19 May 2025
សេចក្ដីជូនដំណឹង - Announcment
05 May 2025
ព្រឹត្តិការណ៍ពិព័រណ៍កម្ពុជារយៈពេលពីរថ្ងៃ បិទបញ្ចប់ដោយជោគជ័យ និងទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិ សរុបប្រមាណជា ១០ម៉ឺននាក់
នៅល្ងាចថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសជប៉ុន និងជាប្រធានគណៈកម្មការពិព័រណ៍កម្ពុជាប្រចាំឆ្នាំលើកទី៩ ឆ្នាំ២០២៥ (9th Cambodia Festival) បាន អញ្ជើញជាអធិបតីបិទព្រឹត្តិការណ៍ពិព័រណ៍កម្ពុជា នៅឧទ្យានយ៉ូយ៉ូហ្កិផាក (Yoyogi Park) នាទីក្រុងតូក្យូ។
ឯកឧត្តមឯកអគ្គរាជទូត បានបញ្ជាក់ថា តាមការសង្កេតឃើញរបស់គណៈកម្មាធិការរៀបចំកម្មវិធីព្រឹត្តិការណ៍ពិព័រណ៍កម្ពុជា ដែលមានរយៈពេលចាប់ពីថ្ងៃទី៣-៤ ខែឧសភា មានភ្ញៀវជាតិ និងអន្តរជាតិចម្រុះជាតិសាសន៍ប្រមាណជា ១០ម៉ឺននាក់ មកចូលរួមទស្សនាការដាក់តាំងបង្ហាញផលិតផលខ្មែរ មុខម្ហូបខ្មែរ ការសម្តែងសិល្បៈចម្រុះ ចម្រៀងបុរាណនិងសម័យ រួមទាំងការរាំលេងកម្សាន្ត ដែលសម្តែងដោយក្រុមសិល្បៈអញ្ជើញមកពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា សហគមន៍ខ្មែរ សមាគមនិស្សិតខ្មែររៀននៅជប៉ុន កុមារាកុមារីខ្មែរនៅជប៉ុននិងជនជាតិជប៉ុនដែលស្រឡាញ់វប្បធម៌ខ្មែរ ផងដែរ។
ជាចុងបញ្ចប់ ឯកឧត្ដមឯកអគ្គរាជទូត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ប្រជាពលរដ្ឋខ្មែរ ដែលកំពុងរស់នៅ ធ្វើការ និងសិក្សានៅប្រទេសជប៉ុន មិត្តជប៉ុន និងភ្ញៀវអន្តរជាតិ ដែលបានអញ្ជើញមកចូលរួមទស្សនាក្នុងព្រឹត្តិការណ៍នេះ។ ឯកឧត្តមឯកអគ្គរាជទូតក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសមាជិកគណ:កម្មការពិព័រណ៍កម្ពុជាគ្រប់ផ្នែកទាំងអស់ អ្នកឧបត្ថម្ភ សហគមន៍ខ្មែរ សមាគមនិស្សិតខ្មែរនៅប្រទេសជប៉ុន ក្រុមសម្តែងសិល្បះ និងអ្នកស្ម័គ្រចិត្តដែរបានចូលរួម និងញាំងព្រឹត្តិការណ៍នេះបិទបញ្ចប់ប្រកបដោយភាពសប្បាយរីករាយ អធិកអធម និងស្និទ្ធស្នាលបំផុត៕
https://www.facebook.com/cambodianembassyinjapan/posts/1121634200000479
03 May 2025
បេីកឆាកថ្ងៃដំបូង ព្រឹត្តិការណ៍ពិព័រណ៍កម្ពុជាឆ្នាំ២០២៥ នៅទីក្រុងតូក្យូ ទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិចូលរួមប្រមាណជាង ៥ម៉ឺននាក់
នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥ ស្ថានទូតឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន សហការជាមួយគណៈកម្មការពិព័រណ៍កម្ពុជា បានរៀបចំព្រឹត្តិការណ៍ពិព័រណ៍កម្ពុជាប្រចាំឆ្នាំលើកទី៩ ឆ្នាំ២០២៥ (9th Cambodia Festival) នៅសួនឧទ្យានយ៉ូយ៉ូហ្កិ (Yoyogi Park) នាទីក្រុងតូក្យូ។ កម្មវិធីបើកព្រឹត្តិការណ៍ពិព័រណ៍កម្ពុជានេះ បានអញ្ជើញចូលរួមជាអធិបតីដោយ ឯកឧត្ដម ទុយ រី ឯកអគ្គរាជទូតកម្ពុជា និងជាប្រធានគណៈកម្មការពិព័រណ៍កម្ពុជា ឯកឧត្តម ហ៊ុល សីលា អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍កម្ពុជា ឯកឧត្តម IMAMURA Masahiro អតីតប្រធានសម្ព័ន្ធមិត្តភាពសភាជប៉ុន-កម្ពុជា និងជាទីប្រឹក្សាសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងឯកឧត្តម MIYAJI Takuma អនុរដ្ឋមន្រ្តី្កក្រសួងការបរទេសជប៉ុន ព្រមទាំងមានការអញ្ជើញចូលរួមពីតំណាងក្រសួងពាណិជ្ជកម្មកម្ពុជា តំណាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកម្ពុជា ឯកអគ្គរាជ/រដ្ឋទូត និងតំណាងអង្គទូតនៃបណ្ដាប្រទេសសមាជិកអាស៊ាន តំណាងសហគមន៍ខ្មែរនិងសមាគមនិស្សិតខ្មែរនៅជប៉ុន ក្រុមហ៊ុនឯកជនកម្ពុជា និងជប៉ុន ប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅ ធ្វើការ និងសិក្សានៅប្រទេសជប៉ុន ព្រមទាំងភ្ញៀវអន្តរជាតិ ប្រមាណជាង ៥ម៉ឺននាក់។
