NEWS
...

18 February 2025

ឯកអគ្គរាជទូតកម្ពុជា អញ្ជើញចូលរួម ពិធីបើកការិយាល័យសាខាតំបន់កាន់សៃរបស់សមាគមកម្ពុជា-ជប៉ុនគិបូ (CJKA) ក្រោមអធិបតីភាព ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅទីក្រុងអូសាកា

នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន និងសហការី បានអញ្ជើញចូលរួមក្នុងពិធីបើកការិយាល័យសាខាតំបន់កាន់សៃរបស់សមាគមកម្ពុជា-ជប៉ុនគិបូ (CJKA) ដែលប្រព្រឹត្តទៅនៅទីក្រុងអូសាកា ក្រោមអធិបតីភាព ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមកម្ពុជា-ជប៉ុនគិបូ ដោយមានការចូលរួមពីសំណាក់ឯកឧត្តម ហួត ស៊ីនាដ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តម Okazawa Ryuichi តំណាងរាស្រ្តខេត្តអូសាកា លោក Yukihisa Shimura ប្រធានមន្ទីរការងារអូសាកា នៃក្រសួងសុខាភិបាល ការងារ និងសុខមាលភាព លោក Ichisaka Hiroshi ប្រធាននាយកដ្ឋានទំនាក់ទំនងអន្តរជាតិនៃខេត្តអូសាកា លោក Osanai Shigeki អភិបាលក្រុង Toyonaka ខេត្តអូសាកា លោក Okamura Katsumasa ប្រធានក្រុមហ៊ុន Reve21 ប្រធាន អនុប្រធាន និងសមាជិកសមាគម CJKA ព្រមទាំងតំណាងក្រុមហ៊ុនជប៉ុនធំៗ នៅទីក្រុងអូសាកា ផងដែរ។

តាមប្រសាសន៍របស់ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សមាគម CJKA នេះ ត្រូវបានបង្កើតឡើងកាលពីខែមិថុនា ឆ្នាំ២០២៤ ក្នុងគោលបំណង៖ ទី១) ជំរុញវិនិយោគទុន និងភាពជាដៃគូពាណិជ្ជកម្ម រវាងប្រទេសកម្ពុជានិងប្រទេសជប៉ុន តាមរយៈការរៀបចំសិក្ខាសាលាស្តីពីបរិយាកាសនិងច្បាប់ស្តីពីវិនិយោគ វេទិកាធុរកិច្ច និងការផ្តល់ប្រឹក្សាយោបល់ផ្សេងៗ ទី២) លើកស្ទួយការផ្លាស់ប្តូរវប្បធម៌ ដើម្បីពង្រឹងចំណងមិត្តភាព និងសាមគ្គីភាពនៃប្រជាជាតិទាំងពីរ ទី៣) លើកកម្ពស់ការបណ្តុះបណ្តាលធនធានមនុស្ស តាមរយៈការផ្សព្វផ្សាយអំពីព័ត៌មានអាហារូបករណ៍ ការបើកវគ្គបណ្តុះបណ្តាលជំនាញ និងកម្មសិក្សាផ្សេងៗ និង ទី៤) ចូលរួមចំណែកដល់ការអភិវឌ្ឍប្រកបដោយចីរភាពនៃប្រទេសទាំងពីរ តាមរយៈកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នពាក់ព័ន្ធនៃប្រទេសកម្ពុជា និងប្រទេសជប៉ុន។

ក្នុងឱកាសនោះ ឯកឧត្តមឯកអគ្គរាជទូត បានសម្តែងការអបអរសាទរចំពោះលោក Okamura Katsumasa ប្រធានក្រុមហ៊ុន Reve21 ដែលត្រូវបានតែងតាំងជា ប្រធានសាខាទទួលបន្ទុកតំបន់កាន់សៃ និងជូនពរសមាគម CJKA ព្រមទាំងសាខាការិយាល័យថ្មីនេះ ដំណើរការទៅមុខដោយរលូន និងទទួលជោគជ័យក្នុងភារកិច្ចជំរុញកំណើនវិនិយោគ សកម្មភាពពាណិជ្ជកម្ម ទេសចរណ៍ និងវិស័យជាច្រើនទៀត រវាងប្រទេសកម្ពុជា និងប្រទេសជប៉ុន៕

...

