NEWS
...

07 September 2025

ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន ចូលរួមពិធីបុណ្យកាន់បិណ្ឌ១ នៅវត្តបារមីគិរីខេមរាភ្នំបិតាធំ ខេត្តកាណាហ្កាវ៉ា ប្រទេសជប៉ុន

នៅព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសជប៉ុន អមដោយមន្រ្តី និងបុគ្គលិកស្ថានទូត រួមជាមួយ លោក ឌឹម ឌី និងក្រុមគ្រួសារ ដែលជាពុទ្ធបរិស័ទចំណុះជើងវត្ត បានអញ្ជើញចូលរួមពិធីបុណ្យកាន់បិណ្ឌ១ នៅវត្តបារមីគិរីខេមរាភ្នំបិតាធំ នៅខេត្តកាណាហ្កាវ៉ា ប្រទេសជប៉ុន។

ក្នុងពិធីបុណ្យកាន់បិណ្ឌ១ នេះ ឯកឧត្តម ឯកអគ្គរាជទូត និងមន្ត្រីនៃស្ថានទូត បាននាំយកនូវទេយ្យទាន គ្រឿងឧបភោគបរិភោគ និងបច្ច័យមួយចំនួន ទៅវេរប្រគេនព្រះសង្ឃ ដែលគង់ចាំព្រះវស្សា នៅវត្តបារមីគិរីខេមរាភ្នំបិតាធំ ដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់ដួងវិញ្ញាណក្ខន្ធជីដូនជីតា បុព្វការីជន និងញាតិការ៧សន្តាន ដែលបានចែកឋានទៅកាន់លោកខាងមុខ។

សូមជម្រាបជូនថា តាមកម្មវិធីរបស់គណៈកម្មាធិការវត្តភ្នំបិតាធំ បានកំណត់យកថ្ងៃអាទិត្យ ទី៧ ខែកញ្ញា ឆ្នាំ២០២៥ ជាថ្ងៃវេនបិណ្ឌ១ ដើម្បីឱ្យពុទ្ធបរិស័ទចំណុះជើងវត្ត បានចូលរួមឱ្យបានច្រើន៕

...

02 September 2025

ឯកឧត្តមឯកអគ្គរាជទូត សម្ដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅដល់រដ្ឋាភិបាលជប៉ុន ដែលបានរួមចំណែកអភិវឌ្ឍធនធានមនុស្សដល់មន្ត្រីរាជការកម្ពុជាចំនួន ២៣រូប តាមរយៈការផ្តល់អាហារូបករណ៍ JDS ដើម្បីសិក្សានៅតាមសាកលវិទ្យាល័យល្បីៗក្នុងប្រទេសជប៉ុន

នៅព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥ តបតាមសំណើរបស់មជ្ឈមណ្ឌលសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICE) ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន អមដោយមន្ត្រីស្ថានទូត បានអនុញ្ញាតឱ្យនិស្សិតជាមន្ត្រីរាជការជ័យលាភីអាហារូបករណ៍ជប៉ុន សម្រាប់ការអភិវឌ្ឍធនធានមនុស្ស(JDS) ចំនួន ២៣រូប ដែលក្នុងនោះ បន្តការសិក្សាថ្នាក់បណ្ឌិតចំនួន ១រូប និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន ២២រូប នៅក្នុងប្រទេសជប៉ុន ចូលជួបសម្តែងការគួរសម នៅស្ថានឯកអគ្គរាជទូតកម្ពុជា។ និស្សិតអាហារូបករណ៍ JDS ខាងលើនេះ មកពីក្រសួង ស្ថាប័នរបស់រាជរដ្ឋាភិបាលកម្ពុជាចំនួន ១១ រួមមាន ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងសុខាភិបាល ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រសួងអធិការកិច្ច ធនាគារជាតិកម្ពុជា អគ្គិសនីកម្ពុជា និងរដ្ឋាករទឹកស្វ័យតក្រុងភ្នំពេញ សម្រាប់ឆ្នាំសិក្សា ២០២៥-២០២៧។

ឯកឧត្តមឯកអគ្គរាជទូត បានថ្លែងអំណរគុណដល់រដ្ឋាភិបាលជប៉ុន តាមរយៈមជ្ឈមណ្ឌល JICE ដែលបានរៀបចំកម្មវិធី JDS ដើម្បីផ្តល់ឱកាសដល់មន្ត្រីរាជការវ័យក្មេង តាមមុខជំនាញផ្សេងៗតាមសកលវិទ្យាល័យល្បីៗក្នុងប្រទេសជប៉ុន។

ឯកឧត្តមឯកអគ្គរាជទូត បានចូលរួមអបអរសាទរ និងកោតសរសើរចំពោះនិស្សិតជ័យលាភីទាំងអស់ និងបានណែនាំនិស្សិតទាំងអស់ឱ្យខិតខំប្រឹងប្រែងរៀនសូត្រ ដើម្បីក្លាយជាធនធានមនុស្សមានចំណេះដឹង និងបទពិសោធន៍ល្អៗ ដែលអាចរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមជាតិកម្ពុជា ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ជាងនេះទៀត ឯកឧត្តមឯកអគ្គរាជទូតក៏បានផ្តាំផ្ញើនិស្សិតទាំងអស់ឱ្យគោរពវិន័យសាលា និងច្បាប់នានាក្នុងប្រទេសជប៉ុនឱ្យបានខ្ជាប់ខ្ជួន ចេះជួយគ្នាទៅវិញទៅមក និងមានសាមគ្គីភាព។