ព្រឹត្តិការណ៍ពិព័រណ៍កម្ពុជានេះ មានគោលបំណងដើម្បីផ្សព្វផ្សាយ និងលើកស្ទួយសិល្បៈវប្បធម៌ខ្មែរ ជំរុញការវិនិយោគ ទេសចរណ៍ ផលិតផលសក្តានុពល និងម្ហូបអាហារខ្មែរទៅកាន់ប្រជាជនជប៉ុន និងភ្ញៀវបរទេសផ្សេងទៀត។ ព្រឹត្តិការណ៍ពិព័រណ៍កម្ពុជា មានរយៈពេលពីរថ្ងៃ គឺចាប់ពីថ្ងៃទី៣ ដល់ ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៥ ដែលការរៀបចំនេះធ្វើឡើងស្របនឹងពេលឈប់សម្រាក (golden week) របស់ប្រជាជនជប៉ុន។
ក្នុងឱកាសនោះ ឯកឧត្តម MIYAJI Takuma បានសង្កត់ធ្ងន់អំពី៖ ១. ទំនាក់ទំនងដ៏ជិតស្និទ្ធ និងដ៏មានផ្លែផ្ការវាងកម្ពុជា និងជប៉ុន ២.ការចូលរួមចំណែករបស់ប្រទេសជប៉ុនក្នុងដំណេីរការស្វែងរកសន្តិភាព និងការអភិវឌ្ឍន៍ប្រទេសកម្ពុជា និង ៣.ការពង្រីកកិច្ចសហប្រតិបត្តិកាគ្រប់វិស័យ ក្រោម "ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ" រវាងប្រទេសទាំងពីរ។
ឯកឧត្តម IMAMURA Masahiro បានលើកឡើងអំពី៖ ១.កិច្ចខិតខំប្រឹងប្រែងរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា ក្នុងការស្វែងរកសន្តិភាព និងការកសាងប្រទេសកម្ពុជាដ៏រឹងមាំមួយ ទាំងការរក្សាបាននូវស្ថិរភាពនយោបាយ និងកំណើនសេដ្ឋកិច្ច ២.ភាពរីកចម្រើនដ៏ឆាប់រហ័សរបស់ប្រទេសកម្ពុជានាពេលបច្ចុប្បន្ន ក្រោមការដឹកនាំរបស់សម្តេចធបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និង ៣.បានអះអាងពីការតាំងចិត្តក្នុងការពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងជប៉ុនបន្ថែមទៀត។
ឯកឧត្តម ហ៊ុល សីលា បានលើកឡើង៖ ១. អំពីសក្តានុពលវិស័យទេសចរណ៍កម្ពុជា ដែលត្រូវបានចាត់ទុកជា “មាសបៃតង” ដែលជាគោលដៅទេសចរណ៍មានសុវត្ថិភាព និងមានភាពទាក់ទាញល្បីល្បាញទូទាំងពិភពលោក និង ២. បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រដ្ឋាភិបាលជប៉ុន ដែលបានផ្តល់កិច្ចសហការគាំទ្រកន្លងមក និងស្នើសុំបន្តគាំទ្រ ជាពិសេសជុំវិញកិច្ចសហការក្នុងការផ្សព្វផ្សាយវិស័យទេសចរណ៍កម្ពុជា-ជប៉ុន ឱ្យកាន់តែទូលំទូលាយថែមទៀត។
ថ្លែងក្នុងពិធីបើកព្រឹត្តិការណ៍នេះ ឯកឧត្តមឯកអគ្គរាជទូត បានលើកឡើង៖ ១. ទំនាក់ទំនងកាន់តែល្អប្រពៃ និងរីកចម្រើនជាបន្តបន្ទាប់រវាងប្រទេសកម្ពុជា និងជប៉ុន ក្រោម “ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ” និងការប្តេជ្ញាចិត្តបន្តពង្រឹង និងពង្រីកបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការបន្ថែមទៀត, ២.គូសបញ្ជាក់អំពីតួនាទីដ៏សំខាន់របស់ប្រទេសជប៉ុន ក្នុងដំណើរការកសាងសន្តិភាព ក្នុងអំឡុងទសវត្សរ៍៩០ កសាងប្រទេសឡើងវិញ និងការចូលរួមចំណែកក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមរបស់ប្រទេសកម្ពុជា, ៣. ការអភិវឌ្ឍន៍ និងភាពរីកចម្រើនរបស់ប្រទេសកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លៀសវៃ និងប្រកបដោយថាមពលដ៏ក្លៀវក្លារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ៤. សក្តានុពលវិនិយោគ ព្រមទាំងកាលានុវត្តភាពដ៏ល្អប្រសើរបំផុតរបស់ប្រទេសកម្ពុជា សម្រាប់វិនិយោគិនបរទេស និងវិស័យទេសចរណ៍ និង ៥. អញ្ជើញបងប្អូនសហគមន៍ខ្មែរ មិត្តជប៉ុន និងភ្ញៀវអន្តរជាតិទាំងអស់ ចូលរួមគាំទ្រ និងទស្សនាពន្លាជាតិកម្ពុជា នៅក្នុងព្រឹត្តិការណ៍ពិភពលោក២០២៥ នៅទីក្រុងអូសាកា ជាពិសេសនៅថ្ងៃរៀបចំពិធីអបអរសាទរ «ទិវាជាតិកម្ពុជា» នាថ្ងៃទី ៥ ខែកក្កដា ឆ្នាំ២០២៥។
