NEWS
...

09 November 2025

ស្ថានឯកអគ្គរាជទូតកម្ពុជា រៀបចំពិធីជប់លៀងអបអរសាទររំលឹកខួបអនុស្សាវរីយ៍លើកទី៧២ ទិវាបុណ្យឯករាជ្យជាតិ០៩ វិច្ឆិកា

នៅរសៀលថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសជប៉ុនបានរៀបចំពិធីជប់លៀងអបអរសាទររំលឹកខួបអនុស្សាវរីយ៍លើកទី៧២ ទិវាបុណ្យឯករាជ្យជាតិ ០៩ វិច្ឆិកា ក្រោមអធិបតីភាពរបស់ ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសជប៉ុន ដែលមានការចូលរួមពីបងប្អូនប្រជាពលរដ្ឋខ្មែរ ដែលកំពុងរស់នៅ ធ្វើការ និងសិក្សានៅប្រទេសជប៉ុន និងភ្ញៀវជប៉ុន ប្រមាណជា ២០០នាក់ នៅស្ថានឯកអគ្គរាជទូត។

ក្នុងឱកាសនោះ ឯកឧត្តម ឯកអគ្គរាជទូត បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខដល់បងប្អូនប្រជាពលរដ្ឋខ្មែរពីសំណាក់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា និងបានគូសបញ្ជាក់ថា កម្មវិធីនៅនេះ បានផ្តល់ឱកាសជូនបងប្អូនប្រជាពលរដ្ឋខ្មែរបានជួបសំណេះសំណាលគ្នានិងបង្កើនភាពសប្បាយរីករាយ មិត្តភាព និងសាមគ្គីភាពបន្ថែមទៀត ក្នុងនាមជាគ្រួសារខ្មែរតែមួយទោះបីនៅក្រៅប្រទេសក្តី។

ឯកឧត្តម ឯកអគ្គរាជទូតបានសង្កត់ធ្ងន់ពីព្រះរាជបូជនីយកិច្ចដឹកនាំដ៏ក្លៀវក្លាដែលមិនអាចបំភ្លេចបានរបស់ ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រខ្មែរ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ “ព្រះបរមរតនកោដ្ឋ” ដែលបានរំដោះប្រទេសកម្ពុជាទាំងស្រុងចេញពីអាណានិគមបារាំង នៅថ្ងៃទី០៩ វិច្ឆិកា ១៩៥៣ ដែលជាគ្រឹះលដ៏រឹងមាំនាំឱ្យមកនូវសិទ្ធិសេរីភាព សន្តិភាព សាមគ្គីភាព និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ហើយបានដក់ជាប់ក្នុងដួងចិត្តរបស់ប្រជាពលរដ្ឋខ្មែរគ្រប់រូប។ ជាងនេះទៀត ឯកឧត្តម ឯកអគ្គរាជទូតក៏បានរំលឹកឡើងវិញពីអតីតកាលរបស់ប្រទេកម្ពុជា រួមមាន ១) ការទទួលបានសន្តិភាពតែក្នុងរយៈពេល ១៧ឆ្នាំប៉ុណ្ណោះ ចាប់តាំងពីឆ្នាំ១៩៥៣ ដល់ ១៩៧០, ២) ការបំផ្លិចបំផ្លាញទាំងស្រុងដល់ឫសគល់នៃហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច និងសង្គមជាតិដោយរបបប្រល័យពូជសាសន៍ ប៉ុល ពត, ៣) ថ្ងៃជ័យជំនះដ៏អស្ចារ្យរបស់ប្រជាជនកម្ពុជានៃការបញ្ចប់របបប៉ុល ពត នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ និង៤) ការដាក់ចេញនូវ “នយោបាយឈ្នះ-ឈ្នះ” ដោយសម្តេចតេជោ ហ៊ុន សែន ដែលបាននាំមកកម្ពុជា ជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ នូវការបញ្ចប់ជាស្ថាពរសង្គ្រាមនៅកម្ពុជាទាំងស្រុង និងសម្រេចបាននូវការបង្រួបបង្រួមជាតិ ឯកភាពជាតិ និងសុខសន្តិភាពពេញផ្ទៃប្រទេស នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨។

បន្ថែមពីនេះ ឯកឧត្តម ឯកអគ្គរាជទូត ក៏បានជម្រាបជូនពីព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តសំខាន់ថ្មីៗនេះ គឺការចុះកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ នៅ ទីក្រុងកូឡាឡាំពួរ រវាងសម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងឯកឧត្តម អនុធីន ឆានវីរគុល នាយករដ្ឋមន្ត្រីថៃ ដោយមានលោកប្រធានាធិបតី សហរដ្ឋអាមេរិក ដូណាល់ ត្រាំ និងលោក អ៊ីប្រាហ៊ីម អាន់វ៉ា នាយករដ្ឋមន្រ្តីនៃប្រទេសម៉ាឡេស៊ី ចូលរួមចុះហត្ថលេខាធ្វើជាសាក្សីដឹងឮ។ កិច្ចព្រមព្រៀងសន្តិភាពនេះ បង្ហាញលទ្ធផលប្រកបដោយសក្ដានុពល ដើម្បីផ្សារភ្ជាប់ពាក្យសន្តិភាពទៅនឹងការអភិវឌ្ឍនៅក្នុងប្រទេសកម្ពុជា ជាពិសេសការបង្កើន ទំនាក់ទំនងសេដ្ឋកិច្ចកាន់តែល្អរវាងអាស៊ាន និងសហរដ្ឋអាមេរិក។ 

ជាងនេះទៀត ឯកឧត្តម ឯកអគ្គរាជទូត ក៏បានគូសបញ្ជាក់អំពីភាពរីកចម្រើនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការគ្រប់វិស័យរវាងប្រទេសកម្ពុជា និងជប៉ុន ក្នុងរយៈពេល ៧២ឆ្នាំកន្លងមក និងការប្តេជ្ញាចិត្តរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ដើម្បីធ្វើឱ្យកាន់តែស៊ីជម្រៅនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ សម្រាប់ផលប្រយោជន៍ទៅវិញទៅមករបស់ ប្រទេសទាំងពីរ។

នៅចុងបញ្ចប់ ឯកឧត្តម ឯកអគ្គរាជទូត បានលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋខ្មែរនៅប្រទេសជប៉ុនទាំងអស់ រួមចំណែកជួយផ្សព្វផ្សាយនូវវប្បធម៌ ប្រពៃណី ការអភិវឌ្ឍរបស់ប្រទេសកម្ពុជាឱ្យបានផុសផុលដើម្បីឱ្យអ្នកទេសចរបរទេសក្នុងពិភពលោក កាន់តែស្គាល់ច្បាស់កម្ពុជាព្រះរាជាណាចក្រអច្ឆរិយៈ ។ នៅចុងកម្មវិធី អ្នកចូលរួមទាំងអស់បានរួមគ្នាច្រៀងជាពួកនូវចម្រៀងស្នេហាជាតិចំ​នួន បីបទ និងបញ្ចប់ដោយការទទួលទានអាហារសាមគ្គី ប្រកបដោយបរិយាកាសរីករាយ និងស្និទ្ធស្នាលជាទីបំផុត៕


https://www.facebook.com/cambodianembassyinjapan/posts/pfbid0o4cdY17jChwLpokGG9PMWKmbCrGuc8KGmbyfZAHEc2oy5Etzp5B3jAaugjnHZWAil

...