ជាមួយគ្នានោះ ឯកឧត្តមឯកអគ្គរាជទូត បានលើកទឹកចិត្តដល់និស្សិតទាំងអស់ ឱ្យចូលរួមផ្សព្វផ្សាយពីវប្បធម៌ និងទំនៀមទំលាប់ប្រពៃណីរបស់ខ្មែរដ៏ល្អផូរផង់ អត្តសញ្ញាណជាតិខ្មែរ ព្រមទាំងវិស័យទេសចរណ៍ ក៏ដូចជាការរីកចម្រើនលើគ្រប់វិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ដល់មិត្តជប៉ុន និងមិត្តបរទេសនានា ដើម្បីទាក់ទាញឱ្យពួកគាត់បានស្គាល់ និងមានបំណងចង់ទៅទស្សនាប្រទេសកម្ពុជា។ ជាងនេះទៀត ឯកឧត្តមឯកអគ្គរាជទូតក៏បានលើកទឹកចិត្តដល់និស្សិតទាំងអស់បន្តតាមដាន និងផ្សព្វផ្សាយពីជំហរផ្លូវការរបស់រាជរដ្ឋាភិបាលកម្ពុជា ពាក់ព័ន្ធនឹងស្ថានការណ៍នៅតាមព្រំដែនរបស់កម្ពុជា-ថៃ ដល់មិត្តបរទេសនានាផងដែរ។

ក្នុងឱកាសនោះ តំណាងនិស្សិតកម្ពុជាដែលទទួលអាហារូបករណ៍ JDS បានថ្លែងអំណរគុណ ជូនចំពោះ ឯកឧត្តមឯកអគ្គរាជទូត ព្រមទាំងបានប្តេជ្ញាថានឹងខិតខំរៀនសូត្រ ក្រេបជញ្ជក់ចំណេះដឹង និងបន្តខិតខំរក្សាទំនាក់ទំនងមិត្តភាពយូរអង្វែងជាមួយប្រទេសជប៉ុននិងបណ្តាប្រទេសនានា ដោយប្រកាន់ខ្ជាប់នូវអត្តសញ្ញាណជាតិខ្មែរ។

ជាចុងបញ្ចប់ ឯកឧត្តមឯកអគ្គរាជូតក៏បានជូនពរឱ្យនិស្សិតទាំងអស់ទទួលជោគជ័យនៅក្នុងការសិក្សាលើមុខជំនាញរៀងៗខ្លួន ព្រមទាំងពាំនាំនូវចំណេះជំនាញទាំងនោះយកទៅជួយអភិវឌ្ឍសង្គមសេដ្ឋកិច្ចកម្ពុជា៕

...

27 August 2025

ឯកឧត្តមឯកអគ្គរាជទូតនៃស្ថានទូតកម្ពុជា ចូលរួមកិច្ចប្រជុំលើកទី៣២៦ នៃគណៈកម្មាធិការអាស៊ានក្នុងទីក្រុងតូក្យូ (ASEN Committee in Tokyo - ACT)

តបតាមការអញ្ជើញរបស់ ឯកឧត្តម Soe Han ឯកអគ្គរដ្ឋទូតមីយ៉ាន់ម៉ាប្រចាំប្រទេសជប៉ុន នៅល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសជប៉ុន អមដោយលោក អៀង សេងហេង លេខាធិការទី២នៃស្ថានទូត បានចូលរួមកិច្ចប្រជុំលើកទី៣២៦ នៃ ACT ក្រោមភាពជាប្រធានប្តូរវេនរបស់ស្ថានទូតមីយ៉ាន់ម៉ា ប្រចាំប្រទេសជប៉ុន និងមានការចូលរួមពីឯកអគ្គរាជ/រដ្ឋទូត ភារៈធារីស្តីទី និងអនុប្រធានស្ថានទូតនៃបណ្តាប្រទេសសមាជិកអាស៊ានផ្សេងទៀត។ កិច្ចប្រជុំនេះបានផ្តោតការពិភាក្សា និងផ្លាស់ប្តូរមតិយោបល់លើប្រធានបទមួយចំនួន ១) ការវិវត្តនយោបាយក្នុងប្រទេសជប៉ុន រួមទាំងស្ថានភាពរដ្ឋបាលរបស់លោកនាយករដ្ឋមន្ត្រី Ishiba ក្រោយការបោះឆ្នោតសភាជាន់ខ្ពស់កាលពីថ្ងៃទី២០ ខែកក្តដា ឆ្នាំ២០២៥ និង ២) ការវិវត្តក្នុងតំបន់ រួមទាំងលទ្ធផលនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៨ ដែលបានរៀបចំឡើងនៅថ្ងៃទៅ០៩ ខែកក្តដា ឆ្នាំ២០២៥ ក្នុងប្រទេសម៉ាឡេស៊ី។

ស្របពេលជាមួយគ្នានេះ ស្ថានទូតមីយ៉ាន់ម៉ាក៏បានអញ្ជើញលោក Takashi Arikawa នាយកប្រតិបត្តិនៃ The Nippon Foundation ដែលជាអង្គការធំមួយរបស់ជប៉ុន ជាវាគ្មិនកិត្តិយសចូលរួមធ្វើបទបង្ហាញ និងពិភាក្សាស្តីពីគោលដៅ សកម្មភាព និងការរួមចំណែករបស់ The Nippon Foundation នៅក្នុងប្រទេសសមាជិកអាស៊ាន៕

...

27 August 2025

ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន អនុញ្ញាតឱ្យលោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងបុគ្គលិកនៃសមាគម Fujioka UNESCO Association មកធ្វើទស្សនកិច្ចសិក្សានិងស្តាប់បទបង្ហាញស្តីអំពីប្រទេសកម្ពុជា

នៅរសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ តបតាមការស្នើសុំរបស់លោក Masahiro Kishi ប្រធានសមាគម Fujioka UNESCO Association ឯកឧត្តមឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានអនុញ្ញាតឱ្យលោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងបុគ្គលិកនៃសមាគម Fujioka UNESCO Association សរុបចំនួន ៤១ រូប មកធ្វើទស្សនកិច្ចសិក្សា និងស្វែងយល់អំពីទំនាក់ទំនងកម្ពុជា-ជប៉ុន ព្រមទាំងស្តាប់បទបង្ហាញស្តីអំពីកម្ពុជា នៅស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុន។