ក្នុងព្រឹត្តិការណ៍ពិព័រណ៍ឆ្នាំនេះ មានស្តង់ចំនួនជាង ៨០ បានដាក់តាំងបង្ហាញនូវផលិតផលខ្មែរ មុខម្ហូបខ្មែរ ផ្សព្វផ្សាយពីគោលដៅទេសចរណ៍ និងសក្តានុពលវិនិយោគនានា ការសម្តែងសិល្បៈចម្រុះ ចម្រៀងបុរាណនិងសម័យ រួមទាំងការរាំលេងកម្សាន្ត និងការបង្ហាញសម្លៀកបំពាក់ប្រពៃណីខ្មែរ ដែលសម្តែងដោយក្រុមសិល្បៈអញ្ជើញមកពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា កុមារាកុមារីខ្មែរនៅជប៉ុន ក្រុមសមាគមនិស្សិតខ្មែររៀននៅជប៉ុន និងជនជាតិជប៉ុនដែលស្រឡាញ់វប្បធម៌ខ្មែរ ផងដែរ។
ជាចុងបញ្ចប់ ឯកឧត្តមឯកអគ្គរាជទូត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់បងប្អូនប្រជាពលរដ្ឋខ្មែរ មិត្តជប៉ុន ក៏ដូចជា ភ្ញៀវអន្តរជាតិទាំងអស់ដែលបានអញ្ជើញចូលរួមទស្សនា និងគាំទ្រព្រឹត្តិការណ៍តាំងពិព័រណ៍កម្ពុជានេះ ព្រមទាំងបានសំដែងការអរគុណយ៉ាងជ្រាលជ្រៅដល់សមាជិកគណៈកម្មការរៀបចំពិព័រណ៍កម្ពុជា រួមទាំង យុវជន យុវនារី និងកុមារា កុមារី សិស្សនិស្សិតខ្មែរ និងជប៉ុន អ្នកស្ម័គ្រចិត្តទាំងអស់ និងអ្នកសំដែងរបាំ និងចម្រៀង ដែលបានញ៊ាំងឱ្យកម្មវិធីនេះប្រព្រឹត្តទៅដោយរលូន និងទទួលជោគជ័យ។ ឯកឧត្តម ក៏បានគូសបញ្ជាក់តម្លៃពុំអាចកាត់ថ្លៃបានចំពោះការចូលរួមចំណែក និងការលះបង់របស់ពួកគេទាំងអស់គ្នាក្នុងការអភិរក្ស និងលើកស្ទួយវប្បធម៌ខ្មែរពិត៕
https://www.facebook.com/cambodianembassyinjapan/posts/1120348563462376
26 April 2025
ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន រៀបចំកម្មវិធីប្រឡងនិយាយភាសាខ្មែរជាលើកទី៨ ឆ្នាំ២០២៥
នៅថ្ងៃសៅរ៍ ទី២៦ ខែមេសា ឆ្នាំ២០២៥ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានរៀបចំកម្មវិធីប្រឡងនិយាយភាសាខ្មែរ នៅក្នុងបិរវេណស្ថានទូតកម្ពុជា នាទីក្រុងតូក្យូ។ កម្មវិធីនេះ មានបេក្ខជនប្រឡងសរុបចំនួន ១៦ នាក់ (ស្រី ១៤ នាក់) ដែលជាសិស្សនិស្សិតនិងអ្នកធ្វើការជនជាតិជប៉ុន និងដែលកំពុងសិក្សាភាសាខ្មែរ។ នេះជាលើកទី៨ ដែលស្ថានទូតកម្ពុជាបានរៀបចំការប្រឡងនិយាយភាសាខ្មែរនេះឡើង ដែលជាកម្មវិធីប្រចាំឆ្នាំ ក្នុងគោលបំណងលើកទឹកចិត្តដល់ប្រជាពលរដ្ឋជប៉ុនដែលកំពុងរៀនភាសាខ្មែរអាចចូលរួមដកបទពិសោធន៍ពីសមត្ថភាពនិយាយភាសាខ្មែររបស់ពួកគេ ព្រមទាំង លើកកម្ពស់ការសិក្សាស្រាវជ្រាវពីទំនាក់ទំនងកម្ពុជា-ជប៉ុន និងជំរុញការស្វែងយល់កាន់តែច្បាស់ពីប្រទេសកម្ពុជា ក៏ដូចជាជម្រុញទំនាក់ទំនងឱ្យកាន់តែប្រសើររវាងប្រជាជនទាំងពីរប្រទេសផងដែរ។ បេក្ខជនជ័យលាភីលេខ ១ និងបេក្ខនារីជ័យលាភីលេខ ២ និងលេខ៣ ក្នុងកម្មវិធីខាងលើ ទទួលបានរង្វាន់ធ្វើដំណើរកំសាន្តនៅប្រទេសកម្ពុជា នាអំឡុងខែសីហា ឬខែកញ្ញាឆ្នាំ២០២៥ រីឯបេក្ខជន-បេក្ខនារីផ្សេងទៀតដែលពុំទទួលជ័យលោភី ក៏ទទួលបានរង្វាន់លើកទឹកចិត្តផងដែរ។
សូមបញ្ជាក់ជូនថា កម្មវិធីការប្រឡងនិយាយភាសាខ្មែរ ត្រូវបានចាប់ផ្តើមប្រារព្ធឡើងជាលើកដំបូងនៅឆ្នាំ២០១៣ ដើម្បីអបអរសាទរខួប៦០ឆ្នាំនៃទំនាក់ទំនងការទូតកម្ពុជា-ជប៉ុន បន្ទាប់មកត្រូវបានអាក់ខានដោយសារវិបត្តិជំងឺកូវីដ-១៩ និងក្រោយមកបានចាប់ផ្តើមធ្វើឡើងវិញនៅឆ្នាំ២០២៣ ដែលជាខួប៧០ឆ្នាំនៃទំនាក់ទំនងការទូតកម្ពុជា-ជប៉ុន និងក្រោយមកទៀតត្រូវបានប្រារព្ធឡើងជាបន្តបន្ទាប់ជារៀងរាល់ឆ្នាំ។