14 February 2025

ANNOUNCEMENT QR Data Stickers to Replace Visa Stickers & Immigration Stamps on Foreign Passports សេចក្តីជូនដំណឹង ការបោះពុម្ពទិន្នន័យ និង QR Code បិទលើសន្លឹកលិខិតឆ្លងដែនបរទេស ជំនួសឱ្យការប្រើប្រាស់សន្លឹកទិដ្ឋាការស្អិត

...

13 February 2025

ឯកឧត្តម ឯកអគ្គរាជទូត គាំទ្រ និងងផ្តល់អំណោយជាវត្ថុអនុស្សាវរីយ៍ជាច្រើន ដល់សិស្សានុសិស្សនៃវិទ្យាល័យ Kaichi Nihonbashi Gakuen Junior and Senior High School ដើម្បីចូលរួមនៅក្នុងកម្មវិធីពិព័រណ៌អន្តរជាតិរបស់សាលា

ឯកឧត្តម ឯកអគ្គរាជទូត គាំទ្រ និងងផ្តល់អំណោយជាវត្ថុអនុស្សាវរីយ៍ជាច្រើន ដល់សិស្សានុសិស្សនៃវិទ្យាល័យ Kaichi Nihonbashi Gakuen Junior and Senior High School  ដើម្បីចូលរួមនៅក្នុងកម្មវិធីពិព័រណ៌អន្តរជាតិរបស់សាលា

នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ តបតាមការស្នើសុំ ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំជប៉ុន បានគាំទ្រ និងផ្តល់អំណោយជាវត្ថុអនុស្សាវរីយ៍ជាច្រើន រួមមាន ទង់ជាតិកម្ពុជា-ជប៉ុន ក្រមាខ្មែរ សៀវភៅ The Taste of Angkor បន្តោងសោរ និងកន្លាស់កម្ពុជា ដល់សិស្សានុសិស្សនៃវិទ្យាល័យ Kaichi Nihonbashi Gakuen Junior and Senior High School ដើម្បីចូលរួមនៅក្នុងកម្មវិធីពិព័រណ៌អន្តរជាតិរបស់សាលា នៅខែមីនាខាងមុខនេះ។ គម្រោងពិព័រណ៌អន្តរជាតិនេះ ត្រូវបានផ្តួចផ្តើមឡើងក្នុងចំណោមសិស្សានុសិស្ស ដើម្បីស្វែងយល់អំពីវប្បធម៌ប្រពៃណីរបស់ប្រទេសនានានៅជុំវិញពិភពលោក។ 

ឯកឧត្តម ឯកអគ្គរាជទូត បានសម្តែងនូវក្តីសប្បាយរីករាយនិងគាំទ្រយ៉ាងខ្លាំងចំពោះគំនិតផ្តួចផ្តើមខាងលើ ព្រោះវាជាការចូលរួមផ្សព្វផ្សាយអំពីវប្បធម៌ ប្រពៃណីរបស់កម្ពុជា ដល់បណ្តាសិស្សានុសិស្សជប៉ុន។ ជាមួយគ្នានេះ អ្នកគ្រូ និងតំណាងសិស្សានុសិស្សជប៉ុន បានសម្តែងនូវក្តីរីករាយនិងអំណរគុណយ៉ាងខ្លាំងជូនចំពោះ ឯកឧត្តម ឯកអគ្គរាជទូត ដែលបានគាំទ្រដល់គម្រោងរបស់ពួកគេ៕

...