នៅក្នុងសុន្ទរកថាស្វាគមន៍ ឯកឧត្តមឯកអគ្គរាជទូត បានគូសបញ្ជាក់អំពីប្រវត្តិទំនាក់ទំនងការទូតរវាងកម្ពុជានិងជប៉ុន ដែលមានរយៈពេលជាង ៧០ឆ្នាំ មកហើយ គឺចាប់តាំងពីខែមករា ឆ្នាំ១៩៥៣មក និងដែលថ្មីៗនេះ កម្ពុជា-ជប៉ុនបានក្លាយជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនៅឆ្នាំ២០២៣។ ឯកឧត្តមឯកអគ្គរាជទូត ក៏បានលើកឡើងផងដែរថា ឆ្នាំ២០២៥នេះ គឺជាខួបលើកទី៧២ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសកម្ពុជា និងប្រទេសជប៉ុន។ ទំនាក់ទំនងជាមិត្តភាព និងកិច្ចសហប្រតិបត្តិការកាន់តែពង្រឹង និងពង្រីកបន្ថែមទៀត ជាពិសេស តាមរយៈដំណើរទស្សនកិច្ចរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មកកាន់ប្រទេសជប៉ុនកាលពីថ្ងៃទី២៨ ដល់៣១ ខែឧសភា ឆ្នាំ២០២៥ ប្រកបដោយជោគជ័យ និងផ្លែផ្កា។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមឯកអគ្គរាជទូត បានលើកឡើងអំពីប្រាសាទព្រះវិហារ ដែលជាបេតិកភណ្ឌពិភពលោកនៃអង្គការ UNESCO និងដែលបានរងការបំផ្លិចបំផ្លាញនាពេលថ្មីៗនេះ ដោយសារការទំលាក់គ្រាប់បែកដោយយោធាថៃ។ ឯកឧត្តមឯកអគ្គរាជទូត ក៏បានពាំនាំនូវសេចក្តីអំពាវនាវរបស់ក្រសួងវប្បធ៌មនិងវិចិត្រសិល្បៈកម្ពុជា ដែលស្នើឱ្យអន្តរជាតិពីគ្រប់មជ្ឃដ្ឋានជួយគាំទ្រនិងមានវិធានការរួមគ្នា ដើម្បីថែរក្សាសន្តិភាពនៅកម្ពុជា ព្រមទាំងការពារនិងអភិរក្សបេតិកភណ្ឌវប្បធ៌មពិភពលោកគឺ«ប្រាសាទព្រះវិហារ» ដែលមានអាយុកាលចំណាស់ជាង ១០០០ ឆ្នាំនេះ។

ជាចុងក្រោយ ឯកឧត្តមឯកអគ្គរាជទូត ក៏បានកោតសរសើរដល់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងបុគ្គលិកនៃសមាគម Fujioka UNESCO Association ទាំងអស់ដែលមានចំណាប់អារម្មណ៍ចង់សិក្សាស្វែងយល់អំពីប្រទេសកម្ពុជា ទំនាក់ទំនងកម្ពុជា-ជប៉ុន និងការងាររបស់ស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុន និងបានអំពាវនាវឱ្យពួកគេជួយបន្តផ្សព្វផ្សាយនូវអ្វីដែលបានដឹងនៅថ្ងៃនេះជូនដល់ប្រជាជនជប៉ុនផ្សេងៗទៀត និងប្រសិនមានឱកាសសូមទៅអញ្ជើញទៅទស្សនាប្រទេសកម្ពុជាដោយផ្ទាល់។

កម្មវិធីខាងលើ គឺជាផ្នែកមួយនៃការចូលរួមផ្សព្វផ្សាយអំពីវប្បធម៌ ប្រពៃណី និងតំបន់ទេសចរណ៍របស់កម្ពុជា ដែលទាំងនេះនឹងជួយជម្រុញដល់វិស័យទេសចរណ៍នៅកម្ពុជានាពេលអនាគត៕

...

23 July 2025

ឯកឧត្ដមឯកអគ្គរាជទូត អញ្ជើញចូលរួមជាភ្ញៀវកិត្តិយសក្នុងឱកាសដែល ឯកឧត្តម Fumio Kishida អតីតនាយករដ្ឋមន្ត្រីជប៉ុន និងបច្ចុប្បន្នជាសមាជិកសភាជប៉ុន អនុញ្ញាតដល់សិស្សានុសិស្សមកពីកម្ពុជាចំនួន ១០រូប ចូលជួបសម្តែងការគួរសម

នៅល្ងាចថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ តបតាមការអញ្ជើញរបស់អង្គការ Cambodia International Education Support Foundation (CIESF) ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានអញ្ជើញចូលរួមជាភ្ញៀវកិត្តិយសក្នុងឱកាសដែល ឯកឧត្តម Fumio Kishida អតីតនាយករដ្ឋមន្ត្រីជប៉ុន និងបច្ចុប្បន្នជាសមាជិកសភាជប៉ុន បានអនុញ្ញាតដល់សិស្សានុសិស្សថ្នាក់បឋមសិក្សានៃអង្គការ CIESF Leaders Academy (CLA) មកពីប្រទេសកម្ពុជាចំនួន ១០រូប ចូលជួបសម្តែងការគួរសម នៅសាលប្រជុំនៃអគារសភាជប៉ុន។ កម្មវិធីជំនួបខាងលើ ក៏មានការចូលរួមពីតំណាងសមាជិកសភា អភិបាលក្រុង Uda នៃខេត្ត Nara អភិបាលក្រុង Nachikatsuura នៃខេត្ត Wakayama ប្រធានអង្គការ CIESF តំណាងសមាគមប្រឹក្សាសម្រាប់លើកកម្ពស់ភាពជាដៃគូសាធារណៈនិងឯកជន (C+G) និងបុគ្គលិកអង្គការ CLA។

កម្មវិធីជំនួបនេះ គឺជាផ្នែកមួយនៃកម្មវិធីផ្លាស់ប្តូរទស្សនកិច្ចសិក្សារយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់ ២៥ ខែកក្កដា ឆ្នាំ២០២៥ ដែលត្រូវបានផ្តួចផ្តើមរៀបចំដោយអង្គការ CIESF ក្នុងគោលបំណងដើម្បីផ្តល់ឱកាសដល់សិស្សានុសិស្សមកពីកម្ពុជាបានសិក្សាស្វែងយល់ និងទទួលបានបទពិសោធន៍ក្រៅប្រទេសផ្ទាល់លើកដំបូង តាមរយៈការផ្លាស់ប្តូរវប្បធម៌ជាមួយសិស្សជប៉ុននៅទីក្រុង Uda និងទីក្រុង Nachikatsuura នៅប្រទេសជប៉ុន។ 