នៅក្នុងឱកាសនោះ បន្ទាប់ពីកម្មវិធីប្រឡងបានបញ្ចប់ ស្ថានឯកអគ្គរាជទូតកម្ពុជាក៏មានរៀបចំផងដែរនូវកម្មវិធីសំណេះសំណាល និងពិសាម្ហូបអាហារខ្មែរ ដើម្បីបង្កើតបណ្តាញទំនាក់ទំនងរវាងអ្នកចូលរួម និងផ្សព្វផ្សាយអំពីមុខម្ហូបខ្មែរ។ កម្មវិធីខាងលើ បានចូលរួមចំណែកមួយយ៉ាងសំខាន់ផងដែរ ក្នុងការពង្រឹងទំនាក់ទំនងរវាងកម្ពុជា-ជប៉ុន ព្រមទាំងជាផ្នែកមួយនៃការជំរុញសេដ្ឋកិច្ចការទូតផងដែរ៕
https://www.facebook.com/cambodianembassyinjapan/posts/1113654684131764
23 April 2025
ឯកអគ្គរាជទូតកម្ពុជា អញ្ជើញចូលរួមជាភ្ញៀវកិត្តិយសនៅក្នុងកម្មវិធីពិព័រណ៍ The Asia-Pacific Festival & Charity Bazaar 2025 រៀបចំដោយសមាគមស្រ្តី The Asia-Pacific Ladies Friendship Society Inc. (ALFS)
នាថ្ងៃពុធ ទី២៣ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសជប៉ុន បានអញ្ជើញចូលរួមជាភ្ញៀវកិត្តិយសនៅក្នុងកម្មវិធីពិព័រណ៍ប្រចាំឆ្នាំ The Asia-Pacific Festival & Charity Bazaar 2025 នៅសាល Meiji Kinenkan នៃទីក្រុងតូក្យូ ដែលរៀបចំឡើងដោយសមាគមស្រ្តី The Asia-Pacific Ladies Friendship Society Inc. (ALFS) ក្រោមអធិបតីភាព ព្រះអង្គម្ចាស់ក្សត្រី ហ៊ីតាឈី (Hanako, Princess Hitachi) នៃប្រទេសជប៉ុន ដោយមានស្ថានទូតសរុបចំនួន ២៣ បានចូលរួមតាំងបង្ហាញនិងផ្សព្វផ្សាយអំពីផលិតផលជាតិនានា រួមទាំងស្ថានទូតកម្ពុជាផងដែរ។
ក្នុងឱកាសនោះ ស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជា បានរៀបចំដាក់តាំងបង្ហាញនូវសម្ភារៈសិល្បៈវប្បធម៌ ផលិតផលសិប្បកម្មខ្មែរធ្វើដោយដៃ ក្រមា និងវត្ថុអនុស្សាវរីយ៍នានា ព្រមទាំងសៀវភៅធ្វើម្ហូប “The Taste of Angkor” ដើម្បីជំរុញនិងផ្សព្វផ្សាយអំពីវប្បធម៌ និងទាក់ទាញភ្ញៀវទេសចរឱ្យមកប្រទេសកម្ពុជាកាន់តែច្រើនឡើងថែមទៀត។
ពិព័រណ៍ប្រចាំឆ្នាំខាងលើ ជាកម្មវិធីសប្បុរសធម៌ ដែលត្រូវបានរៀបចំឡើងក្នុងគោលបំណងរៃអង្គាសថវិកាដើម្បីជួយដល់បណ្តាប្រទេសជាសមាជិកដែលជួបប្រទះនឹងគ្រោះធម្មជាតិនានា ឬក្នុងការទ្រទ្រង់និងលើកកម្ពស់ផ្នែកសុខុមាលភាព ការអប់រំ តាមរយៈការលក់សំបុត្រចូលរួមទស្សនាស្តង់របស់បណ្តាប្រទេសសមាជិកនីមួយៗ ដោយភ្ជាប់ជាមួយនូវឆ្នោតផ្សងសំណាងសម្រាប់អ្នកចូលរួមគ្រប់ៗគ្នា។ នៅឆ្នាំ២០២៥នេះ ថវិកាដែលទទួលបានពីកម្មវិធីខាងលើ សមាគម ALFS នឹងយកទៅជួយដល់ប្រទេសមីយ៉ាន់ម៉ា ដែលបានទទួលរងគ្រោះដោយសារគ្រោះរញ្ជួយដីដ៏កម្រនិងដ៏ធំកាលពីពេលកន្លងទៅថ្មីៗនេះ៕
https://www.facebook.com/cambodianembassyinjapan/posts/1110578854439347
20 April 2025
ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន សហការជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រៀបចំកម្មវិធីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅក្រុងយូគិ ខេត្តអ៊ិបារ៉ាគិ ដែលមានបងប្អូនខ្មែរចូលរួមសរុបប្រមាណជា ៥០០០នាក់
នៅថ្ងៃអាទិត្យ ទី២០ ខែមេសា ឆ្នាំ២០២៥ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសជប៉ុន បានសហការជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រុមការងារ ESEA សមាគមកម្ពុជា-ជប៉ុន គិបូ សមាគមមិត្តយេីង និងសមាគមរាជសីហ៍ បានរៀបចំកម្មវិធីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ នៅសួន Keyaki ក្រុងយូគិ នៃខេត្តអ៊ិបារ៉ាគិ ក្រោមសហអធិបតីភាព ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជា និងការអញ្ជើញចូលរួមជាភ្ញៀវកិត្តិយសរបស់លោក KOBAYASHI SAKAE អភិបាលក្រុងយូគិ ព្រមទាំងការចូលរួមពីសំណាក់បងប្អូនសហគមន៍ខ្មែរ រួមមាន និស្សិត កម្មសិក្សាការី ពលករ មិត្តជប៉ុន និងជនជាតិបរទេសដទៃទៀត សរុបប្រមាណជា ៥០០០នាក់។