12 February 2025

ឯកឧត្តម ឯកអគ្គរាជទូត ទទួលជួបលោក Kazumasa Sanui ប្រធានតំណាងការិយាល័យ JICA ប្រចាំប្រទេសកម្ពុជា សម្ដែងការគួរសម និងពិភាក្សាការងារ

នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំជប៉ុន បានទទួលជួបលោក Kazumasa Sanui ប្រធានការិយាល័យ JICA ប្រចាំប្រទេសកម្ពុជា និងសហការី ដើម្បីសំដែងការគួរសម​ និងពិភាក្សាការងារ។

ក្នុងជំនួបខាងលើ លោក Kazumasa Sanui បានលើកឡើងអំពីវឌ្ឍនភាពការងារសំខាន់ៗ ដែលកំពុងដំណើរការនៅកម្ពុជា តាមរយៈគម្រោងសំខាន់ៗនៃជំនួយអភិវឌ្ឍផ្លូវការរបស់ប្រទេសជប៉ុន នៅកម្ពុជា រួមមាន គម្រោងកំពង់ផែទឹកជ្រៅនៅខេត្តព្រះសីហនុ គម្រោងជួសជុលផ្លូវជាតិលេខ៥  គម្រោងប្រព័ន្ធទឹកស្អាតនៅរាជធានីភ្នំពេញ និងខេត្តសៀមរាប ព្រមទាំងអំពីសមិទ្ធផលនានារបស់ JICA មានជាអាទិ៍ មន្ទីរពេទ្យខេត្តសៀមរាប ខេត្តបាត់​ដំបង ខេត្តស្វាយរៀង ខេត្តព្រះសីហនុ និងមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម ការជួសជុលផ្លូវជាតិលេខ១ និងការសាងសង់ស្ពានTsubasa នៅអ្នកលឿង ជាដើម។

ជាការឆ្លើយតប ឯកឧត្តម ឯកអគ្គរាជទូត បានសម្ដែងការអរគុណដល់ រដ្ឋាភិបាល និងប្រជាជនជប៉ុន តាមរយៈ JICA ចំពោះកិច្ចសហប្រតិបត្តិការ និងការអនុវត្តសកម្មភាពនានានៅកម្ពុជា សម្រាប់ជាប្រយោជន៍ដល់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម នៅក្នុងប្រទេសកម្ពុជា  ស្របពេលដែលចំណងមិត្តភាពរវាងប្រទេសកម្ពុជា និងជប៉ុន កាន់តែប្រសើរជាលំដាប់ ក្នុងការពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ លើគម្រោងកិច្ចសហប្រតិបត្តិការក្នុងវិស័យជាច្រើន៕

...

29 January 2025

ឯកឧត្តម ឯកអគ្គរាជទូត ទទួលជួបលោក SHOJI Sasaki ប្រធានសហព័ន្ធជំរុញមិត្តភាពជប៉ុន-កម្ពុជា នៃសភាខេត្ត Nagano និងពិភាក្សាការងារ

នៅល្ងាចថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន អមដោយមន្ត្រីស្ថានទូត បានទទួលជួបគណៈប្រតិភូជប៉ុនអញ្ជើញមកពីខេត្ត Nagano ដែលដឹកនាំដោយ លោក SHOJI Sasaki ប្រធានសហព័ន្ធជំរុញមិត្តភាពជប៉ុន-កម្ពុជា នៃសភាខេត្ត Nagano លោក HIROSHI Nakagawa សមាជិកសភាខេត្ត Nagano លោក JUNICHI Eguchi ប្រធានមជ្ឈមណ្ឌលធនធានមនុស្សមិត្តភាពជប៉ុន-កម្ពុជា និងសហការី ដោយបានពិភាក្សាអំពីវឌ្ឍនភាពនៃការទទួលកម្មសិក្សាការី-ពលករជំនាញពីប្រទេសកម្ពុជាមកបម្រើការងារនៅខេត្ត Nagano។

ឯកឧត្តមឯកអគ្គរាជទូត បានថ្លែងអំណរគុណចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សហព័ន្ធជំរុញមិត្តភាពជប៉ុន-កម្ពុជានៃសភាពខេត្ត Nagano និងមជ្ឈមណ្ឌលធនធានមនុស្ស ក្នុងការជំរុញកិច្ចសហប្រតិបត្តិការ លើការទទួលកម្មសិក្សាការី-ពលករជំនាញពីប្រទេសកម្ពុជា កន្លងមក និងបានលើកទឹកចិត្តឲ្យធ្វើការបន្តកិច្ចសហប្រតិបត្តិការក្នុងជំរុញវិស័យធនធានមនុស្សបន្ថែមទៀត។