ឯកឧត្តម Fumio Kishida បានលេីកឡេីង​នូវចំណុចមួយចំនួន៖​ ១)​ បានបង្ហាញអារម្មណ៍សប្បាយរីករាយដែលបានជួបជាមួយសិស្សានុសិស្សកម្ពុជា,​ ២) បានរំលឹកឡើងវិញពីដំណេីរទស្សនកិច្ចផ្លូវការកន្លងមករបស់​ ឯកឧត្តម​ ទៅកាន់ប្រទេសកម្ពុជាក្នុងឆ្នាំ២០២២ ​ នៅពេលកម្ពុជាជាប្រធានអាស៊ាន, ៣) បានគូសបញ្ជាក់អំពីទំនាក់ទំនងកាន់តែរីកចម្រីនរវាងប្រទេសកម្ពុជា និងជប៉ុន ខណៈដែលប្រទេសទាំងពីរបានតម្លើងទំនាក់ទំនងទៅជា "ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ" នៅឆ្នាំ២០២៣ ស្របនឹងខួបទី៧០ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ, និង​ ៤) បង្ហាញចំណាប់អារម្មណ៍ខ្លាំងលើចំណេះដឹងភាសាជប៉ុនរបស់សិស្សានុសិស្សកម្ពុជា និងលើកទឹកចិត្តឱ្យពួកគាត់ប្រឹងប្រែងរៀនសូត្របន្ថែមទៀត ដើម្បីក្លាយជាធនធានមនុស្សដ៏សំខាន់ដែលជាស្ពានក្នុងការបង្កើនទំនាក់ទំនងរវាងប្រទេសទាំងពីរនាពេលអនាគត។

ក្នុងឱកាសនោះ ឯកឧត្តមឯកអគ្គរាជទូតបានលើកឡើងនូវចំណុចសំខាន់ៗមួយចំនួន រួមមាន ១) បានថ្លែងអំណរគុណជូនចំពោះឯកឧត្តម Fumio Kishida ដែលបានផ្តល់កិត្តិយសទទួលសិស្សានុសិស្សមកពីកម្ពុជា ទោះបីជាឯកឧត្តមមានកម្មវិធីមមាញឹកក៏ដោយ, និង ២) បានគូសបញ្ជាក់ពីសារៈសំខាន់នៃការពង្រឹង និងពង្រីកបន្ថែមទៀតនូវទំនាក់ទំនងដ៏រីកចម្រើន និងកិច្ចសហប្រតិបត្តិការដ៏រឹងមាំ ក្រោម “ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ” រវាងប្រទេសទាំងពីរ ដែលត្រូវបានតម្លើងក្នុងឆ្នាំ២០២៣ ក្នុងពេលដែល ឯកឧត្តម Fumio Kishida នៅបំពេញការងារជានាយករដ្ឋមន្ត្រីជប៉ុន និង ក្នុងឱកាសដំណើរទស្សនកិច្ចរការងារផ្លូវការបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាមកកាន់ប្រទេសជប៉ុនកាលពីថ្ងៃទី២៨ ដល់៣១ ខែឧសភា ឆ្នាំ២០២៥ ប្រកបដោយជោគជ័យ និងផ្លែផ្កា។ 

នៅល្ងាចថ្ងៃដដែល ស្ថានឯកអគ្គរាជទូតកម្ពុជាបានសហការរៀបចំកម្មវិធីស្វាគមន៍ សិស្សានុសិស្សកម្ពុជាចំនួន ១០រូប ខាងលើនិងពិសារអាហារពេលល្ងាចប្រកបដោយភាពស្និទ្ធស្នាល និងសប្បាយរីករាយ។ កម្មវិធីនេះ ក៏មានវត្តមានភ្ញៀវកិត្តិយសខាងលើ អញ្ជើញចូលរួមសរុបប្រមាណ ៣០នាក់។

សូមជម្រាបជូនថា អង្គការ CIESF គឺជាអង្គការជប៉ុនដែលមិនស្វែងរកប្រាក់ចំណេញ និងត្រូវបានបង្កើតឡើងនៅឆ្នាំ២០០៨ ដែលផ្តល់ការគាំទ្រផ្នែកអប់រំដែលមានគុណភាព និងពង្រឹងធនធានមនុស្សដល់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍។ អង្គការនេះមានទីស្នាក់ការធំនៅទីក្រុងតូក្យូ និងមានការិយាល័យ CLA មួយនៅភ្នំពេញ ដែលកំពុងបង្រៀនតាមបែបជប៉ុន៕

...

05 July 2025

ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជា និងជប៉ុន ត្រូវបានពង្រឹង និងពង្រីកបន្ថែមទៀត

កាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា  បានអញ្ជើញជាអធិបតី ក្នុងកម្មវិធីទិវាជាតិកម្ពុជា (Cambodia National Day)” ដែលត្រូវបានរៀបចំឡើងដោយក្រសួងពាណិជ្ជកម្ម ក្នុងនាមជាគណៈកម្មការអន្តរក្រសួង ដើម្បីរៀបចំពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិ នៅទីតាំងពិព័រណ៍ពិភពលោក ២០២៥ អូសាកា។ ក្នុងកម្មវិធីនោះ មានការអញ្ជើញចូលរួមក្រោមអធិបតីភាពរបស់ឯកឧត្តម FUJII Hisayuki រដ្ឋលេខាធិការ​ក្រសួងការបរទេសជប៉ុនជាប្រទេសម្ចាស់ផ្ទះ ដោយមានមានការ​អញ្ជើញចូលរួមពីភ្ញៀវជាតិ-អន្តរជាតិយ៉ាងច្រើនកុះករផងដែរ។ 