02 November 2025

ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន ចូលរួមដង្ហែរអង្គកឋិនទានសាមគ្គី នៅវត្តបារមីគិរីខេមរាភ្នំបិតាធំ នៃខេត្តខាណាហ្កាវ៉ា ប្រទេសជប៉ុន

នៅថ្ងៃអាទិត្យទី២ ខែវិច្ឆិកា​ ឆ្នាំ២០២៥ ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសជប៉ុន អមដោយមន្ត្រី និងបុគ្គលិកស្ថានទូត បាននាំយកនូវត្រៃ និងបច្ច័យមួយចំនួន ដើម្បីដង្ហែរអង្គកឋិនទានសាមគ្គី វេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាអស់ត្រីមាស (បីខែ) ក្នុងពុទ្ធសីមា នៅវត្តបារមីគិរីខេមរាភ្នំបិតាធំ​ នៃខេត្តខាណាហ្កាវ៉ា​ ប្រទេសជប៉ុន។ 

កម្មវិធីអង្គកឋិនទាននេះ​ មានការនិមន្តចូលរួមពីសំណាក់ព្រះសង្ឃខ្មែសរុបរចំនួន ១០ អង្គ ដែលក្នុងនោះព្រះសង្ឃខ្មែរដែលគង់នៅវត្តខ្មែរនៅប្រទេសជប៉ុន ចំនួន ៥ អង្គ និង និមន្តពីប្រទេសកម្ពុជា ចំនួន​ ៥ អង្គ ​ ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្ត និងបងប្អូនខ្មែរជិតឆ្ងាយចូលរួមចាប់មគ្គផលបុណ្យយ៉ាងច្រើនកុះករ។

ក្រោយពិធីដង្ហែរអង្គកឋិនទានសាមគ្គី និងវេរប្រគេនព្រះសង្ឃជាកិច្ចបង្ហេីយបុណ្យរួច​ ក៏មានការរៀបចំពិធីអកអំបុក និងពិសារអាហារសាមគ្គី​ជុំគ្នាជាមួយបងប្អូនខ្មែរ​ ផងដែរ។ 

ស្ថានឯកអគ្គរាជទូតកម្ពុជា សូមជូនបុណ្យកុសលដល់បងប្អូនខ្មែរទាំងអស់ ជួបប្រទះនូវពុទ្ធពរទាំង ៤ ប្រការ គឺអាយុ វណ្ណ: សុខ: ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

...

27 October 2025

ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសជប៉ុន អមដោយមន្ត្រីស្ថានទូត បានចូលជួបសម្តែងការគួរសម និងជម្រាបលាជាមួយ ឯកឧត្តម SEKIGUCHI Masakazu ប្រធានព្រឹទ្ធសភាជប៉ុន

ឯកឧត្តម SEKIGUCHI Masakazu ប្រធានព្រឹទ្ធសភាជប៉ុន បានស្នើ ឯកឧត្តមឯកអគ្គរាជទូត ពាំនាំនូវការនឹករលឹកជូនចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងបានបង្ហាញសេចក្តីត្រេកអរចំពោះការរីកចម្រើនជាលំដាប់នូវទំនាក់ទំនងរវាងកម្ពុជា និងជប៉ុន 

នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសជប៉ុន អមដោយមន្ត្រីស្ថានទូត បានចូលជួបសម្តែងការគួរសម និងជម្រាបលាជាមួយ ឯកឧត្តម SEKIGUCHI Masakazu  ប្រធានព្រឹទ្ធសភាជប៉ុន នៅអគារព្រឹទ្ធសភា។ 

ក្នុងជំនួបនោះ ឯកឧត្តមឯកអគ្គរាជទូត បានលើកឡើងនូវចំណុចមួយចំនួន៖ ១) បានជម្រាបជូននូវការផ្ញើសារដាច់ដោយឡែក អបអរសាទរពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ជូនលោកជំទាវ TAKAICHI Sanae ដែលត្រូវបានសភាជប៉ុន បោះឆ្នោតជ្រើសតាំងជានាយករដ្ឋមន្ត្រីស្ត្រីដំបូង នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥, ២) បានសំដែងនូវអំណរសាទរយ៉ាងក្លៀវក្លាដល់រដ្ឋាភិបាល និងប្រជាជនជប៉ុន ចំពោះជោគជ័យដ៏ធំធេងនៃព្រឹត្តិការណ៍ពិព័រណ៍ពិភពលោកអូសាកា២០២៥, ៣) បានឯកភាពចំពោះប្រសាសន៍របស់ ឯកឧត្តមប្រធានព្រឹទ្ធសភាថា ប្រទេសកម្ពុជា និងជប៉ុនបានផ្សារភ្ជាប់ទំនាក់ទំនង និងទំនុកចិត្តរវាងគ្នាជាយូរអង្វែងមកហើយ ខណៈដែលឆ្នាំនេះជាខួបលើកទី៧២ នៃការបង្កើតទំនាក់ទំនងការទូតរវាងគ្នា។ ជាងនេះទៀត ប្រទេសទាំងពីរបាននិងកំពុងពូនជ្រំ និងបន្តថែរក្សាទំនាក់ទំនងដ៏ល្អប្រសើរ ក្រោម “ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ” តាមរយៈការផ្លាស់ប្តូរទស្សនកិច្ចកម្រិតខ្ពស់ជាញឹកញាប់ និងកិច្ចសហប្រតិបត្តិការដ៏រឹងមាំក្នុងវិស័យជាច្រើន ជាពិសេស ការអញ្ជើញមកបំពេញទស្សនកិច្ចការងារផ្លូវការរបស់ សម្តេចធិបតី នៅប្រទេសជប៉ុន ប្រកបដោយអត្ថន័យជ្រាលជ្រៅ និងលទ្ធផលផ្លែផ្កា ព្រមទាំងជំនួបពិភាក្សាការងារប្រកបដោយអត្ថន័យស៊ីជម្រៅរវាង សម្តេចធិបតី និងឯកឧត្តមប្រធានព្រឹទ្ធសភាដោយផ្ទាល់ នៅដំណាច់ខែឧសភា ឆ្នាំនេះ  ៤) បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រដ្ឋាភិបាលនិងប្រជាជនជប៉ុន ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកដល់ដំណើរការស្វែងរកសន្តិភាពនៅកម្ពុជានៅទស្សវត្សរ៍ទី៩០ និងចំពោះការបន្តជួយដល់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម រហូតដល់ពេលនេះ ព្រមទាំងជំនួយសង្គ្រោះបន្ទាន់ឥតសំណង ដែលមានទឺកប្រាក់សរុបប្រមាណ ១,៨ លានដុល្លារអាមេរិក ដើម្បីឆ្លើយតបនឹងតម្រូវការ មនុស្សធម៌ជាបន្ទាន់សម្រាប់ជនភៀសសឹកកម្ពុជា ដែលរស់នៅតាមតំបន់ព្រំដែនកម្ពុជា ថៃដោយសារបញ្ហាជំលោះព្រំដែនកម្ពុជា-ថៃ និង ៥) បានកត់សម្គាល់ជាមួយនឹងការស្វាគមន៍នូវសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ រវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ ដោយ ឯកឧត្តម MOTEGI Toshimitsu រដ្ឋមន្ត្រីការបរទេសជប៉ុន ចុះនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ ២០២៥ ដែលសេចក្តីថ្លែងការណ៍រួមនេះ ត្រូវបានចុះហត្ថលេខា ដោយ សម្តេចធិបតី និងឯកឧត្តម នាយករដ្ឋមន្ត្រីថៃ ក្រោមវត្តមាន ឯកឧត្តមដូណាល់ត្រាំ ប្រធានាធិបតីអាមេរិក និងឯកឧត្តម អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី នៅប្រទេសម៉ាឡេស៊ី។ ឯកឧត្តម ឯកអគ្គរាជទូត បានជម្រាបជូននូវប្រសាសន៍របស់ សម្តេចធិបតី ដែលបានអំពាវនាវឱ្យមានការបន្តគាំទ្រ និងការរួមចំណែករបស់សហគមន៍អន្តរជាតិ និងដៃគូនានា ដើម្បីធានាសម្រេចបានជាផ្លែផ្កានៃសេចក្តីថ្លែងការរួមនេះ។ សម្តេចធិបតី ក៏បានថ្លែងអំណរគុណ ឯកឧត្តម ប្រធានាធិបតីអាមេរិក និងឯកឧត្តម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ក្នុងការគាំទ្រឥតងាករេ និងសម្របសម្រួលរបស់ខ្លួន ក្នុងដំណើរការស្វែងរកសន្តិភាពនេះ រហូតដល់ទីបញ្ចប់ប្រកបដោយជោគជ័យ។ ជាងនេះទៀត សម្តេចធិបតី ក៏បានថ្លែងអំណរគុណផងដែរដល់ថ្នាក់ដឹកនាំអាស៊ាន ចិន និងប្រទេសដៃគូនានា រួមទាំងជប៉ុន ដែលបានគាំទ្របទឈប់បាញ់តាំងពីដើមរៀងមក។