ក្នុងឱកាសនោះដែរ ឯកឧត្តមឯកអគ្គរាជទូត ក៏បានរៀបចំទទួលស្វាគមន៍ការពិសារអាហារពេលល្ងាចនូវម្ហូបបែបខ្មែរ ជូនគណៈប្រតិភូជប៉ុនមកពីខេត្ត Nagono ព្រមទាំងផ្តល់ជូននូវខិត្តប័ណ្ណព័ត៌មាន ដើម្បីផ្សព្វផ្សាយពីសក្តានុពលក្នុងការវិនិយោគបន្ថែម នៅក្នុងប្រទេសកម្ពុជា៕

...

28 January 2025

ឯកឧត្តម ឯកអគ្គរាជទូត រៀបចំពិធីពិសាអាហារការងារជាមួយកុងស៊ុលកិត្តិយសកម្ពុជាក្នុងប្រទេសជប៉ុន

នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសជប៉ុន បានរៀបចំពិធីពិសាអាហារការងារជាមួយ កុងស៊ុលកិត្តិយសកម្ពុជា ប្រចាំនៅ Sendai ​ព្រមទាំង តំណាងកុងស៊ុលកិត្តិយសប្រចាំនៅ Osaka Fukuoka និង Sakaiminato នៅស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសជប៉ុន ដើម្បីពិភាក្សាអំពីសមិទ្ធផល និងទិសដៅការងារ របស់កុងស៊ុលកិត្តិយសទាំងនោះ។

ក្នុងឱកាសនោះ ឯកឧត្តមឯកអគ្គរាជទូត បានថ្លែងអំណរគុណដល់កុងស៊ុលកិត្តិយសទាំងអស់ ដែលបានបំពេញតួនាទីរបស់ខ្លួន ទាំងការផ្តល់សេវាគាំទ្រដល់ប្រជាពលរដ្ឋកម្ពុជា នៅតាមតំបន់ដែលខ្លួនគ្រប់គ្រង ក៏ដូចជាផ្សព្វផ្សាយជំរុញការធ្វើទេសចរ ការស្វែងយល់ពីភូមិសាស្ត្រ ប្រវត្តិសាស្ត្រនៅកម្ពុជា និងផ្សារភ្ជាប់ទំនាក់ទំនងរវាងកម្ពុជា-ជប៉ុន ឱ្យកាន់តែរឹងមាំថែមទៀត។​ ឯកឧត្តមឯកអគ្គរាជទូត ក៏បានលើកទឹកចិត្តផងដែរដល់កុងស៊ុលកិត្តិយសកម្ពុជា ជួយទាក់ទាញ និងកៀងគរអ្នកវិនិយោគគិន និងក្រុមហ៊ុនជប៉ុន ឱ្យទៅវិនិយោគ និងបើកក្រុមហ៊ុនរបស់ខ្លួននៅកម្ពុជា៕

...

23 January 2025

អគ្គទីប្រឹក្សានៃស្ថានឯកអគ្គរាជទូតកម្ពុជា ចូលរួមថ្លែងសុន្ទរកថាក្នុងកិច្ចប្រជុំថ្នាក់ឯកអគ្គរាជ/រដ្ឋទូតនៅខេត្តមីយ៉ាហ្គិ នៅទីក្រុងសេនដៃ ខេត្តមីយ៉ាហ្គិ

នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ តបតាមការអញ្ជើញរបស់ឯកឧត្តម Yoshihiro Murai អភិបាលខេត្តមីយ៉ាហ្គិ ក្នុងនាមឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន លោក សុខ ធា អគ្គទីប្រឹក្សា និងលោក ស៊ីន សារ៉ាយ អនុព័ន្ធពាណិជ្ជកម្ម បានចូលរួមកិច្ចប្រជុំថ្នាក់ឯកអគ្គរាជ/រដ្ឋទូតនៅខេត្តមីយ៉ាហ្គិ ដែលប្រព្រឹត្តទៅរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៣-២៥ ខែមករា ឆ្នាំ២០២៥ នៅទីក្រុងសេនដៃ ខេត្តមីយ៉ាហ្គិ។ ពិធីបើកនៃកិច្ចប្រជុំនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម Yoshihiro Murai អភិបាលខេត្តមីយ៉ាហ្គិ និងតាមរយៈប្រព័ន្ធវីដេអូមាន ឯកឧត្តម Masao Uchibori អភិបាលខេត្តហ៊្វូគូស៊ីម៉ា និងឯកឧត្តម Takuya Tasso អភិបាលខេត្តអ៊ីវ៉ាតិ ព្រមទាំងចូលរួមពីបណ្តាឯកអគ្គរាជ/រដ្ឋទូត ភារធារីស្តីទី និងតំណាងមន្ត្រីស្ថានទូតបរទេសនានាប្រចាំប្រទេសជប៉ុន តំណាងមន្ត្រីពីបណ្តាខេត្តមីយ៉ាហ្គិ ខេត្តហ៊្វូគូស៊ីម៉ា និងខេត្តអ៊ីវ៉ាតិ ក្រុមហ៊ុនឯកជនជប៉ុន និងអ្នកសារព័ត៌មាន ផងដែរ។ 

កិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលបំណងបង្ហាញពីការដឹងគុណដល់បណ្តាប្រទេសជុំវិញពិភពលោក រួមទាំងប្រទេសកម្ពុជា ចំពោះការជួយគាំទ្រដល់ខេត្តមីយ៉ាហ្គិ និងបណ្តាខេត្តជុំវិញក្នុងការស្តារឡើងនៅពេលមានការរញ្ជួយដីដ៏ធំនៅភាគខាងកើតប្រទេសជប៉ុន (Great East Japan Earthquake) និងដើម្បីផ្សព្វផ្សាយនិងជំរុញវិស័យទេសចរណ៍ ពាណិជ្ជកម្ម វិនិយោគ ការអភិវឌ្ឍធនធានមនុស្ស និងការផ្លាស់ប្តូរវប្បធម៌ ព្រមទាំងពង្រីកកិច្ចសហប្រតិបត្តិការរវាងខេត្តបី (មីយ៉ាហ្គិ-ហ៊្វូគូស៊ីម៉ា-អ៊ីវ៉ាតិ) ជាមួយបណ្តាប្រទេសអ្នកចូលរួមចំនួន ១២ប្រទេស រួមទាំង ប្រទេសកម្ពុជាផងដែរ។

ក្នុងឱកាសនោះ លោកអគ្គទីប្រឹក្សា បានចូលរួមថ្លែងសុន្ទរកថា ជាមួយ ឯកអគ្គរាជ/រដ្ឋទូត ភារធារីស្តីទី និងតំណាងមន្ត្រីស្ថានបរទេសប្រចាំប្រទេសជប៉ុន ចំនួន ១២ប្រទេស ដោយបានលើកអំពីទំនាក់ទំនងការទូតយូរអង្វែង និងដ៏ល្អប្រពៃរវាងកម្ពុជា និងជប៉ុន និងបច្ចុប្បន្នភាពសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍កម្ពុជា ក្នុងទិសដៅជំរុញវិស័យទេសចរណ៍ និងកំណើនវិនិយោគរវាងកម្ពុជា-ជប៉ុន។ ជាងនេះទៀត លោកអគ្គទីប្រឹក្សាបានសំដែងនូវការអបអរសាទរជូន ឯកឧត្តម Yoshihiro Murai ចំពោះការបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជាប្រកបដោយជោគជ័យ និងផ្លែផ្កា កាលពីខែធ្នូ ឆ្នាំ២០២៤ និងការសម្រេចបាននូវការចុះអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការ រវាងខេត្តមីយ៉ាហ្គិ និងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៃព្រះរាជាណាចក្រកម្ពុជា ដែលនឹងជួយជំរុញដល់ការបញ្ជូន និងទទួលកម្មសិក្សាការី និងពលករជំនាញរបស់កម្ពុជា ទៅកាន់ខេត្តមីយ៉ាហ្គិ  ក៏ដូចជាការឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារទាំងនៅកម្ពុជា និងនៅជប៉ុន តាមរយៈការផ្ទេរជំនាញបច្ចេកទេស។  