នាឱកាសកម្មវិធីពិសារអាហារថ្ងៃត្រង់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានសំដែងនូវការ​អបអរសាទរ​ដល់ម្ចាស់ផ្ទះជប៉ុន ក្នុងការរៀបចំពិព័រណ៌ខាងលើប្រកបដោយជោគជ័យនៃពិព័រណ៍ពិភពលោក ២០២៥។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីក៏បានគូសបញ្ជាក់អំពីការពង្រឹង និងពង្រីកទំនាក់ទំនងជាមិត្តភាពនិង​កិច្ចសហប្រតិបត្តិការរវាង កម្ពុជា និង ជប៉ុន កាន់តែស៊ីជម្រៅថែមទៀត ក្នុងឱកាសទស្សនកិច្ច្កការងារផ្លូវការរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅប្រទេសជប៉ុន ពីថ្ងៃទី ២៨ ដល់ ៣១ ខែឧសភា ឆ្នាំ២០២៥ ប្រកបដោយជោគជ័យ និងផ្លែផ្កា។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែក ដល់ដំណើរការស្វែងរកសន្តិភាពនៅកម្ពុជា ក៏ដូចជាការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។ 

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និង ឯកឧត្តមរដ្ឋលេខាធិការក្រសួងការបរទេសជប៉ុន ក៏បានពិភាក្សាគ្នា​ផងដែរលើកិច្ចសហប្រតិបត្តិការមួយចំនួន រួមមាន វិស័យសេដ្ឋកិច្ច ការវិនិយោគ ទេសចរណ៍ អាកាសចរណ៍ ប្រព័ន្ធទឹកស្អាត ការតភ្ជាប់រវាងប្រជាជន និងប្រជាជន ការបោសសម្អាតមីនមនុស្សធម៌ កងរក្សាសន្តិ​ភាព​អង្គការសហប្រជាជាតិ ជាដើម ដើម្បី​រិះរកមធ្យោបាយនានា ក្នុងការពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ច​សហប្រតិបត្តិការជប៉ុន-កម្ពុជា ឱ្យកាន់តែរីកចម្រើន និងរឹងមាំបន្ថែមទៀត ក្រោម “ភាពជាដៃគូយុទ្ធ​សាស្ត្រ​គ្រប់ជ្រុងជ្រោយ” ស្របតាមស្មារតីនៃជំនួបកំពូលរវាងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និង ឯកឧត្តម ISHIBA Shigeru នាយករដ្ឋមន្ត្រីជប៉ុន កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ ក្នុងឱកាសនៃដំណើរទស្សន​កិច្ច​ការងារ​​ផ្លូវការ​របស់សម្តេចធិបតី នៅថ្ងៃទី២៨-៣១ ខែឧសភា ឆ្នាំ២០២៥ នៅទីក្រុងតូក្យូ។

...

17 June 2025

ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុនរៀបចំពិធីប្រគល់ព្រះរាជក្រឹត្យ និងអនុក្រឹត្យតែងតាំងជូន ឯកឧត្តម IMAMURA Masahiro

នៅរសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានរៀបចំនូវកម្មវិធី៖ ១)ប្រគល់ព្រះរាជក្រឹត្យលេខពរល.២៥០២.៣១១ ចុះថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ ស្តីពីការតែងតាំង ឯកឧត្តម IMAMURA Masahiro អតីតប្រធានសម្ព័ន្ធមិត្តភាពសភាជប៉ុន-កម្ពុជា ជាទីប្រឹក្សាផ្ទាល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា និង២) អនុក្រឹត្យរបស់រាជរដ្ឋាភិបាល លេខ៖ ១១៤៣ អនក្រ.តត ចុះថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ស្តីពីការសម្រេចបំពាក់មេដាយសហមេត្រី ថ្នាក់អស្សប្ញទ្ធិ ជូនឯកឧត្តម IMAMURA Masahiro។ កម្មវិធីនេះមានការអញ្ជើញចូលរួមជាអធិបតីដោយ លោកជំទាវ OBUCHI Yuko សមាជិកសភា និងជាប្រធានសម្ព័ន្ធមិត្តភាពសភាជប៉ុន-កម្ពុជា និងមានការអញ្ជើញចូលរួមជាភ្ញៀវកិត្តិយស ពីសំណាក់ ឯកឧត្តម FUJII Hisayuki រដ្ឋលេខាធិការក្រសួងការបរទេសជប៉ុន សមាជិកសភាជប៉ុន៣រូប និងតំណាងក្រសួងការបរទេសជប៉ុនផងដែរ។

ក្នុងឱកាសនោះ ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានប្រគល់ព្រះរាជក្រឹត្យ និងអនុក្រិត្យរបស់រាជរដ្ឋាភិបាលដូចបានជម្រាបជូនខាងលើ និងបានបំពាក់មេដាយសហមេត្រី ថ្នាក់អស្សប្ញទ្ធិ ជូនឯកឧត្តម IMAMURA Masahiro។  

ឯកឧត្តម ឯកអគ្គរាជទូត ព្រមទាំងលោកជំទាវ OBUCHI Yuko បានសំដែងនូវអំណរសាទរ និងវាយតម្លៃខ្ពស់ចំពោះ ឯកឧត្តមIMAMURA Masahiro ក្នុងតួនាទីដឹកនាំសម្ព័ន្ធមិត្តភាពសភាជប៉ុន-កម្ពុជា ជាច្រើនឆ្នាំកន្លងមក ដែលបានរួមចំណែកក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងកម្ពុជា-ជប៉ុន អោយកាន់តែរឹងមាំ ក៏ដូចជាការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌសម្ព័ន្ធមិត្តភាពលើគ្រប់វិស័យនាពេលកន្លងមក ក្រោមការអនុវត្តភាពជាដៃគូរយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។ បន្ថែមពីលើនេះ លោកស្រីជាតំណាងក្រសួងការបរទេសជប៉ុន ក៏បានឡើងអានសារអបអរសាទររបស់ឯកឧត្តម IWAYA Takeshi រដ្ឋមន្ត្រីការបរទេសជប៉ុន ជូនចំពោះ ឯកឧត្តម Imamura ផងដែរ។ 

មុននឹងបញ្ចប់ ឯកឧត្តម Imamura បានសំដែងនូវអំណរគុណដ៏ជ្រាលជ្រៅជូន ចំពោះសម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបានសម្រេចតែងតាំងឯកឧត្តមផ្ទាល់ ជាទីប្រឹក្សាសម្តេច ក៏ដូចជាការសម្រេចផ្តល់មេដាយសហមេត្រី ជូនដល់ឯកឧត្តម និងបានប្តេជ្ញាថា ឯកឧត្តមនឹងខិតខំរួមចំណែកក្នុងការពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកម្ពុជា-ជប៉ុន អោយកាន់តែមានភាពកក់ក្តៅ និងរីកចម្រើនថែមទៀត៕

...