កម្មវិធីសំខាន់ៗ មានជាអាទិ៍៖ ពិធីសាសនាស្របតាមប្រពៃណីទំនៀមទម្លាប់ព្រះពុទ្ធសាសនារបស់ខ្មែរ ដូចជា បង្សុកូល រាប់បាត្រ ពូនភ្នំខ្សាច់ ស្រង់ព្រះ ប្រគេនចង្ហាន់ព្រះសង្ឃ ការដាក់បង្ហាញស្តង់ម្ហូបអាហារនិងផលិតផលខ្មែរ ការលេងល្បែងប្រជាប្រិយដ៏សម្បូរបែបរបស់ខ្មែរ ដូចជា ចោលឈូង ទាញព្រ័ត្រ រាំដណ្តើមកៅអី និងការបង្ហាញនូវផ្ទាំងទស្សនីយភាពរបាំជូនពរ របាំព្រាបសន្តិភាព ព្រមទាំងការប្រគុំតន្ត្រី និងរាំលេងកម្សាន្តតាមចង្វាក់បុរាណ-សម័យខ្មែរ។
ក្នុងឱកាសនោះដែរ ឯកឧត្តម ឯកអគ្គរាជទូត បានពាំនាំនូវការផ្តាំសួរសុខទុក្ខដល់បងប្អូនប្រជាពលរដ្ឋខ្មែរពីសំណាក់ថ្នាក់ដឹកនាំរបស់កម្ពុជា គឺ សម្តេចតេជោ ប្រធានព្រឹទ្ធសភា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ឯកឧត្តមឯកអគ្គរាជទូតបានជម្រាបជូនអ្នកចូលរួមនូវអំពី៖ ទី១. សមិទ្ធផលដ៏លេចធ្លោ រួមទាំងការអភិវឌ្ឍគ្រប់វិស័យសំខាន់ៗរបស់រាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា រួមទាំងកម្មវិធីសង្ក្រានឆ្នាំថ្មីរយៈពេលបីថ្ងៃ ដែលត្រូវបានប្រព្រឹត្តប្រកបដោយជោគជ័យ និងអធិកអធមនាពេលថ្មីៗ ដោយមានការចូលរួមពីភ្ញៀវជាតិ និងអន្តរជាតិជិត ២៤លាននាក់, ទី២.ទំនាក់ទំនងដ៏ល្អប្រពៃរវាងកម្ពុជា និងជប៉ុន បន្ទាប់ពីមេដឹកនាំប្រទេសទាំងពីរបានតម្លើងទំនាក់ទំនងទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយចាប់ពីឆ្នាំ២០២៣មក និង ទី៣. លើកទឹកចិត្តដល់បងប្អូនកម្មសិក្សាការី និងពលករបំពេញការងារដោយយកចិត្តទុកដាក់ រៀបសូត្រជំនាញថ្មីបន្ថែម និងគោរពច្បាប់ប្រទេសជប៉ុនឱ្យបានខ្ជាប់ខ្ជួន។
កម្មវិធីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរនេះ បានប្រពឹត្តទៅក្នុងបរិយាកាសសប្បាយរីករាយ ការបង្ហាញសាមគ្គីភាព ការស្រលាញ់រាប់អានគ្នា និងភាពស្និទ្ធសា្នលបំផុត ក្នុងនាមជាមហាគ្រួសារខ្មែរតែមួយ ទោះបីជាកំពុងរស់ ធ្វើការ និងសិក្សា នៅក្រៅប្រទេសយ៉ាងណាក្តី ព្រមទាំងបានចូលរួមចំណែកផ្សព្វផ្សាយដល់មិត្តជប៉ុន និងបរទេសដទៃទៀត ឱ្យស្គាល់បន្ថែមទៀតអំពីប្រពៃណីវប្បធម៌ដ៏ផូរផង់ និងសម្បូរបែបរបស់ខ្មែរ។ បងប្អូនខ្មែរដែលចូលរួម ក៏បានសំដែងនូវការពេញចិត្តឱ្យមានការរៀបចំកម្មវិធីបែបនេះនាឆ្នាំក្រោយទៀត៕
https://www.facebook.com/cambodianembassyinjapan/posts/1108142208016345
19 April 2025
ឯកអគ្គរាជទូតកម្ពុជា អញ្ជើញចូលរួមជាអធិបតី នៅក្នុងកម្មវិធីវប្បធម៌មិត្តភាពកម្ពុជា-ជប៉ុនភូមិខ្មែរ នៅទីក្រុងអ៊ីសិហារ៉ា ខេត្តកាណាហ្គាវ៉ា
នៅថ្ងៃសៅរ៍ ទី១៩ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន អមដោយលោក ស៊ីន សារ៉ាយ អនុព័ន្ធពាណិជ្ជកម្ម បានអញ្ជើញចូលរួមជាអធិបតី នៅក្នុងកម្មវិធីវប្បធម៌មិត្តភាពកម្ពុជា-ជប៉ុនភូមិខ្មែរ ដែលរៀបចំឡើងដោយក្រុមហ៊ុនកូជីម៉ា (Kojima Holdings Group) សហការជាមួយគណៈកម្មាធិការផ្លាស់ប្តូរអន្តរជាតិទីក្រុងអ៊ីសិហារ៉ា (International Exchange Committee Isehara) នៅភូមិខ្មែរ ទីក្រុងអ៊ីសិហារ៉ា ខេត្តកាណាហ្គាវ៉ា ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម ហាហ្គិវ៉ារ៉ា (Tetsuya