កម្មវិធីនៃកិច្ចប្រជុំថ្ងៃទីមួយ ក៏មានការទៅទស្សនាវត្តបុរាណជប៉ុន Zuiganji Temple និងការទទួលស្វាគមន៍ពិសារអាហារពេលល្ងាច យ៉ាងកក់ក្តៅពីឯកឧត្តម Yoshihiro Murai អភិបាលខេត្តមីយ៉ាហ្គិ និងឯកឧត្តម Takahashi Shinji ប្រធានសភាខេត្តមីយ៉ាហ្គិ។

...

22 January 2025

ឯកអគ្គរាជទូតកម្ពុជា ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម អំពីការត្រៀមលក្ខណៈរបស់កម្ពុជា ក្នុងការចូលរួមពិព័រណ៍ពិភពលោក ២០២៥ នៅទីក្រុងអូសាកា

នាព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន អមដោយ លោក ស៊ីន សារ៉ាយ អនុព័ន្ធពាណិជ្ជកម្ម បានទទួលជួបពិភាក្សាជាមួយ ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ដើម្បីត្រៀមសហការគ្នា ក្នុងការរៀបចំ និងចូលរួមពិព័រណ៍ពិភពលោក ២០២៥ នៅទីក្រុងអូសាកា ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣ ខែមេសា ដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ ខាងមុខនេះ។

ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមរដ្ឋលេខាធិការ បានជម្រាបអំពី វឌ្ឍនភាពការងារនៃការរៀបចំពន្លាជាតិកម្ពុជា ការគ្រោងរៀបចំកម្មវិធីសំខាន់ៗក្នុងអំឡុងពេលពិព័រណ៍ ជាពិសេសទិវាជាតិកម្ពុជា នៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៥ និងបានស្នើស្ថានទូតកម្ពុជា ចូលរួមសហការ និងជួយគាំទ្រដល់ដំណើរការរៀបចំនេះ។

ជាកិច្ចឆ្លើយតប ឯកឧត្តមឯកអគ្គរាជទូត បានកត់សម្គាល់ដោយមោទកភាពអំពីវឌ្ឍនភាពការងារនៃដំណើរការរៀបចំពន្លាជាតិកម្ពុជា និងវាយតម្លៃខ្ពស់ចំពោះកិច្ចប្រឹងប្រែងរបស់ក្រសួងពាណិជ្ជកម្ម ដែលទទួលភារកិច្ចការងារ ក្នុងការដឹកនាំ រៀបចំ និងចូលរួមពិព័រណ៍ពិភពលោក ២០២៥ អូសាកា។ ឯកឧត្តមឯកអគ្គរាជទូត បានគូសបញ្ជាក់ថា ស្ថានទូត បានត្រៀមខ្លួនជាស្រេចក្នុងការសហការជាមួយក្រសួងពាណិជ្ជកម្ម ក៏ដូចជាចូលរួមសម្របសម្រួលជាមួយសហគមន៍ខ្មែរ និងភាគីជប៉ុនពាក់ព័ន្ធ ដើម្បីឱ្យការរៀបចំ និងការចូលរួមរបស់កម្ពុជា ក្នុងពិព័រណ៍ពិភពលោក ២០២៥ នេះ ប្រព្រឹត្តទៅដោយរលូន និងទទួលជោគជ័យ សម្រាប់មុខមាត់កម្ពុជា លើឆាកអន្តរជាតិ និងពិភពលោក៕

...