13 June 2025

ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុនរៀបចំកម្មវិធី « Get-together reception » ថ្លែងអំណរគុណ ដល់ក្រុមហ៊ុនដៃគូឧបត្ថម្ភក្នុងកម្មវិធីពិព័រណ៍កម្ពុជា លេីកទី៩ ឆ្នាំ២០២៥

នៅរសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥​ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានរៀបចំកម្មវិធី « Get-together reception » ដើម្បីថ្លែងអំណរគុណ ដល់ក្រុមហ៊ុនដៃគូទាំងអស់សរុបចំនួន ២៣ ដែលបានចូលរួមឧបត្ថម្ភក្នុងកម្មវិធីពិព័រណ៍កម្ពុជា លេីកទី៩ កាលពីថ្ងៃទី០៣-០៤ ខែឧសភា ឆ្នាំ២០២៥​ កន្លងទៅ ប្រកបដោយជោគជ័យគួរជាទីមោទនៈ ។ 

ក្នុងឱកាសនោះ ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានប្រគល់ប័ណ្ណថ្លែងអំណរគុណ ដល់តំណាងក្រុមហ៊ុនទាំងអស់ខាងលើ ដែលបានរួមចំណែកធ្វើឲ្យពិព័រណ៌កម្ពុជានាដើមខែឧសភា កន្លងទៅ ប្រព្រឹត្តទៅប្រកបដោយជោគជ័យគួរជាទីមោទនៈ។

សូមអនុញ្ញាតជម្រាបជូនផងដែរថា កម្មវិធីពិព័រណ៍កម្ពុជា មានការសម្តែងសិល្បៈខ្មែរ​ បុរាណនិងសម័យ​ ការលក់ម្ហូបអាហារខ្មែរ ការតាំង និងលក់ផលិតផលនានារបស់កម្ពុជាជាដើម។​ កម្មវិធីពិព័រណ៍រយៈពេលពីរថ្ងៃកន្លងទៅនេះ ត្រូវបានចូលរួមដោយផ្ទាល់ជាភ្ញៀវកិត្តិយសដោយ ឯកឧត្តម រដ្ឋលេខាធិការនៃក្រសួងការបរទេសជប៉ុន និង ឯកឧត្តម លោកជំទាវ ឯកអគ្គរដ្ឋទូត និងភារធារីស្តីទី នៃបណ្តាប្រទេសអាស៊ាន  ភ្ញៀវជាតិ និងអន្តរជាតិ ព្រមទាំងមិត្តជប៉ុន និងបងប្អូនខ្មែរ ដ៏ច្រើនកុះករ សរុប ប្រមាណជិត ១០ម៉ឺននាក់ ដែលជាការឆ្លុះបញ្ចាំង ឱ្យឃើញនូវការគាំទ្រ និងលើកស្ទួយវិស័យវប្បធម៌ ទេសចរណ៍ ពាណិជ្ជកម្ម និងសេដ្ឋកិច្ចកម្ពុជាផងដែរ៕

...

11 June 2025

សេចក្ដីជូនដំណឹងអំពីចូលរួមគាំទ្រពិធីអបអរសាទរទិវាជាតិកម្ពុជា (Cambodia National Day) និងទស្សនាពន្លាជាតិកម្ពុជា ក្នុងព្រឹត្តិការណ៍ពិព័រណ៍ពិភពលោក២០២៥ នៅទីក្រុងអូសាកា

ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន មានក្តីសមនស្សរីករាយ សូមគោរពអញ្ជើញបងប្អូនសហគមន៍ខ្មែរ ពលករខ្មែរ កម្មសិក្សាការី និងសិស្សនិស្សិតខ្មែរ ដែលកំពុងធ្វើការ សិក្សា និងរស់នៅក្នុងប្រទេសជប៉ុន ចូលរួមគាំទ្រពិធីអបអរសាទរទិវាជាតិកម្ពុជា (Cambodia National Day) និងទស្សនាពន្លាជាតិកម្ពុជា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃសៅរ៍ ទី ៥ ខែកក្កដា ឆ្នាំ២០២៥ (វេលាម៉ោង ១០:០០ - ១៧:០០) នៅក្នុងព្រឹត្តិការណ៍ពិព័រណ៍ពិភពលោក២០២៥ នៅទីក្រុងអូសាកា (ទីតាំង: Yumeshima Island) ដោយក្រសួងពាណិជ្ជកម្មកម្ពុជា នឹងរៀបចំផ្តល់ជូននូវ សំបុត្រចូលទស្សនាពិព័រណ៍ពិភពលោក២០២៥ (Free Ticket) ដោយឥតគិតថ្លៃ។ 

ចំពោះការចូលរួម សូមបងប្អូនមេត្តាបំពេញបែបបទ តាមរយៈតំណភ្ជាប់ ដូចមានភ្ជាប់ជូនខាងក្រោម៖

https://forms.gle/s6sejYeRXsj6KdiU6

*កាលបរិច្ឆេទនិងពេលវេលានៃការបិទការចុះឈ្មោះ ៖ ២៤ មិថុនា ២០២៥ វេលាម៉ោង ១៧:៣០

** សម្លៀកបំពាក់៖ ប្រពៃណីខ្មែរ (ឬ សមរម្យ)

*** បញ្ជាក់៖ ការធ្វើដំណើរ ការស្នាក់នៅ និងការហូបចុក ជាបន្ទុករបស់អ្នកចូលរួមនីមួយៗ។

សូមជម្រាបជូនថា កម្ពុជា គ្រោងនឹងរៀបចំនូវ៖ កម្មវិធីសម្ដែងសិល្បៈវប្បធម៌ខ្មែរឈុតធំ ដែលមានក្រុមសិល្បៈខ្មែរមកពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា, ការដើរក្បួនព្យុហយាត្រាជាតិ (National Parade), វេទិកាធុរកិច្ច ឬសិក្ខាសាលាវិនិយោគ, ការតាំងពិព័រណ៍ និងសកម្មភាពជំរុញពាណិជ្ជកម្មផ្សេងៗ ក្នុងឱកាសប្រារព្ធពិធីអបអរសាទរទិវាជាតិកម្ពុជានេះ អាស្រ័យហេតុនេះ សូមបងប្អូនខ្មែរយើង ចូលរួមគាំទ្រឱ្យបានច្រើនកុះករ។

...