ក្នុងឱកាសនោះ ឯកឧត្តមប្រធានព្រឹទ្ធសភា បានមានប្រសាសន៍ថា ១) បានស្នើ ឯកឧត្តមឯកអគ្គរាជទូត ពាំនាំនូវការនឹករលឹកជូនចំពោះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ២) បានបង្ហាញសេចក្តីត្រេកអរចំពោះការរីកចម្រើនជាលំដាប់នូវទំនាក់ទំនងរវាងប្រទេសទាំងពីរក្នុងអាណត្តិការងារការទូតរបស់ឯកឧត្តម ៣)ជប៉ុន និងកម្ពុជាបានចាប់ផ្តើមកិច្ចសហការក្នុងដំណើរការស្វែងរកសន្តិភាព និងកសាងអភិវឌ្ឍ ព្រមទាំងបានភ្ជាប់ទំនាក់ទំនង និងមានទំនុកចិត្តរវាងគ្នាជាយូរអង្វែងមកហើយ ៤) បានរំលឹកឡើងវិញពីជំនួបពិភាក្សាទ្វេភាគីដ៏មានអត្ថន័យយ៉ាងជ្រាលជ្រៅជាមួយសម្តេចធិបតី កាលពីខែឧសភាកន្លងមកនេះ។ ឯកឧត្តមប្រធានព្រឹទ្ធសភាសង្ឃឹមថាទំនាក់ទំនងរវាងជប៉ុន និងកម្ពុជានឹងកាន់តែរីកចម្រើនបន្តទៀត ៥) បានថ្លែងអំណរគុណចំពោះការចូលរួមរបស់កម្ពុជា បានធ្វើឱ្យព្រឹត្តិការណ៍ពិព័រណ៍ពិភពលោកអូសាកា២០២៥នេះបានបញ្ចប់ដោយជោគជ័យ និងយ៉ាងត្រចះត្រចង់ និង ៦) បានកត់សម្គាល់ថា​ មានការបន្ថយភាពតានតឹងរវាងប្រទេសកម្ពុជា និងថៃ តាមរយៈការសម្របសម្រួលរបស់ប្រទេសម៉ាឡេស៊ី ក្នុងនាមជាប្រធានអាស៊ាន៕

...

27 October 2025

ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន ចួលរួមក្នុងពិធីអបអរសាទរប្រទេស ទីម័រ ឡេស្តេ ជា សមាជិកថ្មី ក្នុងអាស៊ាន

នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ តាមការអញ្ជើញរបស់លោកជំទាវ Sra. Maria Terezinha Viegas ឯកអគ្គរដ្ឋទូតតែងតាំង នៃប្រទេស ទីម័រ ឡេស្តេ ( Timor-Leste) ប្រចាំប្រទេសជប៉ុន ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានចួលរួមក្នុងពិធីជប់លៀង អបអរសាទរប្រទេស ទីម័រ ឡេស្តេ ជាសមាជិកថ្មីរបស់អាស៊ាន ដែលបានរៀបចំឡើងនៅសណ្ឋាគារ Metropolitan Edmont ទីក្រុងតូក្យូ។

សូមបញ្ជាក់ថា ប្រទេសទីម័រ ឡេស្តេ ត្រូវបានប្រកាសជាផ្លូវការជាសមាជិកថ្មីអាស៊ាន នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ នៅក្នុងឱកាសកិច្ច ប្រជុំកំពូលអាស៊ាន លើកទី៤៧ នៅទីក្រុងគួឡាឡំពួរ ប្រទេសម៉ាឡេស៊ី។ ក្នុងពិធីជប់លៀងនេះ ឯកអគ្គរដ្ឋទូតម៉ាឡេស៊ី ប្រចាំប្រទេសជប៉ុន ក្នុងនាមជាប្រធានអាស៊ាន ព្រមទាំង ឯកឧត្តម Kunihiko Hirabayashi អគ្គលេខាធិការ នៃមជ្ឍមណ្ឌលអាស៊ាន-ជប៉ុន (ASEAN-Japan Center) និង ឯកឧត្តម Gen Nakatani អតីតរដ្ឋមន្ត្រីការពារប្រទេសជប៉ុន និងជាប្រធានសម្ព័ន្ធមិត្តភាពសភាជប៉ុន-ទីម័រ ឡេស្តេ ត្រូវបានអញ្ជើញឡើងថ្លែងសន្ទរកថា អបអរ សាទរ ដោយមានវត្តមានរបស់ បណ្តាឯកអគ្គរាជទូត/ឯកអគ្គរដ្ឋទូត តំណាងស្ថានទូតនានា ជាសមាជិកអាស៊ាន និងបណ្តាទូតផ្សេងទៀត និង មិត្តជប៉ុននានា កីត្រូវបានអញ្ជើញចូលរួមជាភ្ញៀវកិត្តិយសក្នុងពិធីនេះផងដែរ៕

...