17 January 2025

ឯកអគ្គរាជទូតកម្ពុជា អញ្ជើញចូលរួមជាវាគ្មិន នៅក្នុងកិច្ចប្រជុំ “OECD-Southeast Asia High-Level Panel Discussion in Tokyo” នៅទីស្តីការក្រសួងការបរទេសជប៉ុន

នារសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ តបតាមការអញ្ជើញពីក្រសួងការបរទេសជប៉ុន និងការិយាល័យ GCR (Global Relations and Co-operation) របស់អង្គការ OECD ប្រចាំទីក្រុងតូក្យូ ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន អមដោយលោក ស៊ីន សារ៉ាយ អនុព័ន្ធពាណិជ្ជកម្ម បានអញ្ជើញចូលរួមជាវាគ្មិន និងថ្លែងសុន្ទរកថា នៅក្នុងកិច្ចប្រជុំ “OECD-Southeast Asia High-Level Panel Discussion in Tokyo” ដែលប្រព្រឹត្តទៅនៅទីស្តីការក្រសួងការបរទេសជប៉ុន ក្រោមអធិបតីភាព លោកជំទាវ ERI Arfiya អនុរដ្ឋមន្រ្តីការបរទេសជប៉ុន ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ មន្ត្រីជាន់ខ្ពស់នៃក្រសួងការបរទេសជប៉ុន និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ឯកអគ្គរាជទូត/ឯកអគ្គរដ្ឋទូត និងតំណាងស្ថានទូតប្រចាំនៅទីក្រុងតូក្យូ ព្រមទាំងមន្រ្តី OECD ប្រចាំទីក្រុងតូក្យូ សរុបប្រមាណជាង ៦០នាក់។

កិច្ចប្រជុំនេះ បានផ្តោតទៅលើប្រធានបទ “Co-creating the Sustainable Future of Southeast Asia” ដែលបែងចែកកិច្ចពិភាក្សាជាពីរក្រុមផ្សេងគ្នាគឺ៖ ក្រុមទី១) ពិភាក្សាអំពី “Progress on the OECD Southeast Asia Regional Programme (SEARP)” ដែលមានវាគ្មិន ៤ រូប មកពីស្ថានទូតឡាវ វៀតណាម អូស្ត្រាលី និងកាណាដា ចំណែកក្រុមទី២) ពិភាក្សាអំពី “Accession to the OECD and Other Forms of Collaboration” ដែលមានវាគ្មិន ៥ រូប មកពីស្ថានទូតកម្ពុជា ថៃ សិង្ហបូរី ឥណ្ឌូនេស៊ី និង ១រូបទៀត ជាមន្រ្តីទទួលបន្ទុកកិច្ចការច្បាប់របស់អង្គការ OECD៕

...

17 January 2025

ស្ថានឯកអគ្គរាជទូតកម្ពុជា ចូលរួមសន្និសីទស្តីពី យុទ្ធសាស្ត្រឌីជីថលនៅបណ្តាប្រទេសអាស៊ីនៅទីក្រុងតូក្យូ

នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ តបតាមការអញ្ជើញរបស់មជ្ឈមណ្ឌលសហប្រតិបត្តិការអន្តរជាតិសម្រាប់កំព្យូទ័រ (Center of the International Cooperation for Computerization - CICC)  លោក សុខ ធា អគ្គទីប្រឹក្សា និងលោក ស៊ីន សារ៉ាយ អនុព័ន្ធពាណិជ្ជកម្មរបស់ស្ថានទូត បានចូលរួមសន្និសីទស្តីពី យុទ្ធសាស្ត្រឌីជីថលនៅបណ្តាប្រទេសអាស៊ី (Conference on Digital Strategies in Asian Countries) នៅទីក្រុងតូក្យូ ដែលសហការគាំទ្រដោយក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន មជ្ឈមណ្ឌលអាស៊ាន-ជប៉ុន និងសាកលវិទ្យាល័យ Waseda។ សន្និសីទនេះ មានគោលបំណងដើម្បីផ្តល់ឱកាសក្នុងការចែករំលែកព័ត៌មាន និងកសាងនូវបណ្តាញក្រុមការងារពាក់ព័ន្ធនឹងវិស័យឌីជីថលក្នុងចំណោមបណ្តាប្រទេសអាស៊ី។ 