04 June 2025

ឯកឧត្ដម ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន អញ្ជើញជាអធិបតីនិងថ្លែងសុន្ទរកថាបើកនៅក្នុងកម្មវិធីសិក្ខាសាលា “International Service Seminar” នៅសាកលវិទ្យាល័យណាហ្គាណុ(Nagano)

នៅរសៀលថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥ តបតាមការអញ្ជើញរបស់លោកស្រី Miyuki INUI ប្រធាន International Service Committee ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានអញ្ជើញជាអធិបតីនិងថ្លែងសុន្ទរកថាបើកនៅក្នុងកម្មវិធីសិក្ខាសាលា “International Service Seminar” នៅសាកលវិទ្យាល័យណាហ្គាណុ(Nagano) ខេត្តណាហ្គាណុ រៀបចំដោយ Rotary International District (RID) 2600 ដោយមានការចូលរួមពីសំណាក់ លោក Norihiko Shiratori អភិបាលនៃ RID 2600 នៃខេត្តណាហ្គាណុ, លោកស្រី Miyuki INUI ប្រធាន International Service Committee, លោក Junichi Kobayashi នាយកសាកលវិទ្យាល័យណាហ្គាណុ, លោក Fumio TSUZUKU អតីតអភិបាល និងបច្ចុប្បន្នជាទីប្រឹក្សានៃ International Service Committee, លោក Yit Virasy នាយកអង្គការ Future Light Organization (FLO) មកពីប្រទេសកម្ពុជា ព្រមទាំងអតីតអភិបាល RID 2600 ប្រធានក្រុមហ៊ុនជប៉ុន ពាណិជ្ជករជប៉ុន និងសិស្សនិស្សិតសាកលវិទ្យាល័យណាហ្គាណុ សរុបប្រមាណ ៣០០ នាក់។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តមឯកអគ្គរាជទូត បានសម្តែងការគាំទ្រចំពោះការរៀបចំសិក្ខាសាលានេះឡើង ក្នុងគោលបំណងលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងខេត្តណាហ្គាណុនិងប្រទេសកម្ពុជា និងបង្កើនការផ្សារភ្ជាប់ទំនាក់ទំនងរវាងប្រជាជននិប្រជាជន។
ទន្ទឹមនឹងនេះ ឯកឧត្តម ក៏បានជម្រាបជូនអង្គសិក្ខាសាលាអំពី៖ ១) យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជដ្ឋាភិបាលកម្ពុជា ដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលកំពុងត្រូវបានអនុវត្ត ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ព្រមទាំងជម្រុញសន្ទុះកំណើនសេដ្ឋកិច្ច និងកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ជាប្រទេសមាន ចំណូលខ្ពស់។ ២)ការបន្តរក្សាសន្តិភាពនិងស្ថិរភាពនយោបាយ ដែលធ្វើឱ្យកម្ពុជា បានបន្តរីកចម្រើនគួរឱ្យកត់សម្គាល់លើគ្រប់វិស័យ និងមានកំណើនសេដ្ឋកិច្ចក្នុងរង្វង់ ៦% នៅឆ្នាំ២០២៤ និងត្រូវបានគេរំពឹងថានឹងបន្តកើនឡើងក្នុងអត្រា ៦.២% នៅឆ្នាំ២០២៦ ៣) ទំហំពាណិជ្ជកម្មសរុបរវាងកម្ពុជានិងជប៉ុនមានជាង ២.២ ប៊ីលានដុល្លារ នៅឆ្នាំ២០២៤ ៤) ទស្សនកិច្ចផ្លូវការរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មកកាន់ប្រទេសជប៉ុន នាពេលកន្លងទៅថ្មីៗនេះ បានឆ្លុះបញ្ចាំងអំពីទំនាក់ទំនងកាន់តែជិតស្និទ្ធរវាងប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរ និងការប្តេជ្ញាចិត្តក្នុងការពង្រឹងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរបស់ប្រទេសទាំងពីរ។
ក្នុងឱកាសនោះផងដែរ លោកស្រី អ៊ុន ពិសី លេខាធិការទី២ ក៏ត្រូវបានអញ្ជើញចូលរួមធ្វើបទបង្ហាញ និងផ្សព្វផ្សាយដល់និស្សិតជប៉ុន ព្រមទាំងអ្នកវិនិយោគជប៉ុន អំពីសក្តានុពលនៃវិស័យទេសចរណ៍កម្ពុជា និងការអភិវឌ្ឍផ្នែកហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់កម្ពុជា ដើម្បីបង្កើនការយល់ដឹង ព្រមទាំងចូលរួមផ្សព្វផ្សាយនិងជំរុញកំណើនភ្ញៀវទេសចរជប៉ុននិងអ្នកវិនិយោគិនជប៉ុន ទៅកាន់ប្រទេសកម្ពុជាឱ្យកាន់តែច្រើនឡើងថែមទៀត។
ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តមឯកអគ្គរាជទូត ក៏បានអញ្ជើញមិត្តជប៉ុន និងអ្នកចូលរួមទាំងអស់ ចូលរួមគាំទ្រនិងទស្សនាពន្លាជាតិកម្ពុជា នៅក្នុងព្រឹត្តការណ៍ពិព័រណ៍ពិភពលោក២០២៥ អូសាកា ជាពិសេសថ្ងៃប្រារព្ធពិធីអបអរ «ទិវាជាតិកម្ពុជា» នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៥ ដែលនឹងមានរៀបចំកម្មវិធីសម្ដែងសិល្បៈ វប្បធម៌ខ្មែរ ការដើរព្យុហយាត្រាវប្បធម៌ ការតាំងបង្ហាញផលិតផលខ្មែរនិងម្ហូបអាហារខ្មែរ វេទិកាវិនិយោគ និងសកម្មភាពជំរុញពាណិជ្ជកម្មមួយចំនួនទៀត។
ជាចុងក្រោយ ឯកឧត្តមឯកអគ្គរាជទូត បានលើកទឹកចិត្ត និងជំរុញពាណិជ្ជករនិងអ្នកវិនិយោគជប៉ុនទាំងអស់ ឱ្យមកបណ្តាក់ទុនកាន់តែច្រើនឡើងនៅកម្ពុជា ដើម្បីឆ្លុះបញ្ចាំងពីភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរបស់ប្រទេសទាំងពីរ៕

...

