៀវបរទេសស្គាល់ពីប្រទេសកម្ពុជា និងមកទស្សនាប្រទេសយើងកាន់តែច្រើនឡើង៕

...

11 March 2024

នាថ្ងៃទី៨​ ខែមីនា​ ឆ្នាំ​២០២៤​ ឯកឧត្ដម​ ទុយ​ រី​ ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​ជប៉ុន​ និង​សហការី​ បានចុះ​សួរសុខទុក្ខ​កម្មសិក្សា​ការី​ផ្នែក​កាត់ដេរចំនួន​ ៣នាក់​ ដែលកំពុង​រងចាំ​ចូលម្រេីការងារនៅក្រុមហ៊ុនថ្មីនាពេល​ខាងមុខនេះ ក្រោយពីពួកគាត់មិនអាចធ្វើការឱ្យក្រុមហ៊ុនមុនបាន។

ឯកឧត្ដម​ក៏បានសរសេី​រក្មួយៗដែលបានតស៊ូ​ អត់ធ្មត់ប្រឹងប្រែង​ក្នុង​ការ​ងារ​កន្លង​មក​ និងបានលេីកទឹកចិត្ត ពួកគាត់ឱ្យខិតខំ​ធ្វើការ និងគោរពវិន័យការងារនៅក្រុមហ៊ុនថ្មី​ និងគោរពច្បាប់ក្នុងប្រទេសជប៉ុន ដេីម្បី​យកចំណេះ​ជំនាញ​ អាច​បង្កេីត​មុខរបរ​ចិញ្ចឹម​ជីវិត​នៅប្រទេស​កម្ពុជា​វិញ ។ ឯកឧត្តម ឯកអគ្គរាជទូតបានឧបត្ថម្ភស្បៀងបន្ទាប់បន្សំ និងប្រាក់មួយចំនួនផងដែរ។
ឆ្លៀតក្នុងឱកាសនេះ​ ស្ថានទូតសូមអរគុណ​ដល់​ទីភ្នាក់ងារ​ជ្រើសរើស​ឯកជនទាំងអស់​ដែលតែងតែសហការ​​ក្នុង​ការ​ជួយ​មេីលថែ​ទាំកម្មសិក្សា​ការី-ពលករ​ជំនាញ​កម្ពុជា​ប្រកប​ដោយ​ទំនួលខុសត្រូវ​។

...

29 February 2024

កាលពីល្ងាចថ្ងៃពុធ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ តបតាមការអញ្ជើញរបស់លោក Kazuto Ito ប្រធានសមាគមប្រគុំតន្ត្រី Min-On (Min-On Concert Association) ឯកឧត្តម ទុយ រី ឯកអគ្គរាជទុតកម្ពុជាប្រចាំប្រទេសជប៉ុន បានអញ្ជើញទៅទស្សនកិច្ចនៅសារមន្ទីរតូរ្យតន្រ្តី Min-On (Mini-On Music Museum) នៅក្នុងទីក្រុងតូក្យូ។

កាលពីល្ងាចថ្ងៃពុធ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ តបតាមការអញ្ជើញរបស់លោក Kazuto Ito ប្រធានសមាគមប្រគុំតន្ត្រី Min-On (Min-On Concert Association) ឯកឧត្តម ទុយ រី ឯកអគ្គរាជទុតកម្ពុជាប្រចាំប្រទេសជប៉ុន បានអញ្ជើញទៅទស្សនកិច្ចនៅសារមន្ទីរតូរ្យតន្រ្តី Min-On (Mini-On Music Museum) នៅក្នុងទីក្រុងតូក្យូ។
ក្នុងឱកាសនោះ ឯកឧត្តមឯកអគ្គរាជទូត ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងជម្រាបជូនដោយលោក Kazuto Ito អំពីប្រវត្តិនៃសមាគមនេះ ដែលត្រូវបានបង្កើតនៅឆ្នាំ ១៩៦៣ និងសកម្មភាពរបស់សមាគម ជាពិសេសគោលបំណងរបស់ Min-On ក្នុងគោលដៅផ្តល់ឱកាសឱ្យមនុស្សគ្រប់គ្នារីករាយជាមួយនឹងការសម្តែងសិល្បដ៏ល្អបំផុតរបស់ពិភពលោក ក៏ដូចជាជម្រុញការផ្លាស់ប្តូរវប្បធម៌អន្តរជាតិ និងសន្តិភាព តាមរយៈការបង្ហាញនូវការសំដែងសិល្បៈ និងតន្ត្រីពីគ្រប់ប្រទេសជុំវិញពិភពលោក។ លោក Kazuto Ito បានគូសបញ្ជាក់ថា មកទល់ពេលនេះ មានសិល្បករ និងតន្ត្រីកររាប់ពាន់នាក់ មកពីជាង ១០០ប្រទេស ត្រូវបានស្វាគមន៍សំដែងលើឆាក ក្នុងទីក្រុងជាង ៣០០ នៅជុំវិញប្រទេសជប៉ុន ក្នុងនោះ សិល្បករមកពីកម្ពុជា ក៏ធ្លាប់បានមកសម្តែងចំនួន ២លើកផងដែរ (ក្នុងឆ្នាំ ១៩៦៧ និងឆ្នាំ២០០២) នៅក្នងប្រទេសជប៉ុន។
នៅចុងបញ្ចប់ ឯកឧត្តមឯកអគ្គរាជទូត ក៏បានដើរទស្សនាការតាំងបង្ហាញនូវព្យ៉ាណូបុរាណ-សម័យ ដែលត្រូវបានប្រមូលផ្ដុំពីជុំវិញពិភពលោក ដោយសារមន្ទីរ តូត្យតន្ត្រី Min-On ព្រមទាំងឧបករណ៍តន្ត្រីផ្សេងៗទៀតផងដែរ៕
រូបភាពផ្ដល់ដោយ : Min-On Music Museum

...

17 May 2023

នៅរសៀលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តមឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន​ បានទទួលជួបជាមួយលោក​ Ueno Kohei ប្រធានក្រុមហ៊ុន​YUIME និង​សហការី​ ដែលជា​ក្រុមហ៊ុន​គ្រប់គ្រង​ពលករ​ជំនាញ​ផ្នែក​កសិកម្ម​ដ៏ធំមួយ​ក្នុងប្រទេសជប៉ុន​ ដេីម្បី​ពិភាក្សា​លេី​គម្រោងជ្រេីសរេីស​ពលករ​ជំនាញ​កម្ពុជា​ផ្នែក​កសិកម្ម​បន្ថែមទៀត។

ឯកឧត្តមឯកអគ្គរាជទូតកម្ពុជាបានសំដែងនូវការគាំទ្រលេី​គម្រោងរបស់​ក្រុមហ៊ុន​ និងថ្លែង​អំណរគុណ​ដល់​ក្រុមហ៊ុន​ដែលតែងតែ​យកចិត្តទុកដាក់​មេីលថែទាំ​ពលករ​ជំនាញ​កម្ពុជា​ និងបានផ្តល់​ និងបង្កេីនឱកាស​ការងារ​ជូនដល់​ពលករ​ជំនាញ​កម្ពុជា​ផងដែរ។