26 October 2025

ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន អញ្ជើញចូលរួមជាភ្ញៀវកិត្តិយស និងថ្លែងសុន្ទរកថានៅក្នុង ពិធីអបអរសាទរការបើកជើងហោះត្រង់ថ្មីរវាងរាជធានីភ្នំពេញ-ទីក្រុងតូក្យូ

អបអរសាទរ! ការបើកជើងហោះត្រង់ថ្មីរវាងរាជធានីភ្នំពេញ-ទីក្រុងតូក្យូ និងសូមស្វាគមន៍យ៉ាងកក់ក្ដៅការមកដល់របស់ភ្ញៀវអ្នកដំណើរជើងដំបូង មកកាន់ទីក្រុងតូក្យូ តាមរយៈជើងហោះហើរក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា (Air Cambodia)

នៅល្ងាចថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន អមដោយមន្រ្តីស្ថានទូត បានអញ្ជើញចូលរួមជាភ្ញៀវកិត្តិយស និងថ្លែងសុន្ទរកថានៅក្នុង ពិធីអបអរសាទរការបើកជើងហោះត្រង់ថ្មីរវាងរាជធានីភ្នំពេញ-ទីក្រុងតូក្យូ (Flight: K6592) និងការទទួលស្វាគមន៍ការមកដល់របស់ភ្ញៀវអ្នកដំណើរជើងដំបូង មកកាន់ទីក្រុងតូក្យូ តាមរយៈជើងហោះហើរក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា (Air Cambodia) នៅអាកាសយានដ្ឋានអន្តរជាតិណារីតា ទីក្រុងតូក្យូ ដែលកម្មវិធីនេះមានការចូលរួមពី លោកស្រី Wendy Y.W. Chen នាយកប្រតិបត្តិរង (Vice CEO) នៃក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា, លោក NAKAMURA Fumitoshi នាយកគ្រប់គ្រងអាកាសយានដ្ឋាន នៃក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ជប៉ុន, លោក AMITANI Naoki មន្រ្តីជាន់ខ្ពស់ (Senior Air Talks Officer) នៃការិយាល័យអាកាសចរណ៍ស៊ីវិលជប៉ុន (JCAB- Japan Civil Aviation Bureau), តំណាងអាកាសយានដ្ឋានអន្តរជាតិណារីតា, តំណាងក្រុមហ៊ុនដៃគូ Swissport Japan និងសហការី នៃក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា ជាច្រើនរូបទៀត។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ឯកអគ្គរាជទូតកម្ពុជា បានសម្ដែងការកោតសរសើរចំពោះក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា និងក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ជប៉ុន ដែលបានសហការជាមួយអាកាសយានដ្ឋានអន្តរជាតិណារីតា ដើម្បីរៀបចំពិធីអបអរសាទរជើងហោះហើរត្រង់លើកដំបូង ភ្នំពេញ-តូក្យូ តាមរយៈហ៊្វូចូវ ដើម្បីស្វាគមន៍ភ្ញៀវអ្នកដំណើរជើងដំបូង ដែលបានមកដល់អាកាសយានដ្ឋានអន្តរជាតិណារីតា និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ភ្ញៀវអ្នកដំណើរជើងដំបូងទាំងអស់ ចំពោះការគាំទ្ររបស់ពួកគេក្នុងការធ្វើដំណើរជាមួយក្រុមហ៊ុនអាកាសចរណ៍ Air Cambodia នាពេលនេះ និងនាពេលខាងមុខបន្ដបន្ទាប់ទៀត។

ឯកឧត្តមឯកអគ្គរាជទូត បានគូសបញ្ជាក់ថា ជើងហោះហើរត្រង់នេះ មិនត្រឹមតែជាផ្លូវហោះហើរថ្មីប៉ុណ្ណោះទេ វានឹងបង្កើតនូវឱកាសថ្មីៗសម្រាប់បង្កើនទំនាក់ទំនងសេដ្ឋកិច្ច ជាពិសេសការតភ្ជាប់ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ ការផ្លាស់ប្តូរវប្បធម៌ និងការផ្លាស់ប្តូរប្រជាជននិងប្រជាជន រវាងកម្ពុជា និងជប៉ុន។ លើសពីនេះទៀត ព្រឹត្តិការណ៍ដ៏សំខាន់នេះ មិនត្រឹមតែឆ្លើយតបដោយផ្ទាល់ទៅនឹងតម្រូវការកើនឡើងសម្រាប់ការមកដល់នៃភ្ញៀវទេសចរអន្តរជាតិនៅកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែវាក៏ឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែងដ៏សស្រាក់សស្រាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយភាពវាងវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីអាកាសយានដ្ឋានអន្តរជាតិតេជោ (Techo International Airport) ត្រូវបានសម្ពោធជាផ្លូវការដោយ សម្តេចធីបតីនាយករដ្ឋមន្ត្រី កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ផងដែរ។

ឯកឧត្តមឯកអគ្គរាជទូត មានជំនឿយ៉ាងមុតមាំថា ការចាប់ផ្តើមជើងហោះហើរត្រង់នេះ មិនត្រឹមតែបង្កនូវលក្ខណៈកាន់តែងាយស្រួលក្នុងការធ្វើដំណើរប៉ុណ្ណោះទេ ប៉ុន្តែវាក៏នឹងជួយជំរុញ និងទាក់ទាញអ្នកវិនិយោគធំៗកាន់តែច្រើនពីប្រទេសជប៉ុនមកកាន់ប្រទេសកម្ពុជា ហើយកំណើនភ្ញៀវទេសចររវាងកម្ពុជា-ជប៉ុន ក៏នឹងមានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ខណៈដែលទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរវាងកម្ពុជា-ជប៉ុន ដែលត្រូវបានដំឡើងចាប់ពីឆ្នាំ២០២៣មក ក៏នឹងត្រូវបានពង្រឹងកាន់តែរឹងមាំថែមទៀត។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម ក៏បានសម្ដែងការអបអរសាទរដល់ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា ចំពោះសមិទ្ធផលដ៏សំខាន់នៃការបើកជើងហោះហើរថ្មីនេះ និងបានជូនពរដល់ក្រុមហ៊ុននិងសហការី សូមទទួលបានការគាំទ្រនិងការទុកចិត្តពីអតិថិជនកាន់តែច្រើនឡើង បន្តនូវភាពរីកចម្រើន និងសម្រេចបាននូវសមិទ្ធផលដ៏អស្ចារ្យថ្មីៗសម្រាប់រយៈពេលជាច្រើនឆ្នាំតទៅមុខទៀត៕

...