Hagiwara) អភិបាលក្រុងអ៊ីសិហារ៉ា, លោក កូជីម៉ា ម៉ាសាណូបុ (Kojima Masanobu) ម្ចាស់ក្រុមហ៊ុន Kojima Holdings Group, លោក អូកាមិ (Ken Okami) នាយកក្រុមហ៊ុន Kojima Holdings Co., Ltd. លោកស្រី ម៉ាជីកូ (Machiko Kosugi) ប្រធានមជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជាទីក្រុងអាតស៊ូគិ, លោកជំទាវ ខាមេអ៊ិ អេកូ ភរិយារបស់អតីតរដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទជប៉ុន ព្រមទាំងបុគ្គលិកក្រុមហ៊ុនកូជីម៉ា បងប្អូនសហគមន៍ខ្មែរ និងនិស្សិតខ្មែរ ដែលកំពុងរស់នៅ ធ្វើការ និងសិក្សានៅប្រទេសជប៉ុន និងមិត្តជប៉ុន សរុបប្រមាណជាង ១០០នាក់។
កម្មវិធីវប្បធម៌មិត្តភាពកម្ពុជា-ជប៉ុននេះ រៀបចំឡើងក្នុងគោលបំណងដើម្បីពង្រឹងមិត្តភាពប្រជាជននិងប្រជាជនខ្មែរ-ជប៉ុន លើកស្ទួយវិស័យវប្បធម៌ និងព្រះពុទ្ធសាសនាខ្មែរ ក្នុងទិសដៅជំរុញវិស័យទេសចរណ៍ ព្រមទាំងផ្សព្វផ្សាយជំរុញទីផ្សារផលិតផលខ្មែរផងដែរ ដែលក្នុងនោះមានកម្មវិធីសំខាន់ៗដូចជា ពិធីសូត្រមន្ត ចម្រើនព្រះបរិត្ត ប្រសិទ្ធពរជ័យ សិរីសួស្តីជូនដល់អ្នកចូលរួម ការសម្តែងរបាំបុរាណខ្មែរដោយក្រុមកុមារាកុមារីខ្មែរ-ជប៉ុន ការសម្តែងវាយស្គរពីក្រុមយុវជនជប៉ុននៃទីក្រុងអ៊ីសិហារ៉ា “Rakuko” និងការតាំងបង្ហាញផលិតផលខ្មែរ និងម្ហូបអាហារខ្មែរជាដើម។
ក្នុងឱកាសនោះ ឯកឧត្តមឯកអគ្គរាជទូត បានវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុនកូជីម៉ា ក៏ដូចជាមជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជា ដែលតែងតែរៀបចំនូវសកម្មភាពជំរុញពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍ ជាពិសេសកម្មវិធីវប្បធម៌មិត្តភាពកម្ពុជា-ជប៉ុនក្នុងថ្ងៃនេះ ដែលបានកំពុងរួមចំណែកយ៉ាងខ្លាំងក្នុងការពង្រឹងមិត្តភាពល្អយូរអង្វែងរវាងកម្ពុជា-ជប៉ុនផង ថែរក្សាបាននូវប្រពៃណីវប្បធម៌ខ្មែរផង និងជំរុញវិស័យពាណិជ្ជកម្ម និងទេសចរណ៍រវាងប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត តាមរយៈកម្មវិធីសម្ដែងសិល្បៈវប្បធម៌ និងការតាំងបង្ហាញផលិតផលខ្មែរ។ ទន្ទឹមនឹងការរំលឹកអំពីទំនាក់ទំនងការទូតល្អរវាងកម្ពុជា-ជប៉ុន រហូតឈានទៅដល់កម្រិតភាពជាដៃគូយុទ្ធសាស្ដ្រគ្រប់ជ្រុងជ្រោយ ឯកឧត្តមឯកអគ្គរាជទូត បានកោតសរសើរដល់កូនខ្មែរតូចៗដែលរស់នៅក្នុងប្រទេសជប៉ុន ដែលចេះស្រឡាញ់វិស័យសិល្បៈ និងបានរៀនចេះរាំសិល្បៈបុរាណខ្មែរផងដែរ។ លើសពីនេះទៀត ឯកឧត្តមឯកអគ្គរាជទូត ក៏បានស្នើ និងលើកទឹកចិត្តដល់ក្រុមហ៊ុនកូជីម៉ា និងគណៈកម្មាធិការផ្លាស់ប្តូរអន្តរជាតិទីក្រុងអ៊ីសិហារ៉ា ឱ្យបន្តរៀបចំកម្មវិធីនេះតទៀត ដើម្បីបង្កើនឱកាសដល់កុមារាកុមារីខ្មែរដែលជាទំពាំងស្នងឬស្សី បានចូលរួមលើកស្ទួយដល់វិស័យសិល្បៈវប្បធម៌ខ្មែរ ក៏ដូចជាជំរុញវិស័យពាណិជ្ជកម្ម និងទេសចរណ៍រវាងកម្ពុជា-ជប៉ុន ឱ្យកាន់តែរីកចម្រើនខ្លាំងឡើងថែមទៀត។
កម្មវិធីវប្បធម៌មិត្តភាពកម្ពុជា-ជប៉ុននេះ បានបញ្ចប់ទៅជាមួយនឹងការចូលរួមពិសាអាហារសាមគ្គី និងការច្រៀងរាំលេងកម្សាន្តជុំគ្នា រវាងបងប្អូនខ្មែរយើង និងមិត្តជប៉ុនដែលបានចូលរួមទាំងអស់ ប្រកបដោយបរិយាកាសរីករាយ សាមគ្គីភាព មិត្តភាព និងស្និទ្ធស្នាលជាទីបំផុត។
https://www.facebook.com/cambodianembassyinjapan/posts/1107154184781814
14 April 2025
ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន ចូលរួមសហការរៀបចំ “សង្ក្រាន្តខ្មែរនៅជប៉ុន” ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅទីក្រុងណាហ្គូយ៉ា នៃខេត្តអាយឈិ