សន្និសីទខាងលើ មានការចូលរួមពីវាគ្មិនមកពី ៧ប្រទេស រួមទាំង កម្ពុជា តំណាងក្រសួងពាក់ព័ន្ធរបស់ជប៉ុន ក្រុមហ៊ុនឯកជន ស្ថានទូតរបស់បណ្តាប្រទេសមួយចំនួនប្រចាំប្រទេសជប៉ុន ផងដែរ។ ក្នុងឱកាសនោះ ឯកឧត្តម ស៊ុន រ៉ាពីដ អនុរដ្ឋលេខាធិការ នៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍របស់កម្ពុជា បានអញ្ជើញធ្វើបទបង្ហាញអំពី ការផ្លាស់ប្តូរឌីជីថលក្នុងប្រទេសកម្ពុជា ព្រមទាំងបានរំលេចនូវសមិទ្ធផលលេចធ្លោមួយចំនួនក្នុងវិស័យឌីជីថល និងផែនការនាពេលអនាគត ដែលស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា៕

...

10 January 2025

ឯកអគ្គរាជទូតកម្ពុជា អញ្ជើញចូលរួមជាកិត្តិយស ក្នុងកម្មវិធីជប់លៀងអបអរសាទរឆ្នាំថ្មីរបស់រដ្ឋបាលក្រុងមីណាតុ (Minato City New Year’s Reception)

នៅរសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ តបតាមការអញ្ជើញរបស់ លោកស្រី Ai Seike អភិបាលក្រុងមីណាតុ (Minato) ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសជប៉ុន បានអញ្ជើញចូលរួមជាកិត្តិយស ក្នុងកម្មវិធីជប់លៀងអបអរសាទរឆ្នាំថ្មីរបស់រដ្ឋបាលក្រុងមីណាតុ (Minato City New Year’s Reception) នៅសណ្ឋាគារ Tokyo Prince Hotel ក្នុងទីក្រុងតូក្យូ ដោយមានការអញ្ជើញចូលរួមផងដែរពីសំណាក់ ឯកអគ្គរាជទូត/រដ្ឋទូត និងភារធារីស្តីទីនៃបណ្ដាប្រទេសនានា ដែលមានស្ថានទូតរបស់ខ្លួនស្ថិតនៅក្នុងក្រុងមីណាតុ៕

...

07 January 2025

ឯកអគ្គរាជទូតកម្ពុជា ជួបសម្ដែងការគួរសមជាមួយ ឯកឧត្តម MUTO Yoji រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន ក្នុងឱកាសអញ្ជើញចូលរួមកម្មវិធី JFTC New Year’s Reception នៅទីក្រុងតូក្យូ

នាល្ងាចថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៥ តបតាមការអញ្ជើញរបស់លោក YASUNAGA Tatsuo ប្រធានក្រុមប្រឹក្សាពាណិជ្ជកម្មបរទេសជប៉ុន Japan Foreign Trade Council, Inc. (JFTC) និងជាប្រធានក្រុមហ៊ុន Mitsui Co., Ltd. ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន អមដោយលោក ស៊ីន សារ៉ាយ អនុព័ន្ធពាណិជ្ជកម្ម បានអញ្ជើញចូលរួមកម្មវិធី JFTC New Year’s Reception ដែលប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម MUTO Yoji រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន (METI) នៅសណ្ឋាគារ New Otani ទីក្រុងតូក្យូ។

ក្នុងឱកាសនោះ ឯកឧត្តមឯកអគ្គរាជទូត បានជួបសម្តែងការគួរសមជាមួយឯកឧត្តម MUTO Yoji រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន លោក YASUNAGA Tatsuo ប្រធានក្រុមប្រឹក្សាពាណិជ្ជកម្មបរទេសជប៉ុន JFTC និងលោក ISHIGURO Norihiko ប្រធានអង្គការ JETRO ព្រមទាំងជួបពិភាក្សាការងារជាមួយប្រធានក្រុមហ៊ុនវិនិយោគជប៉ុនធំៗមួយចំនួនទៀត ក្នុងគោលបំណងពង្រឹងទំនាក់ទំនងធុរកិច្ច និងជំរុញអ្នកវិនិយោគជប៉ុន ឱ្យទៅធ្វើធុរកិច្ចពាណិជ្ជកម្ម និងវិនិយោគនៅប្រទេសកម្ពុជា កាន់តែច្រើនឡើងថែមទៀត។