19 October 2025

ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសជប៉ុន ចូលរួមដង្ហែរអង្គកឋិនទានមហាសាមគ្គី នៅវត្តខ្មែរសាមគ្គីនៃខេត្តខាណាហ្កាវ៉ា ប្រទេសជប៉ុន

នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសជប៉ុន អមដោយមន្ត្រី និងបុគ្គលិកស្ថានទូត បានមូលមតិគ្នាជាមួយពុទ្ធបរិស័ទចំណុះជើងវត្តខ្មែរសាមគ្គី បាននាំយកនូវត្រៃ និងបច្ច័យមួយចំនួន ដើម្បីដង្ហែរអង្គកឋិនទានមហាសាមគ្គី វេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាអស់ត្រីមាសក្នុងពុទ្ធសីមា នៅវត្តខ្មែរសាមគ្គីនៃខេត្តខាណាហ្កាវ៉ាប្រទេសជប៉ុន។ ពិធីបុណ្យអង្គកឋិនទានបានប្រារព្ធធ្វើក្រោមវត្តមានព្រះសង្ឃខ្មែរចំនួន ៥អង្គ ក្នុងនោះព្រះសង្ឃគង់នៅវត្តខ្មែរសាមគ្គីចំនួន ២ អង្គ ព្រះសង្ឃនិមន្តមកពីវត្តបារមីគិរីខេមរាភ្នំបិតាធំចំនួន ២អង្គ និង វត្តរតនរង្សីចំនួន ១ អង្គ ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្ត ក៏ដូចជាបងប្អូនខ្មែរជិតឆ្ងាយចូលរួមចាប់មគ្គផលបុណ្យយ៉ាងច្រើនកុះករ។ ស្ថានឯកអគ្គរាជទូតកម្ពុជា សូមជូនបុណ្យកុសលដល់បងប្អូនខ្មែរទាំងអស់ ជួបប្រទះនូវពុទ្ធពរទាំង ៤ ប្រការ គឺអាយុ វណ្ណ: សុខ: ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

...

15 October 2025

ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុនរៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទសម្តេច ព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ “ព្រះបរមរតនកោដ្ឋ” គម្រប់ខួប ១៣ឆ្នាំ

នៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានរៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ “ព្រះបរមរតនកោដ្ឋ” គម្រប់ខួប ១៣ឆ្នាំនៃការយាងចូលទិវង្គតរបស់ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។ 

ទូលព្រះបង្គំយើងខ្ញុំ ជាកូន ជាចៅ ចៅទួត ចៅលួត របស់ព្រះអង្គ សូមសម្តែងនូវកាសោកស្តាយ អាឡោះអាល័យ នឹកឃើញ និងចងចាំជាប់ជានិច្ចនូវព្រះករុណាទិគុណ និងព្រហ្មវិហារធម៌ដ៏ថ្លៃថ្លា ឧត្តុងឧត្តម វិសេសវិសាលរបស់ព្រះករុណា ព្រះវររាជបិតា ព្រះបរមរតនកោដ្ឋ ដែលបានលះបង់ព្រះកាយពល ព្រះបញ្ញាញាណ ក្នុងព្រះរាជសកម្មភាព ដើម្បីបុព្វហេតុឯករាជ្យជាតិ បូរណភាពទឹកដី ផ្សះផ្សាជាតិ បង្រួបបង្រួមជាតិ និងអភិវឌ្ឍន៍លើគ្រប់វិស័យ សម្រាប់ជាតិមាតុភូមិ សម្រាប់កូនចៅ ប្រជារាស្រ្តកម្ពុជាទូទាំងប្រទេស។ ទូលព្រះបង្គំយើងខ្ញុំសូមថ្វាយព្រះរាជកុសលថ្វាយ ព្រះករុណ ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឺកដី និងឯកភាពជាតិខ្មែរ “រះបរមរតនកោដ្ឋ” និងសូមបួងសួងឱ្យព្រះរាជាណាចក្រកម្ពុជាមានសុខសន្តិភាព ជានិរន្តរ៍តរៀងទៅ៕

...

15 October 2025

ឯកឧត្តមឯកអគ្គរាជទូតបានចូលជួបសម្តែងការគួរសម និងជម្រាបលា ឯកឧត្តម NUKAGA Fukushiro ប្រធានរដ្ឋសភាជប៉ុន នៅនិវេសនដ្ឋានរបស់ឯកឧត្តមប្រធានរដ្ឋសភា

នៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន អមដោយមន្ត្រីស្ថានទូត បានចូលជួបសម្តែងការគួរសម និងជម្រាបលា ឯកឧត្តម NUKAGA Fukushiro ប្រធានរដ្ឋសភាជប៉ុន។  

ឯកឧត្តមឯកអគ្គរាជទូតបានលើកឡើងនូវចំណុចសំខាន់ៗ ដូចជា ១) បានសំដែងការអបអរសាទរយ៉ាងក្លៀវក្លាដល់រដ្ឋាភិបាលជប៉ុនចំពោះជោគជ័យដ៏ធំធេង ក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ពិព័រណ៍ពិភពលោកឆ្នាំ២០២៥ នៅទីក្រុងអូសាកា ២)បានសំដែងការអបអរសាទរខួបលើកទី៦០ នៃការបញ្ជូនអ្នកស្ម័គ្រចិត្តជប៉ុន សម្រាប់កិច្ចសហប្រតិបត្តិការក្រៅប្រទេស ដែលជាព្រឹត្តិការណ៍ដ៏សំខាន់មួយឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងមុតមាំ សាមគ្គីភាពអន្តរជាតិ និងការចូលរួមចំណែកដ៏មានអត្តន័យចំពោះការអភិវឌ្ឍប្រកបដោយចិរភាពនៅទូទាំងពិភពលោក ៣)បានរំលឹកឡើងវិញនូវទំនាក់ទំនងរវាងកម្ពុជា-ជប៉ុន ដែលត្រូវបានដំឡើងទៅជា “ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ” ក្នុងឆ្នាំ២០២៣ ដែលជាកម្រិតខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រនៃទំនាក់ទំនងរបស់ប្រទេសទាំំងពីរ និងបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងដ៏យូរលង់ និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរលើវិស័យជាច្រើន ដែលត្រូវបានបន្តពង្រឹង និងពង្រីកកាន់តែរឹងមាំ តាមរយៈការផ្លាស់ប្តូរទស្សនកិច្ច និងការប្រាស្រ័យទាក់ទងញឹកញាប់ ជាពិសេសការអញ្ជើញមកបំពេញទស្សនកិច្ចការងារផ្លូវការនៅប្រទេសជប៉ុនកាលពីចុងខែឧសភា ឆ្នាំ២០២៥ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ៤) បានរំលឺកឡើងវិញពីការពិភាក្សាប្រកបដោយអត្ថន័យ និងខ្លឹមសាររវាងសម្តេចធិបតី និងឯកឧត្តមប្រធានរដ្ឋសភា កាលពីថ្ងៃទី៣០ ខែឧសភាក្នុងឆ្នាំនេះ ៥) បានបញ្ជាក់ជាថ្មីនូវការយកចិត្តទុកដាក់ខ្ពស់បំផុតរបស់រដ្ឋាភិបាលកម្ពុជា ចំពោះទំនាក់ទំនងជាមួយប្រទេសជប៉ុន ដើម្បីផលប្រយោជន៍រួមរបស់ប្រទេស និងប្រជាជននៃប្រទេសទាំងពីរ ៦) បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានរួមចំណែកដល់ដំណើរស្វែងរកសន្តិភាព និងការផ្តល់ជំនួយអភិវឌ្ឍផ្លូវការ (ODA) ដើម្បីគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ក៏ដូចជាការគាំទ្រលើកិច្ចព្រមព្រៀងបទឈប់បាញ់រវាងកម្ពុជា និងថៃ និងជំនួយសង្គ្រោះបន្ទាន់ឥតសំណងប្រមាណ ១,៨លានដុល្លារអាមេរិក ដើម្បីឆ្លើយតបទៅនឹងតម្រូវការមនុស្សធម៌ជាបន្ទាន់សម្រាប់ជនភៀសសឹកកម្ពុជានៅតាមព្រំដែនកម្ពុជា-ថៃ និង ៧) បានជម្រាបជូននូវជំហររដ្ឋាភិបាលកម្ពុជាក្នុងនាមជាប្រទេសស្រឡាញ់សន្តិភាពនិងចង់បានព្រំដែនមិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍជាមួយប្រទេសជិតខាង, សារៈសំខាន់នៃការធានាការអនុវត្តឱ្យបានពេញលេញ និងមានប្រសិទ្ធិភាពលើលក្ខខ័ណ្ឌបទឈប់បាញ់ និងកិច្ចព្រមព្រៀងទាំងអស់ និងបានអំពាវនាវឱ្យសហគមន៍អន្តរជាតិ រួមទាំងប្រទេសជប៉ុន បន្តគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការរក្សាសន្តិភាព បង្កើនស្ថិរភាពតំបន់ និងគោរពតាមគោលការណ៍នៃសហប្រតិបត្តិការអន្តរជាតិ។ 