នៅថ្ងៃអាទិត្យ ទី១៣ ខែមេសា ឆ្នាំ២០២៥ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសហការជាមួយ ស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសជប៉ុន ក្រុមការងារ ESEA សមាគមមិត្តយើង សមាគមកម្ពុជា-ជប៉ុន គិបូ និងសមាគមនិស្សិតខ្មែរនៅណាហ្គូយ៉ា រៀបចំកម្មវិធី “សង្រ្កាន្តខ្មែរនៅជប៉ុន” ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩នៅសួន Garden Pier ទីក្រុងណាហ្គូយ៉ា នៃខេត្តអាយឈិ ប្រទេសជប៉ុន ក្រោមសហអធិបតីភាព ឯកឧត្តម ហាំង តុលា រដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន ដោយមានការអញ្ជើញចូលរួមរបស់លោក Hirosawa Ichiro អភិបាលក្រុងណាហ្គូយ៉ា ជាភ្ញៀវកិត្តិយស ព្រមទាំងមានការចូលរួមពីលោក TANABE Yuichi អនុប្រធានសភាក្រុងណាហ្គូយ៉ា និង លោក OHTANI KANSUKE អតីតសមាជិកសភាខេត្ត Hyogo ដែលបានផ្ញេីសារអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែររបស់លោកជំទាវ KATAYAMA SATSUKI សមាជិកព្រឹទ្ធសភា និងជាអតីតរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការពិសេស និងក៏មានការអានសារអបអរសាទរពីឯកឧត្តម NAKANO HIROMASA រដ្ឋមន្ត្រីក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ និងជាសមាជិករដ្ឋសភា ក៏ដូចជាមានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់បងប្អូនសហគមន៍ខ្មែរ និស្សិត កម្មសិក្សាការី និងពលករ សរុបប្រមាណជិត ១០ ០០០នាក់។
កម្មវិធីសំខាន់ៗ មានជាអាទិ៍៖ ពិធីសាសនាស្របតាមប្រពៃណីទំនៀមទម្លាប់ព្រះពុទ្ធសាសនារបស់ខ្មែរ ដូចជា បង្សុកូល រាប់បាត្រ ស្រង់ព្រះ ពូនភ្នំខ្សាច់ ប្រគេនចង្ហាន់ព្រះសង្ឃ ការដាក់បង្ហាញស្តង់ម្ហូបអាហារនិងផលិតផលខ្មែរ ការលេងល្បែងប្រជាប្រិយដ៏សម្បូរបែបរបស់ខ្មែរដែលរួមមានបោះអង្គញ់ ចោលឈូង ទាញព្រ័ត្រ លាក់កន្សែង និងការបង្ហាញនូវផ្ទាំងទស្សនីយភាពរបាំជូនពរ របាំត្រុដិ និងការសម្តែងរនាត ព្រមទាំងការប្រគុំតន្ត្រី និងរាំលេងកម្សាន្ត ដែលសម្តែងដោយតារាចម្រៀងនិងតារាសម្តែងល្បីៗជាច្រើនរូបមកពីប្រទេសកម្ពុជា។
ក្នុងឱកាសនោះដែរ ឯកឧត្តម ហាំង តុលា រដ្ឋលេខាធិការ បានបង្ហាញនូវសេចក្តីសោមនស្សរីករាយដែលបានចូលរួមក្នុងកម្មវិធី “សង្រ្កាន្តខ្មែរនៅជប៉ុន” និងបានពាំនាំនូវសេចក្ដីនឹករលឹក ការផ្ដាំផ្ញើសួរសុខទុក្ខ និងពរសព្វសាធុការ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរនេះ ពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាឯកឧត្តមរដ្ឋមន្ត្រី ជូនចំពោះបងប្អូនប្រជាពលរដ្ឋខ្មែរ ដែលកំពុងរស់នៅ ធ្វើការ និងសិក្សានៅក្នុងប្រទេសជប៉ុនទាំងអស់។ ឯកឧត្តមបានបន្តថា នេះជាអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតីនាយករដ្ឋមន្ត្រី ដែលបានណែនាំឱ្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈរៀបចំកម្មវិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរឱ្យបានច្រើននៅប្រទេសដែលមានពលករខ្មែរធ្វើការ ដើម្បីផ្តល់ការយកចិត្តទុកដាក់ ភាពកក់ក្តៅ និងផ្តល់ឱកាសឱ្យប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅ សិក្សា និងធ្វើការនៅបរទេស អាចបានជួបជុំគ្នា កម្សាន្តសប្បាយ និងពង្រឹងទំនាក់ទំនងដោយមិនប្រកាន់និន្នាការអ្វីទាំងអស់។