19 May 2025

សេចក្ដីជូនដំណឹង -​ Announcment

[English Below]
ស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសជប៉ុន សូមជម្រាបជូនសាធារណជន ជ្រាបថា ៖
- រាជរដ្ឋាភិបាលកម្ពុជា បានដកចេញទាំងស្រុងរាល់វិធានការសុខាភិបាលពាក់ព័ន្ធនឹងកូវីដ-១៩ ដូចជាការធ្វើតេស្តកូវីដ ការធ្វើចត្តាឡីស័ក ។ល។
- ជនបរទេសអាចស្នើសុំទិដ្ឋាការចូលព្រះរាជាណាចក្រកម្ពុជា ដោយងាយស្រួល តាមប្រព័ន្ធអនឡាញ e-Visa របស់រាជរដ្ឋាភិបាល ដែលមាននៅគេហទំព័រ https://www.evisa.gov.kh
- អ្នកធ្វើដំណើរចូលមកកម្ពុជាអាចបំពេញប្រព័ន្ធអេឡិចត្រូនិកសលាកបត្រចូល (e-Arrival Card) មុនពេលធ្វើដំណើរ ឬពេលមកដល់ច្រកទ្វារអន្តរជាតិកម្ពុជា ។
....................
The Royal Embassy of Cambodia in Tokyo is pleased to inform all travelers wishing to visit the Kingdom of Cambodia of the following updates:
- The Government of the Kingdom of Cambodia has lifted all health requirements related to COVID-19, including testing, quarantine, and other associated measures.
- Travelers may conveniently apply for a visa to enter the Kingdom of Cambodia through the online e-Visa system of the government at https://www.evisa.gov.kh.
- Travelers may complete e-Arrival Card either prior to or upon arrival at an international border checkpoint of Cambodia.

...

05 May 2025

ព្រឹត្តិការណ៍ពិព័រណ៍កម្ពុជារយៈពេលពីរថ្ងៃ បិទបញ្ចប់ដោយជោគជ័យ និងទាក់ទាញភ្ញៀវជាតិ​ និងអន្តរជាតិ សរុបប្រមាណជា ១០ម៉ឺននាក់

នៅល្ងាចថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសជប៉ុន និងជាប្រធានគណៈកម្មការពិព័រណ៍កម្ពុជាប្រចាំឆ្នាំលើកទី៩ ឆ្នាំ២០២៥ (9th Cambodia Festival) បាន អញ្ជើញជាអធិបតីបិទព្រឹត្តិការណ៍ពិព័រណ៍កម្ពុជា នៅឧទ្យានយ៉ូយ៉ូហ្កិផាក (Yoyogi Park) នាទីក្រុងតូក្យូ។

ឯកឧត្តមឯកអគ្គរាជទូត បានបញ្ជាក់ថា តាមការសង្កេតឃើញរបស់គណៈកម្មាធិការរៀបចំកម្មវិធីព្រឹត្តិការណ៍ពិព័រណ៍កម្ពុជា ដែលមានរយៈពេលចាប់ពីថ្ងៃទី៣-៤ ខែឧសភា មានភ្ញៀវជាតិ និងអន្តរជាតិចម្រុះជាតិសាសន៍ប្រមាណជា​ ១០ម៉ឺននាក់ មកចូលរួមទស្សនាការដាក់តាំងបង្ហាញផលិតផលខ្មែរ មុខម្ហូបខ្មែរ ការសម្តែងសិល្បៈចម្រុះ ចម្រៀងបុរាណនិងសម័យ រួមទាំងការរាំលេងកម្សាន្ត ដែលសម្តែងដោយក្រុមសិល្បៈអញ្ជើញមកពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា សហគមន៍ខ្មែរ​ សមាគមនិស្សិតខ្មែររៀននៅជប៉ុន កុមារាកុមារីខ្មែរនៅជប៉ុននិងជនជាតិជប៉ុនដែលស្រឡាញ់វប្បធម៌ខ្មែរ ផងដែរ។

ជាចុងបញ្ចប់ ឯកឧត្ដមឯកអគ្គរាជទូត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ប្រជាពលរដ្ឋខ្មែរ ដែលកំពុងរស់នៅ ធ្វើការ និងសិក្សានៅប្រទេសជប៉ុន មិត្តជប៉ុន​ និងភ្ញៀវអន្តរជាតិ ដែលបានអញ្ជើញមកចូលរួមទស្សនាក្នុងព្រឹត្តិការណ៍នេះ។ ឯកឧត្តមឯកអគ្គរាជទូតក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសមាជិកគណ:កម្មការពិព័រណ៍កម្ពុជាគ្រប់ផ្នែកទាំងអស់​ អ្នកឧបត្ថម្ភ​ សហគមន៍ខ្មែរ​ សមាគមនិស្សិតខ្មែរនៅប្រទេសជប៉ុន​ ក្រុមសម្តែងសិល្បះ​ និងអ្នកស្ម័គ្រចិត្តដែរបានចូលរួម​ និងញាំងព្រឹត្តិការណ៍នេះបិទបញ្ចប់ប្រកបដោយភាពសប្បាយរីករាយ​ អធិកអធម​ និងស្និទ្ធស្នាលបំផុត៕

https://www.facebook.com/cambodianembassyinjapan/posts/1121634200000479