ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន អនុញ្ញាតជូន លោក KEVIN LI តំណាងអាកាសចរណ៍ជាតិកម្ពុជា និងលោក MASATO TADOKORO តំណាងក្រុមហ៊ុន AVIAREPS Japan ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ
                                        
                                     
                                    
                                        
                                            
នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន អមដោយអនុព័ន្ធពាណិជ្ជកម្ម បានអនុញ្ញាតជូន លោក KEVIN LI តំណាងអាកាសចរណ៍ជាតិកម្ពុជា លោក MASATO TADOKORO និងលោក STEPHEN COX តំណាងក្រុមហ៊ុន AVIAREPS Japan ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារអំពី វឌ្ឍនភាពនៃដំណើរប្រតិបត្តិការរបស់អាកាសចរណ៍ជាតិកម្ពុជា (AIR CAMBODIA)។
ក្នុងជំនួបនេះ លោក KEVIN LI តំណាងអាកាសចរណ៍ជាតិកម្ពុជា ព្រមទាំងតំណាងក្រុមហ៊ុន AVIAREPS Japan បានជម្រាបជូនអំពីជើងហោះហើរត្រង់រវាងកម្ពុជា-ជប៉ុន ដែលនឹងចាប់ផ្ដើមប្រតិបត្តិនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ឆាប់ៗខាងមុខ ហើយជើងហោះហើរថ្មីនេះ នឹងតភ្ជាប់ពីរាជធានីភ្នំពេញ (KTI) ទៅទីក្រុងតូក្យូ (NRT) ប្រទេសជប៉ុន ដោយមានការឈប់រយៈពេលខ្លីនៅទីក្រុងហ្វ៊ូចូវ (FOC) ប្រទេសចិន។ ក្នុងនោះដែរ តំណាងក្រុមហ៊ុន បានស្នើសុំស្ថានទូត ជួយផ្សព្វផ្សាយព័ត៌មាននេះជូនដល់បងប្អូនសហគមន៍ខ្មែរនៅប្រទេសជប៉ុន និងមិត្តជប៉ុនទាំងអស់ ឱ្យចូលរួមគាំទ្រ និងធ្វើដំណើរជាមួយអាកាសចរណ៍ជាតិកម្ពុជា (AIR CAMBODIA)។
ជាកិច្ចឆ្លើយតប ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជា បានអបអរសាទរចំពោះវឌ្ឍនភាពនៃដំណើរប្រតិបត្តិការរបស់អាកាសចរណ៍ជាតិកម្ពុជា និងគាំទ្រចំពោះការចូលរួមផ្សព្វផ្សាយព័ត៌មាននេះជូនដល់បងប្អូនសហគមន៍ខ្មែរនៅប្រទេសជប៉ុន និងមិត្តជប៉ុនទាំងអស់ ដើម្បីជំរុញឱ្យប្រជាពលរដ្ឋខ្មែរ និងជប៉ុន ក៏ដូចជាជនបរទេសផ្សេងទៀត ចូលរួមគាំទ្រ និងធ្វើដំណើរជាមួយអាកាសចរណ៍ជាតិកម្ពុជា (AIR CAMBODIA)។ ឯកឧត្តមឯកអគ្គរាជទូត បានគូសបញ្ជាក់ថា ជើងហោះហើរថ្មីនេះ គឺជាវឌ្ឍនភាពថ្មីនៃការពង្រីកការតភ្ជាប់ផ្លូវអាកាស និងលើកកម្ពស់វិស័យទេសចរណ៍ និងទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ ជាមួយគ្នានេះ ឯកឧត្តម ឯកអគ្គរាជទូតកម្ពុជា ក៏បានស្នើឱ្យអាកាសចរណ៍ជាតិកម្ពុជា បន្តចរចារជាមួយភាគីជប៉ុន ដើម្បីទទួលបានការអនុញ្ញាតឱ្យក្រុមហ៊ុនអាចហោះហើរក្នុងពេលវេលាល្អ និងបង្កើនចំនួនហោះហើរត្រង់រវាងកម្ពុជា-ជប៉ុន កាន់តែច្រើនឡើងថែមទៀត។
ខាងក្រោមនេះ ជាកាលវិភាគហោះហើរ ៣ ដងក្នុងមួយសប្ដាហ៍ ដែលមានកាលបរិច្ឆេទកំណត់ដូចខាងក្រោម៖
កាលបរិច្ឆេទកក់និងទិញសំបុត្រ៖ ចាប់ផ្តើមពីអីឡូវនេះ រហូតដល់ ថ្ងៃទី៣១ ខែមិនា ឆ្នាំ ២០២៦
កាលបរិច្ឆេទធ្វើដំណើរ៖ ចាប់ពីថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២៥ រហូតដល់ ថ្ងៃទី៣១ ខែមិនា ឆ្នាំ ២០២៦
កាលវិភាគហោះហើរលំអិត៖
• ភ្នំពេញ → តូក្យូ (កាត់តាមហ្វ៊ូចូវ): ពុធ, សុក្រ, អាទិត្យ | ចេញដំណើរ ០៩:៤៥ | ទៅដល់ ១៩:០០
• តូក្យូ → ភ្នំពេញ (កាត់តាមហ្វ៊ូចូវ): ពុធ, សុក្រ, អាទិត្យ | ចេញដំណើរ ២០:០០ | ទៅដល់ ០៣:០០ (+១)
• ភ្នំពេញ → ហ្វ៊ូចូវ (ហោះត្រង់): ពុធ, សុក្រ, អាទិត្យ | ចេញដំណើរ ០៩:៤៥ | ទៅដល់ ១៤:០០
• ហ្វ៊ូចូវ → ភ្នំពេញ (ហោះត្រង់): ចន្ទ, ព្រហស្បតិ៍, សៅរ៍ | ចេញដំណើរ ០០:៣០ | ទៅដល់ ០៣:០០
• ហ្វ៊ូចូវ → តូក្យូ (ហោះត្រង់): ពុធ, សុក្រ, អាទិត្យ |ដំណើរ ១៤:៥០ | ទៅដល់ ១៩:០០
• តូក្យូ → ហ្វ៊ូចូវ (ហោះត្រង់): ពុធ, សុក្រ, អាទិត្យ | ដំណើរ២០:០០ | ទៅដល់ ២៣:៣០