ក្នុងឱកាសនោះ ឯកឧត្តមប្រធានរដ្ឋសភា បានមានប្រសាសន៍ថា៖ ១) បានចាត់ទុកកម្ពុជាជាប្រទេសដ៏មានសារៈសំខាន់របស់ជប៉ុន បើធៀបនឹងបណ្តាប្រទេសផ្សេងទៀតក្នុងតំបន់អាស៊ាន ២)បាន វាយតម្លៃខ្ពស់ពីភាពរីកចម្រើនទៅមុខយ៉ាងខ្លាំងនៃទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើលើវិស័យជាច្រើននៃប្រទេសទាំងពីរដែលត្រូវបានដំឡើងទៅជា “ភាពដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ” ដ៏មានន័យយ៉ាងជ្រាលជ្រៅ កាលពីឆ្នាំ២០២៣ ក្នុងឱកាសខួបលើកទី៧០ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូត និង ៣) បានអរគុណ និងកោតសរសើរពីកិច្ចខិតខំប្រឹងប្រែងដ៏ច្រើនក្នុងអាណត្តិការងារការទូតរបស់ ឯកឧត្តមឯកអគ្គរាជទូត ក្នុងការពូនជ្រុំនូវចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរដែលរីកចម្រេីនជាលំដាប់នេះ៕

...

12 October 2025

សូមអបអរសាទរ !! ពន្លាជាតិកម្ពុជា ទទួលបាន “ពានរង្វាន់សំរឹទ្ធ” លំដាប់ពិភពលោកផ្នែករចនាការតាំងបង្ហាញ ក្នុងព្រឹត្តិការណ៍ពិព័រណ៍ពិភពលោក ២០២៥ អូសាកា កាន់សៃ ប្រទេសជប៉ុន

នាល្ងាចថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៥ នៅក្នុងកម្មវិធីប្រគល់ពានរង្វាន់ ក្នុងព្រឹត្តិការណ៍ពិព័រណ៍ពិភពលោក ២០២៥ អូសាកា កាន់សៃ ពន្លាជាតិកម្ពុជា ទទួលបានកិត្តិយសលើឆាកអន្តរជាតិ ដោយទទួលបាន “ពានរង្វាន់សំរឹទ្ធ” លំដាប់ពិភពលោកផ្នែករចនាការតាំងបង្ហាញ ក្នុងក្រុមប្រភេទពន្លាជាតិប្រភេទ B និង X ។

កម្មវិធីប្រគល់ពានរង្វាន់នេះ ត្រូវបានរៀបចំឡើងដោយការិយាល័យពិព័រណ៍អន្តរជាតិ ក្នុងគោលបំណង ដើម្បីប្រកាស និងផ្តល់ពានរង្វាន់ដល់បណ្តាប្រទេស និងអង្គការអន្តរជាតិ ដែលបានចូលរួមក្នុងពិព័រណ៍ពិភពលោក ២០២៥ អូសាកា ដែលក្នុងនោះ មានពានរង្វាន់សរុប ចំនួន ៤៩ (ពានរង្វាន់មាស ប្រាក់ និងសំរិទ្ធ ចំនួន ៤៥  និងពានរង្វាន់និរន្តរភាព ចំនួន ៤)។

ព្រឹត្តិការណ៍ពិព័រណ៍ពិភពលោកនេះ មានការចូលរួមពីបណ្តាប្រទេស និងអង្គការអន្តរជាតិផ្សេងៗ សរុបចំនួន ១៦៥ ហើយការវាយតម្លៃពានរង្វាន់នេះ ត្រូវបានធ្វើឡើងដោយការិយាល័យពិព័រណ៍អន្តរជាតិ ប្រកបដោយភាពសុក្រិត និងតម្លាភាព ដែលក្នុងនោះប្រទេសចូលរួមផ្លូវការត្រូវផ្តល់ជូននូវ ឯកសារពាក់ព័ន្ធនឹងការវាយតម្លៃដូចជា៖ សេចក្ដីថ្លែងការណ៍ប្រធានបទ, គំនិតរចនា, ស្ថាបត្យកម្ម, ការរចនាខាងក្រៅ, ខ្លឹមសារ និងការអភិវឌ្ឍមូលបទ។ ក្នុងពេលវិនិច្ឆ័យមានពីរវគ្គ លើកទី១ កំណត់ចុះវាយតម្លៃនៅពន្លាជាតិកម្ពុជា ដែលមានគណៈវិនិច្ឆ័យចំនួន ៩រូប និងលើកទី២ គណៈវិនិច្ឆ័យ បានអញ្ជើញចុះមកពិនិត្យពន្លាជាតិ ដោយមិនជូនដំណឹង។