ឯកឧត្តម ឯកអគ្គរាជទូត បានពាំនាំនូវការផ្តាំសួរសុខទុក្ខដល់បងប្អូនប្រជាពលរដ្ឋខ្មែរពីសំណាក់ថ្នាក់ដឹកនាំរបស់កម្ពុជា គឺ សម្តេចតេជោ ប្រធានព្រឹទ្ធសភា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា និងឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ។ ឯកឧត្តមឯកអគ្គរាជទូតបានជម្រាបជូនអ្នកចូលរួមនូវ៖ ទី១. សមិទ្ធផលដ៏លេចធ្លោ រួមទាំងការអភិវឌ្ឍគ្រប់វិស័យសំខាន់ៗរបស់រាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា, ទី២.ទំនាក់ទំនងដ៏ល្អប្រពៃរវាងកម្ពុជា និងជប៉ុន បន្ទាប់ពីមេដឹកនាំប្រទេសទាំងពីរបានតម្លើងទំនាក់ទំនងទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយចាប់ពីឆ្នាំ២០២៣មក និង ទី៣. ជូនដំណឹងអំពីដំណើរទស្សនកិច្ចផ្លូវការការងាររបស់សម្តេចធិបតី នៅប្រទេសជប៉ុន រួមទាំងការអញ្ជើញថ្លែងសន្ទរកថាគន្លឹះ ក្នុងសន្និសីទអន្តរជាតិលើកទី៣០ ស្តីពី “អនាគតរបស់អាស៊ី” ដែលនឹងរៀបចំដោយក្រុមហ៊ុន នីកកេ (Nikkei Inc.) ក្នុងខែឧសភា ឆ្នាំ២០២៥។
បងប្អូនអ្នកចូលរួមក្នុងកម្មវិធី “សង្ក្រាន្តខ្មែរនៅក្រុងណាហ្គូយ៉ា ប្រទេសជប៉ុន” បានបង្ហាញនូវអារម្មណ៍រំភើប និង សប្បាយរីករាយក្នុងនាមជាមហាគ្រួសារខ្មែរតែមួយ ទោះបីជាកំពុងរស់នៅក្រៅប្រទេសយ៉ាងណាក្តី និងបានសំដែងនូវការពេញចិត្ត ឲ្យមានការរៀបចំកម្មវិធីបែបនេះនាឆ្នាំក្រោយទៀត។
https://www.facebook.com/cambodianembassyinjapan/posts/1102177418612824
12 April 2025
ពន្លាជាតិកម្ពុជា ត្រូវបានបើកសម្ពោធជាផ្លូវការហើយ នៅក្នុងពិព័រណ៍ពិភពលោក ២០២៥ ដែលមានរយៈពេល ៦ខែ នៅទីក្រុងអូសាកា
សូមអបអរសាទរ និងសូមអញ្ជើញបងប្អូនខ្មែរយើងដែលកំពុងរស់នៅ ធ្វើការ និងសិក្សានៅប្រទេសជប៉ុន ព្រមទាំងមិត្តជប៉ុនទាំងអស់ ចូលរួមគាំទ្រ និងទស្សនាឱ្យបានច្រើនកុះករ។ ពន្លាជាតិកម្ពុជា ស្ថិតនៅទីតាំងលេខ BS3 (Type B) ក្នុងតំបន់ “Saving Lives” ជាប់ប្រទេសទុយនេស៊ី។
សូមជម្រាបជូនផងដែរថា ពិព័រណ៍ពិភពលោក ២០២៥ អូសាកា កាន់សៃ មានរយៈពេល៦ខែ ពីថ្ងៃទី១៣ ខែមេសា ដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥នេះ ដោយក្នុងនោះកម្ពុជាបានជ្រើសរើស “ប្រាសាទកោះកេរ” ជាស្នូលក្នុងការសាងសង់ “ពន្លាជាតិ” ដែលឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់កម្ពុជា ក្នុងការអភិរក្សបេតិកភណ្ឌវប្បធម៌ ស្នាដៃស្ថាបត្យកម្ម និងសិល្បៈបុរាណខ្មែរ ដ៏សម្បូរបែប។
បន្ថែមលើនេះ ពន្លាជាតិកម្ពុជាក៏មានរំលេចនូវរូបសំណាកសត្វគោព្រៃដែលជាសត្វតំណាងជាតិ និងជីវចម្រុះដែលជានិមិត្តរូបនៃឧត្ដមភាពដ៏សម្បូរបែបនៃធនធានធម្មជាតិរបស់កម្ពុជា អមដោយការសាងសង់ថែវប្រាសាទអង្គរវត្ត ដោយបានរំលេចផ្ទាំងទស្សនីយភាពកូរសមុទ្រទឹកដោះនៅលើជញ្ជាំងថែវខាងកើតនៃប្រាសាទ ម៉ាកែតប្រាសាទអង្គរវត្ត សំណង់ផ្ទះខ្មែរធ្វើអំពីឫស្សី ទិដ្ឋភាពវាលស្រែដែលបង្ហាញអំពីសក្តានុពលកសិកម្ម និងវិស័យស្រូវ-អង្ករកម្ពុជា។
ទន្ទឹមនឹងនោះ កម្ពុជាក៏បាននាំយកផលិតផលសក្តានុពល រួមមានផលិតផលសម្គាល់ភូមិសាស្រ្តទំនិញ ស្វាយចន្ទី អង្ករ គ្រឿងចម្លាក់ប្រាក់ស្ពាន់ វត្ថុអនុស្សាវរីយ៍ គ្រឿងចម្លាក់ សម្លៀកបំពាក់ សូត្រមាស និងស្នាដៃសិល្បៈជាដើម។ល។ ក៏ដូចជាចាក់បញ្ចាំងវីដេអូតំបន់ទេសចរណ៍ប្រវត្តិសាស្រ្ត ជូនអ្នកទស្សនា និងថ្នាក់ដឹកនាំដែលនឹងអញ្ជើញចូលរួមពិព័រណ៍នេះផងដែរ បានជ្រាបអំពីសក្តានុពលសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍របស់កម្ពុជា។https://www.facebook.com/moc.gov.kh/posts/1069520935205728