សូមបញ្ជាក់ផងដែរ នៅក្នុងព្រឹត្តិការណ៍ពិព័រណ៍រយៈពេល ៦ខែនេះ កម្ពុជា បានជ្រើសរើស “ប្រាសាទកោះកេរ” ជាស្នូលក្នុងការសាងសង់ “ពន្លាជាតិ” ដែលឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់កម្ពុជា ក្នុងការអភិរក្សបេតិភណ្ឌវប្បធម៌ ស្នាដៃស្ថាបត្យកម្ម និងសិល្បៈបុរាណខ្មែរ ដ៏សម្បូរបែប។

ព្រឹត្តិការណ៍ពិភពលោកនេះ ត្រូវបានបិទបញ្ចប់នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ ក្រោមព្រះរាជាធិបតី ព្រះអង្គម្ចាស់ Akishino។ នាកម្មវិធីបិទនេះ ក៏មានការប្រគល់ទង់ BIE និងទង់ពិព័រណ៍ ជូនព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត ក្នុងការរៀបចំពិព័រណ៍ពិភពលោក ឆ្នាំ២០៣០ “Expo 2030 Riyadh”, ប្រទេសស៊ែបី ក្នុងការរៀបចំពិព័រណ៍អន្តរជាតិ “Specialized Expo 2027 Belgrade“ និងប្រទេសជប៉ុន ក្នុងការរៀបចំពិព័រណ៍អន្តរជាតិ “International Horticultural Expo 2027 Yokohama (GREEN X EXPO 2027 Yokohama)” ផងដែរ ៕

...

02 October 2025

ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន អញ្ជើញចូលរួមជាភ្ញៀវកិត្តិយស និងថ្លែងសុន្ទរកថា នៅក្នុងកម្មវិធីសិក្ខាសាលា “JCA Annual Cambodia Business Seminar” រៀបចំដោយសមាគមជប៉ុន-កម្ពុជា (Japan-Cambodia Association)

នៅរសៀលថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានអញ្ជើញចូលរួមជាភ្ញៀវកិត្តិយស និងថ្លែងសុន្ទរកថា នៅក្នុងកម្មវិធីសិក្ខាសាលា “JCA Annual Cambodia Business Seminar” ដែលរៀបចំឡើងដោយ សមាគមជប៉ុន-កម្ពុជា (Japan-Cambodia Association) នៅអគារទីស្នាក់ការតំណាងរាស្រ្ដជប៉ុន ដោយមានការចូលរួមពី សមាជិកសមាគមជប៉ុន-កម្ពុជា និងក្រុមហ៊ុនឯកជនជប៉ុនផ្សេងទៀត ប្រមាណជាង ១០០នាក់។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ឯកអគ្គរាជទូតកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សមាគមជប៉ុន-កម្ពុជា (JCA) ដែលតែងតែដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជា និងជប៉ុន តាមរយៈការបន្តរៀបចំសិក្ខាសាលាវិនិយោគ កម្មវិធីផ្គូផ្គងពាណិជ្ជកម្ម និងជាពិសេសការបន្តបញ្ជូនគណៈប្រតិភូជំរុញការវិនិយោគជប៉ុន ទៅកាន់ប្រទេសកម្ពុជា ដែលសកម្មភាពនេះពិតជាបានជួយជំរុញទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា និងជប៉ុន កាន់តែល្អប្រសើរឡើងថែមទៀត។

ជាមួយនឹងការប្តេជ្ញាចិត្តដ៏មុតមាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ISHIBA Shigeru នាយករដ្ឋមន្ត្រីជប៉ុន ក្នុងការពង្រឹង និងពង្រីកឱ្យកាន់តែស៊ីជម្រៅនូវទំនាក់ទំនងជា ដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរបស់ប្រទេសទាំងពីរ លើគ្រប់វិស័យ ឯកឧត្តមឯកអគ្គរាជទូត បានលើកឡើងអំពីលទ្ធផលសំខាន់ៗ នៃដំណើរបេសកកម្មការងាររបស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា មកកាន់ប្រទេសជប៉ុន នាពេលថ្មីៗនេះ ដូចជា៖ ១-កិច្ចប្រជុំរវាង លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា ជាមួយវិស័យឯកជនជប៉ុន កាលពីដើមខែកញ្ញា នៅទីក្រុងអូសាកា ២- ជំនួបពិភាក្សាការងាររវាង ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា ជាមួយអភិបាលខេត្ត Aichi និងអភិបាលក្រុង Nagoya ព្រមទាំងការចូលរួមក្នុងពិព័រណ៍ទេសចរណ៍ជប៉ុន និងកិច្ចប្រជុំតុមូលថ្នាក់រដ្ឋមន្ត្រី នៅទីក្រុងណាហ្កូយ៉ា កាលពីថ្ងៃទី២៤-២៦ ខែកញ្ញា និង ៣- “កិច្ចប្រជុំពិភាក្សាស្តីពីវិស័យឯកជនរបស់ជប៉ុន” ដែលរៀបចំកាលពីថ្ងៃទី២៥ ខែកញ្ញា នៅស្ថានទូត ដឹកនាំដោយ ឯកឧត្តមសាស្រ្តាចារ្យបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា ទេសរដ្ឋមន្រ្តីទទួលបន្ទុកលើវិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ច ប្រធានគណៈកម្មាធិការផ្តល់យោបល់លើគោលនយោបាយពាណិជ្ជកម្ម (គ.ផ.គ.ព.) និងជាប្រធានក្រុមការងារសិក្សាអំពីកិច្ចព្រមព្រៀងទូលំទូលាយនិងរីកចម្រើនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CP-TPP)។

ឯកឧត្តម ឯកអគ្គរាជទូត បានគូសបញ្ជាក់ថា ដំណើរបេសកកម្មការងាររបស់ថ្នាកដឹកនាំរាជរដ្ឋាភិបាលកម្ពុជា មកកាន់ប្រទេសជប៉ុនថ្មីៗនេះ បានបង្ហាញពីការ​យកចិត្ត​ទុកដាក់​យ៉ាង​ខ្លាំងបំផុតរបស់រាជរដ្ឋាភិបាលកម្ពុជា​ ចំពោះ​វិស័យ​ឯកជន​ជប៉ុន ​ដែលកំពុង​ធ្វើ​អាជីវកម្ម​នៅ​កម្ពុជាផង និងបានពង្រីកបន្ថែមនូវកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ រវាងប្រទេសទាំងពីរ ផងដែរ។

ជាចុងក្រោយ ឯកឧត្តម បានជូនពរដល់​សមាជិក​គណៈប្រតិភូ​ធុរកិច្ច JCA ទាំងអស់ ដែលនឹងចូលរួមកម្មវិធីទស្សនកិច្ចធុរកិច្ចនិងវិនិយោគ លើកទី៥ ទៅកាន់​ប្រទេស​កម្ពុជា នៅថ្ងៃទី១០-១២ ខែវិច្ឆិកា ឆ្នាំ២០២៥ រៀបចំដោយសមាគម JCA ខាងមុខនេះ ​ឱ្យ​ទទួល​បាន​ជោគជ័យ និង​លទ្ធផលជាទី​គាប់ប្រសើរតាមការគ្រោងទុក។ ឯកឧត្តម ក៏បានជំរុញឱ្យសមាជិកសមាគម JCA ដែលមិនទាន់បានធ្វើដំណើរទៅកម្ពុជា សូមឆ្លៀតឱកាសទៅទស្សនាប្រទេសកម្ពុជា ក្នុងគោលបំណងធុរកិច្ច ឬក្នុងនាមជាអ្នកទេសចរក៏បាន ដោយកម្ពុជា រង់ចាំទទួលស្វាគមន៍ជាមួយនឹងស្នាមញញឹម និងដោយក្តីរីករាយរាក់ទាក់ជាទីបំផុត៕

...

30 September 2025

ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន អនុញ្ញាតជូន លោក KEVIN LI តំណាងអាកាសចរណ៍ជាតិកម្ពុជា និងលោក MASATO TADOKORO តំណាងក្រុមហ៊ុន AVIAREPS Japan ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ

នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំ​ប្រទេស​ជប៉ុន អមដោយអនុព័ន្ធពាណិជ្ជកម្ម បានអនុញ្ញាតជូន លោក KEVIN LI តំណាងអាកាសចរណ៍ជាតិកម្ពុជា លោក MASATO TADOKORO និងលោក STEPHEN COX តំណាងក្រុមហ៊ុន AVIAREPS Japan ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារអំពី វឌ្ឍនភាពនៃដំណើរប្រតិបត្តិការរបស់អាកាសចរណ៍ជាតិកម្ពុជា (AIR CAMBODIA)។

ក្នុងជំនួបនេះ លោក KEVIN LI តំណាងអាកាសចរណ៍ជាតិកម្ពុជា ព្រមទាំងតំណាងក្រុមហ៊ុន AVIAREPS Japan បានជម្រាបជូនអំពីជើងហោះហើរត្រង់រវាងកម្ពុជា-ជប៉ុន ដែលនឹងចាប់ផ្ដើមប្រតិបត្តិនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ឆាប់ៗខាងមុខ ហើយជើងហោះហើរថ្មីនេះ នឹងតភ្ជាប់ពីរាជធានីភ្នំពេញ (KTI) ទៅទីក្រុងតូក្យូ (NRT) ប្រទេសជប៉ុន ដោយមានការឈប់រយៈពេលខ្លីនៅទីក្រុងហ្វ៊ូចូវ (FOC) ប្រទេសចិន។ ក្នុងនោះដែរ តំណាងក្រុមហ៊ុន បានស្នើសុំស្ថានទូត ជួយផ្សព្វផ្សាយព័ត៌មាននេះជូនដល់បងប្អូនសហគមន៍ខ្មែរនៅប្រទេសជប៉ុន និងមិត្តជប៉ុនទាំងអស់ ឱ្យចូលរួមគាំទ្រ និងធ្វើដំណើរជាមួយអាកាសចរណ៍ជាតិកម្ពុជា (AIR CAMBODIA)។

ជាកិច្ចឆ្លើយតប ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជា បានអបអរសាទរចំពោះវឌ្ឍនភាពនៃដំណើរប្រតិបត្តិការរបស់អាកាសចរណ៍ជាតិកម្ពុជា និងគាំទ្រចំពោះការចូលរួមផ្សព្វផ្សាយព័ត៌មាននេះជូនដល់បងប្អូនសហគមន៍ខ្មែរនៅប្រទេសជប៉ុន និងមិត្តជប៉ុនទាំងអស់ ដើម្បីជំរុញឱ្យប្រជាពលរដ្ឋខ្មែរ និងជប៉ុន ក៏ដូចជាជនបរទេសផ្សេងទៀត ចូលរួមគាំទ្រ និងធ្វើដំណើរជាមួយអាកាសចរណ៍ជាតិកម្ពុជា (AIR CAMBODIA)។ ឯកឧត្តមឯកអគ្គរាជទូត បានគូសបញ្ជាក់ថា ជើងហោះហើរថ្មីនេះ គឺជាវឌ្ឍនភាពថ្មីនៃការពង្រីកការតភ្ជាប់ផ្លូវអាកាស និងលើកកម្ពស់វិស័យទេសចរណ៍ និងទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ ជាមួយគ្នានេះ ឯកឧត្តម ឯកអគ្គរាជទូតកម្ពុជា ក៏បានស្នើឱ្យអាកាសចរណ៍ជាតិកម្ពុជា បន្តចរចារជាមួយភាគីជប៉ុន ដើម្បីទទួលបានការអនុញ្ញាតឱ្យក្រុមហ៊ុនអាចហោះហើរក្នុងពេលវេលាល្អ និងបង្កើនចំនួនហោះហើរត្រង់រវាងកម្ពុជា-ជប៉ុន កាន់តែច្រើនឡើងថែមទៀត។

ខាងក្រោមនេះ ជាកាលវិភាគហោះហើរ ៣ ដងក្នុងមួយសប្ដាហ៍ ដែលមានកាលបរិច្ឆេទកំណត់ដូចខាងក្រោម៖

កាលបរិច្ឆេទកក់និងទិញសំបុត្រ៖ ចាប់ផ្តើមពីអីឡូវនេះ រហូតដល់ ថ្ងៃទី៣១ ខែមិនា ឆ្នាំ ២០២៦

កាលបរិច្ឆេទធ្វើដំណើរ៖ ចាប់ពីថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២៥ រហូតដល់ ថ្ងៃទី៣១ ខែមិនា ឆ្នាំ ២០២៦

កាលវិភាគហោះហើរលំអិត៖

• ភ្នំពេញ → តូក្យូ (កាត់តាមហ្វ៊ូចូវ): ពុធ, សុក្រ, អាទិត្យ | ចេញដំណើរ ០៩:៤៥ | ទៅដល់ ១៩:០០

• តូក្យូ → ភ្នំពេញ (កាត់តាមហ្វ៊ូចូវ): ពុធ, សុក្រ, អាទិត្យ | ចេញដំណើរ ២០:០០ | ទៅដល់ ០៣:០០ (+១)

• ភ្នំពេញ → ហ្វ៊ូចូវ (ហោះត្រង់): ពុធ, សុក្រ, អាទិត្យ | ចេញដំណើរ ០៩:៤៥ | ទៅដល់ ១៤:០០

• ហ្វ៊ូចូវ → ភ្នំពេញ (ហោះត្រង់): ចន្ទ, ព្រហស្បតិ៍, សៅរ៍ | ចេញដំណើរ ០០:៣០ | ទៅដល់ ០៣:០០

• ហ្វ៊ូចូវ → តូក្យូ (ហោះត្រង់): ពុធ, សុក្រ, អាទិត្យ |ដំណើរ ១៤:៥០ | ទៅដល់ ១៩:០០

• តូក្យូ → ហ្វ៊ូចូវ (ហោះត្រង់): ពុធ, សុក្រ, អាទិត្យ | ដំណើរ២០:០០ | ទៅដល់ ២៣:៣០